តារា​ចម្រៀង​ធ្លាប់​សាង​កេរ្តិ៍​ឈ្មោះ​ល្បី​តាម​រយៈ​បទ “ទូរស័ព្ទ​ប្រាប់​ផង” លោក សាន ផានិត ពេល​នេះ​បាន​ចូល​គ្រប់គ្រង​ផលិតកម្មKHហើយ ​ក្រោយ​ពី​​បាត់​មុខ​មួយ​រយៈ​ធំ​​នៅ​ក្នុង​សង្វៀន​សិល្បៈ។

លោក សាន ផានិត បាន​ប្រាប់​ថា “ខ្ញុំ​បាន​ចូល​មក​គ្រប់គ្រង​ផលិតកម្មKH ជាង​ពីរ​សប្ដាហ៍​កន្លង​មក​ហើយ ដោយ​ខាង​ម្ចាស់​ផលិតកម្ម បាន​ទាក់ទង​ខ្ញុំ​ឲ្យ​ចូល​គ្រប់គ្រង ដើម្បី​ធ្វើ​យ៉ាង​ណា​ពង្រឹង​ផលិតកម្ម​ឲ្យ​ល្បី​ដូច​មុន​វិញ”។ លោក​ធ្លាប់​បាន​បង្កើត​ស្នាដៃ​មុន​គេ​ឲ្យ​ផលិតកម្មKH មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​សិល្បៈ ហើយ​ក៏​ជា​តារា​ចម្រៀង​បាន​បង្កើត​ចម្រៀងPopមុន​គេ​នៅ​ក្នុង​​ប្រទេស កម្ពុជា​ ក្នុង​ផលិតកម្ម​នេះ នា​​ឆ្នាំ ១៩៩៨ ហើយ​ការ​បង្កើត​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។
តារា​ដែល​ចូល​ចិត្ត​លេង​ស្ទិល​ម៉ូដ​សក់​រូប​នេះ​បាន​បន្ត​ទៀត​ថា​ លោក ចូល​មក​គ្រប់គ្រង​ផលិតកម្មKH ក្នុង​គោល​បំណង​ពង្រឹង​គុណភាព​ផលិតកម្ម​ទាំង​មូល​ឲ្យ​មាន​ជំហរ​ឡើងវិញ ទាំង​អ្នក​ចម្រៀង​ និង គុណភាព​បទ​ចម្រៀង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​ចម្រៀង​មាន​ដើម​កំណើត​មក​ពី​ខេត្ត​បាត់ដំបង​រូប​នេះ​បញ្ជាក់​ថា ​ការ​ចូល​មក​គ្រប់គ្រង​នេះ ​មិន​មាន​បំណង​ចង់​ប្រកួតប្រជែង​ជា​មួយ​ផលិតកម្ម​ណា​មួយ​ឡើង គឺ​គ្រាន់​មក​ជួយ​ពង្រឹង​ផលិតកម្ម​ឡើង​វិញ ដោយ​សារ​តែ​បច្ចុប្បន្ន​ផលិតកម្ម​មិន​សូវ​មាន​ការ​គាំទ្រ​ពី​ទស្សនិកជន ម្យ៉ាង​ទៀត​បទ​ចម្រៀង​ក៏​មិន​អាច​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​បាន។

លោក សាន ផានិត មាន​ជំនឿ​ថា​ ការ​មក​គ្រប់គ្រង​ផលិតកម្ម​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន​ឡើង​វិញ ដោយ​លោក​មាន​គោលការណ៍​ថ្មី​ផ្ដោត​ទៅ​លើ​អ្នក​ចម្រៀង និង​គុណភាព​បទ​ច្រៀង។

តារា​ចម្រៀង​មាន​វ័យ​៣៩ឆ្នាំ​រូប​នេះ​ បាន​ប្រាប់​ទៀត​ថា ពេល​នេះ​លោក​កំពុង​ជ្រើសរើស​តារា​ចម្រៀង​ថ្មី​៦​រូប​ថែម​ត​ទៀត ដើម្បី​មក​ពង្រឹង​ផលិតកម្ម។ ម្យ៉ាង​ទៀត​ពេល​នេះ​លោក កំពុង​និពន្ធ​បទ​ចម្រៀង​បាន​ខ្លះៗ ដើម្បី​ដាក់​ឲ្យ​តារា​ចម្រៀង​ថ្មី​ច្រៀង។

បើ​ទោះ​ជា​ក្លាយ​ទៅ​ជា​អ្នក​គ្រប់គ្រង​នៅ​ក្នុង​ផលិតកម្ម​KH យ៉ាង​ណា​ក៏​ដោយ សាន ផានិត បញ្ជាក់​ថា​លោក​នៅ​តែ​ច្រៀង​ដដែល​មិន​បាន​បោះ​បង់​អាជីព​ជា​អ្នក​ចម្រៀង​ចោល​ឡើយ។ លោក​​ថា “ប្រសិន​ណា​បើ​មាន​ពេល ​ខ្ញុំ​អាច​ចេញ​មួយ​ទៅ​ពីរ​បទ​ជា​មួយ​តារា​ចម្រៀង​ឯទៀត​ក្នុង​ផលិតកម្ម ដើម្បី​ធ្វើ​ឲ្យ​ផលិតកម្ម​កាន់តែ​​ទទួល​បាន​ការ​គាំទ្រ​បន្ថែម​ទៀត។ ខ្ញុំ​គិត​ថា​បទ​ចម្រៀង​ដែល​ខ្ញុំ​បាន​និពន្ធ​រួចរាល់ និង​ត្រៀម​ចេញ​នេះ​នឹង​អាច​ទាក់ទាញ​ការ​គាំទ្រ​បាន​ច្រើន”។

លោក គីម ហេង ចាងហ្វាង​ផលិតកម្មKH បាន​ឲ្យ​ដឹង​ថា លោកពិត​ជា​បាន​ប្រគល់​សិទ្ធិ​ឲ្យ សាន ផានិត​ ធ្វើ​ជា​អ្នក​គ្រប់គ្រង​ទូទៅ​នៅ​ក្នុង​ផលិតកម្ម​KH ពិត​ប្រាកដ​មែន។

ចាងហ្វាង​ផលិតកម្ម​រូប​នេះ​បន្ត​ថា “មូល​ហេតុ​ដែល​ខ្ញុំ​សម្រេចចិត្ត​ជ្រើសរើស​យក សាន ផានិត មក​គ្រប់គ្រង​ផលិតកម្ម ដោយសារ​ខ្ញុំ​មានកិច្ច​ការ​រវល់​ច្រើន។ ម្យ៉ាង​ទៀត​ខ្ញុំ​គិត​ថា គេ​ជា​តារា​​ចម្រៀង​ម្នាក់​ធ្លាប់​ទទួល​បាន​ជោគជ័យ​ខ្លាំង​កាល​ពី​អតីតកាល ហើយ​ក៏​ធ្លាប់​មាន​បទ​ពិសោធន៍​ខាង​គ្រប់គ្រង​ផលិតកម្ម​ទៀត”។ លោក​បាន​បន្ថែម​ថា ​ផលិតកម្ម​របស់​លោក​នឹង​សាង​កេរ្តិ៍ឈ្មោះ​នៅ​ក្នុង​ពិភព​សិល្បៈ​បាន​ឡើង​វិញ ពេល​មាន​អ្នក​គ្រប់គ្រង​ថ្មី​ ដែល​មាន​សមត្ថភាព និង​បទ​ពិសោធន៍​ច្រើន​នៅ​ក្នុង​សិល្បៈ។

សាន ផានិត បាន​ចុះ​កុងត្រា​មួយ​ឆ្នាំ ជា​មួយ​ផលិតកម្មKH ក្នុង​ការ​ដឹង​នាំ​ផលិតកម្ម ទាំង​ការ​គ្រប់គ្រង​តារា​ថ្មីៗ និង​ការ​និពន្ធ​បទ​ចម្រៀង ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ផលិតកម្ម​ទាំង​មូល​រលូន​ទៅ​មុខ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចាងហ្វាង​រូប​នេះ​បញ្ជាក់​ថា ចំពោះ​ការ​ចូល​មក​គ្រប់គ្រង​របស់ សាន ផានិត លោក​មិន​បាន​បិទ​សិទ្ធិ​មិន​ឲ្យ​ច្រៀង​នោះ​ទេ គឺ​នៅ​តែ​ឲ្យ​បន្ត​ច្រៀង​ដដែល​គ្រាន់តែ​មិន​ច្រើន។ “សាន ផានិត ចូល​មក​KH នេះ គឺ​៩០​ភាគរយ​ធ្វើ​ជា​អ្នក​គ្រប់គ្រង​ទៅ​លើ​តួ​ថ្មី​ ទាំង​ការ​ដឹក​នាំ​សម្ដែង ការ​និពន្ធ និង​សកម្មភាព​ផ្សេង​ទៀត ហើយ​១០​ភាគរយ​គឺ​អាច​ច្រៀង​ជា​មួយ​នឹង​តារា​ថ្មី​នានា​បាន”។

សាន ផានិត ធ្លាប់​​​ចាប់​ដៃ​ជា​មួយ​​ផលិតកម្ម​KH រយៈ​ពេល​៣​ឆ្នាំ ពោល​គឺ​កំឡុង​ឆ្នាំ ១៩៩៨-២០០១ ដោយ​បាន​បង្កើត​ស្នាដៃ​ជា​ច្រើន​​ធ្វើ​ឲ្យ​ផលិតកម្ម​ទទួល​បាន​ការ​គាំទ្រ​​ពី​ទស្សនិកជន ក៏​ដូច​ជា​មិត្ត​យុវវ័យ។ ក្រៅ​ពី​ចូល​មក​គ្រប់គ្រង​នៅ​KH លោក​ក៏​មាន​ការងារ​គ្រប់គ្រង​មួយ​ទៀត​នៅ​ក្នុង​ក្លិប ៣៣៣ នៅ​ខេត្តព្រះសីហនុ។ លោក សាន ផានិត ក៏​ត្រៀម​ចេញ​អាល់ប៊ុម​ពិសេស​របស់​ខ្លួន​មួយ​ទៀត​គឺ អាល់ប៊ុម​ជា​ភាសា​អង់គ្លេស ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ៕

ដកស្រង់ពីគេហរទំព័រ សប្បាយ

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]