រាជធានីភ្នំពេញ ៖ ​បុរស​ដើរ​រើស​អេត​ចាយ​ម្នាក់​ដើរ​​ឆ្លង​ថ្នល់​​ត្រូវ​រថយន្ត​​១​គ្រឿង​​​ បុក​​ចំពី​មុខ​ពេញទំហឹង​​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ​​នៅ​នឹង​កន្លែង កាល​ពី​​វេលា​ម៉ោង​​៦​និង​១០​នាទី​​ព្រឹក​ថ្ងៃទី​១២ មីនា ២០១២ តាម​បណ្តោយ​ផ្លូវ​​២៧១ ភូមិ​ត្រពាំង​ឈូក ស​ង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

បើ​យោង​​តាម​ប្រភព​ព័ត៌​មាន​​ពី​កន្លែង​កើត​ហេតុ​​បាន ​ឱ្យ​ដឹងថា នៅ​មុន​ពេល​កើតហេតុ​​មាន​បុរស​ម្នាក់​​កំពុង​​ដើរ​រើស​អេត​ចាយ​តាម​ផ្លូវ ហើយ​បម្រុង​ដើរ​ឆ្លង​ថ្នល់​​ទៅ​រើស​អេត​ចាយ​នៅ​ផ្លូវ​ម្ខាង​ទៀត​ ស្រាប់តែ​​ត្រូវ​រថយន្ត​មួយ​គ្រឿង​​​មិន​ស្គាល់​​ម៉ាក បើក​ពី​ជើង​ទៅត្បូង​​​បុក​ចំពី​មុខ​ពេញទំហឹង​ ប​ណ្តាល​ឱ្យ​ដួល​បោក​ក្បាល​​ស្លាប់​ភ្លាមៗ។​​ ឯ​រថយន្ត​​​បង្ក​បើក​រត់​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ និង​មិន​រំខាន​ដល់​សមត្ថ​កិច្ច​ខណ្ឌ​សែន​សុខ​បន្តិច​​សោះ។

ប្រភពពីបង​ស្រី​រប​ស់​ជន​រង​គ្រោះ​​ឈ្មោះ​ថៃ ណាវី អាយុ​​៥១​ឆ្នាំ ​ស្នាក់​​​នៅ​ផ្ទះ​លេខ​១៧៦ ​ផ្លូវ​១៥៦ ក្រុម​១១ ភូមិ​៩​ សង្កាត់​​ទឹក​ល្អ​ក់​ទី​១ ខណ្ឌ​ទួលគោក ​បាន​ឱ្យ​ដឹង​ថា ប្អូន​​ប្រុស​​របស់​គាត់​​ដែល​​ត្រូវ​រថយន្ត​​បុក​ស្លាប់​​នេះ​​ឈ្មោះ​ថៃ សម្បត្តិ អាយុ​​៤៧​ឆ្នាំ ​ជាអ្នក​ដើរ​​រើស​អេត​​ចាយ​​ស្នាក់​នៅផ្ទះ​ជា​មួយ​គាត់ ។ ប្រភព​បាន​បន្ត​ថា ប្អូន​ប្រុស​​របស់​គាត់​នេះ​​ជា​មនុស្ស​​មិន​សូវ​គ្រប់​ទឹក​ទេ មួយ​ថ្ងៃៗ​​​វា​គិត​តែ​ដើរ​រើស​អេត​ចាយ​​តាម​ផ្លូវ លុះពេល​លក់​បាន​​លុយ​វា​​តែង​តែ​យក​ទៅទិញ​ស្រា​ផឹក​ ហើយ​ពេល​​ស្រវឹង​​តែង​តែ​​ដើរ​រក​រឿង​គេ​ឯង​ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]