ភ្នំពេញ ៖ ក្នុងរយៈពេលថ្មីៗនេះ ជាពិសេស ក្រោយពេលចប់ កិច្ចប្រជុំកំពូល អាស៊ាននៅ រាជធានី ភ្នំពេញ រួចមក សកម្មភាពក្រុមចោរ ប្លន់ប្រដាប់អាវុធ ហាក់បីដូចជា កក្រើកឡើង វិញ បន្ទាប់ពីបាន ស្ងប់ស្ងាត់ អស់មួយរយៈធំ ដោយក្រុមចោរទាំងនេះ បានប្រើរូបភាពបាញ់ ប្រហារទៅលើជនរងគ្រោះ បើសិនរារាំងនិង មិនព្រម ឱ្យទ្រព្យសម្បត្ដិ ទៅឱ្យពួកវានោះ។ ប៉ុន្ដែករណីប្លន់ខ្លះ មុខសញ្ញាឬជនដៃដល់ ត្រូវបានកម្លាំង សមត្ថកិច្ច របស់រាជធានីភ្នំ ពេញទាំងនគរបាលនិងអាវុធ ធ្វើការបង្ក្រាប បាននិងកំពុងចាត់វិធានការ តាមជំនាញរបស់ ខ្លួនស្រាវជ្រាវស្វែងរកតាមចាប់បក្ខពួកដែល នៅសេសសល់ និងបក្ខពួកថ្មីៗ ដែល ចេញធ្វើ សកម្មភាព។

បន្ទាប់ពីមានករណីបាញ់ប្លន់ និងភ្ជង់យក ម៉ូតូប៉ុន្មានករណីរួចមក ដូចជានៅសង្កាត់ស្ទឹង មានជ័យ ខណ្ឌ មានជ័យ នៅក្បែរវត្ដនាគវ័ន ខណ្ឌទួលគោក ស្រាប់តែនៅ យប់ថ្ងៃទី២៥ និងឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងទឹកដីខណ្ឌចំការមន មានករណីភ្ជង់ ប្លន់យកទ្រព្យសម្បត្ដិនិងបាញ់ប្រហារចំនួន១ គ្រាប់ បណ្ដាល ឱ្យជនបរទេសម្នាក់រងរបួស ធ្ងន់។

ករណីទី១ បានកើតឡើងកាលពីវេលា ម៉ោងប្រហែល១០យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅហាង KOMBU Cafe & Bar តាមបណ្ដោយផ្លូវលេខ៣១០ កែងផ្លូវ លេខ៥៧ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌ ចំការមន ដែលបានកើតឡើងបន្ទាប់ពីមាន ជនសង្ស័យពីរនាក់ ប្រដាប់ដោយអាវុធខ្លីបាន ចូលទៅភ្ជង់ ហើយប្លន់យក កាបូបលុយរបស់ ថៅកែហាងទាំងពីរនាក់ប្ដីប្រពន្ធ រួចគេចខ្លួន ដោយសុវត្ថិភាព ។

យោង តាមប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឱ្យដឹងថា ខណៈដែលពីរនាក់ប្ដីប្រ ពន្ធជា ថៅកែហាង ខាងលើកំពុងអង្គុយលេង នៅមុខហាងរបស់ខ្លួន ពេលនោះ មានជន សង្ស័យពីរនាក់ជិះម៉ូតូមួយគ្រឿង ប៉ុន្ដែមាន ម៉ូតូមួយគ្រឿងទៀតឈប់ពីក្រោយ ដើម្បី បិទគូទ រួចហើយពួកវា ដែលប្រដាប់ដោយ កាំភ្លើង ខ្លីនៅក្នុងដៃបាន ភ្ជង់ទៅលើម្ចាស់ហាង យកកាបូបលុយ រួចជិះម៉ូតូគេចខ្លួនដោយ សុវត្ថិភាព ប៉ុន្ដែករណី ភ្ជង់ប្លន់យកកាបូបលុយ ខាងលើនេះ មិនបណ្ដាលឱ្យជនរងគ្រោះជា ថៅកែហាងរងរបួសនោះឡើយ ដោយសារ តែពួកគេមិនបានបាញ់ ។

ទាក់ទិនករណីភ្ជង់ប្លន់ខាងលើនេះ មន្ដ្រី នគរបាលមួយរូប បានថ្លែងឱ្យដឹងថា ពិតជា មានករណីនេះមែន ហើយជនរងគ្រោះបាន ប្រាប់សមត្ថកិច្ចពួកគេ ត្រូវបាន ក្រុមចោរប្លន់ យកទៅនោះ អស់ប្រហែល ១០០ដុល្លារនិង ឯកសារមួយចំនួនទៀត ។

យ៉ាងណាក៏ដោយ មន្ដ្រីនគរបាលរូបនេះ បានបញ្ជាក់ថា ក្រោយពីមានករណីខាងលើ កើតឡើង កម្លាំង សមត្ថកិច្ចជំនាញនៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមាន ការចូលរួមសហការ ពីកម្លាំង សមត្ថកិច្ចផ្សេង ទៀត បាននឹងកំពុងបើកការស៊ើបអង្កេត យ៉ាងយកចិត្ដទុកដាក់ ដើម្បីតាមចាប់ក្រុម ចោរប្លន់ទាំងនេះ ។

បន្ទាប់ពីមានករណីនេះកើតឡើង យោង តាមសេចក្ដីរាយការណ៍មួយផ្សេងទៀតបាន ឱ្យដឹងថា បុរសជន ជាតិរុស្សីម្នាក់បានរងរបួស ធ្ងន់ ដោយសារតែមានខ្មាន់ កាំភ្លើងប្រហែល ៦នាក់ ជិះម៉ូតូចំនួន៣គ្រឿង មកបាញ់ប្រហារ ចំនួន១គ្រាប់ ខណៈដែលជនរងគ្រោះនិងស្ដ្រី ពីរនាក់ទៀតជាជនជាតិរុស្សីដូចគ្នា បានជិះ រថយន្ដ មួយគ្រឿងម៉ាកហាយឡែនឌ័រ មក ពីហូបអី ហើយពេលមកដល់មុខខុនដូ លេខ ៣E0 ស្ថិតនៅ តាម បណ្ដោយផ្លូវលេខ៨៣០ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ជួប ហេតុការណ៍នេះតែម្ដង ។

ប្រភពព័ត៌មានពីស្ដ្រីជនជាតិរុស្សី តាម រយៈអ្នកចេះភាសារុស្សី ដែលបានសួរទៅលើ ពួកគេថ្លែងថា បុរស រងគ្រោះមានអាយុ៣០ ឆ្នាំ ឈ្មោះKOS PEN KOK OMSPAN TIN ហើយពួកគេទាំង ៣នាក់ បានមក លេង ប្រទេសកម្ពុជា ដោយជួលអគារខុនដូ ស្នាក់ នៅ ហើយពេលដែលមកពីហូបអីក៏ជួប ហេតុ នេះតែ ម្ដង ប៉ុន្ដែសម្រាប់ ការបាញ់ប្រហារទៅ លើបុរសជនជាតិរុស្សី គេមិនទាន់ដឹងថា ជា  ករណីប្លន់ឬជា ករណីផ្សេងនោះទេ ដោយសារ តែក្រោយហេតុការណ៍ជនរងគ្រោះមិនបាន បាត់បង់ទ្រព្យសម្បត្ដិឡើយ ។

មន្ដ្រីនគរបាលមួយរូប បានបញ្ជាក់ថា ចំពោះករណីបាញ់បុរសជនជាតិរុស្សីខាងលើ នេះ កម្លាំង សមត្ថកិច្ច ជំនាញ មានការលំបាក បន្ដិច ដោយសារតែមិន អាចសួរ នាំស្ដ្រីជន ជាតិរុស្សីនិងបុរសដែលរងគ្រោះ ស្ថិត នៅក្នុង ការជួយសង្គ្រោះ ដោយសារតែមិនចេះភាសា រុស្សី នៅពេលកើតហេតុភ្លាមៗនោះ ប៉ុន្ដែ សមត្ថកិច្ច  និងបន្ដសួរនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ដើម្បីដឹងរឿងហេតុពិតប្រាកដ។

សកម្មភាពប្លន់ ប្រដាប់អាវុធនៅក្នុងរាជ ធានីភ្នំពេញ រយៈពេលថ្មីៗនេះ គេសង្កេត ឃើញថា ខណ្ឌចំការមន មានករណីច្រើន ជាងគេ ដូចជាករណីប្លន់យក លុយជាង៣០០ ដុល្លារ និងទូរស័ព្ទស៊េរីទំនើបមួយគ្រឿង ករណីប្លន់ នៅជិតវិទ្យាល័យ ផ្សារដើមថ្កូវ និងករណីប្លន់ម៉ូតូស្កុបពី របស់គូសង្សារជា  ដើម។

យ៉ាងណាក៏ដោយមុខ សញ្ញាប្លន់ដែលផ្ដើម ចេញភាគច្រើនពីបញ្ហា គ្រឿងញៀននោះ ត្រូវ បានកម្លាំង សមត្ថកិច្ចតាមស្រាវជ្រាវ និង បង្ក្រាបបានមុខសញ្ញា ពាក់ព័ន្ធមួយចំនួន ជាក់ ស្ដែង កាលពីថ្ងៃទី២៥ ខែ វិច្ឆិកា កម្លាំងអាវុធ ហត្ថរាជធានីភ្នំពេញ បានបង្ហាញ មុខជន សង្ស័យចំនួន៤៣នាក់ ក្នុង នោះស្ដ្រី ១៣នាក់ ដែលជាប់ព័ន្ធនិង សកម្មភាពចែកចាយនិង ប្រើប្រាស់គ្រឿងញៀន នៅក្នុងផ្ទះសំណាក់ ហ្គោលហៅស៍២ ទល់មុខមន្ទីរពេទ្យរុស្សី។

-ទុកម៉ូតូចោល ចូលទៅទិញថ្នាំ ចេញមក វិញ ចោរកំពុងកាច់ក ស្រែកឱ្យគេជួយ

ស្ដ្រីម្នាក់បាន ស្រែកឆោឡោ នៅពេល ដែលឃើញជនសង្ស័យម្នាក់ កំពុងកាច់ក ម៉ូតូរបស់ខ្លួន ដោយ ចតនៅមុខផ្ទះលក់ថ្នាំ ពេទ្យយីហោពន្លឺច័ន្ទ ស្ថិតនៅតាម បណ្ដោយ ផ្លូវលេខ២៣៦ ភូមិ១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បន្ទាប់ពីជនរងគ្រោះបានចត ម៉ូតូចោល ហើយចូលទៅទិញថ្នាំ កាលពី វេលាម៉ោង៩ថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១២។ ប៉ុន្ដែជនសង្ស័យ ដែលធ្វើសកម្មភាពកាច់ក ម៉ូតូនៅតាមទីសាធារណនោះ ត្រូវបានកម្លាំង សមត្ថកិច្ចប៉ុស្ដិ៍ផ្សារថ្មីទី៣ ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីការស្រែក ឆោឡោរបស់ជនរង គ្រោះនិងប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ ។

យោងតាម ប្រភពព័ត៌មាន ពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះឈ្មោះរុន ជបភីតា អាយុ២៦ឆ្នាំ មុខរបរលក់ដូរស្នាក់ នៅផ្ទះលេខ៥E0 ផ្លូវលេខ១៣៤ សង្កាត់ មនោរម្យ ខណ្ឌ៧មករា បានជិះម៉ូតូរបស់ខ្លួន ម៉ាកហ្វីណូ ពណ៌ប៉ៃតង ពាក់ស្លាកលេខភ្នំពេញ  1AE-3398 រួចចតនៅមុខហាងលក់ថ្នាំពន្លឺ ច័ន្ទ ហើយ ពេល ចេញមកវិញ ក៏ឃើញជន សង្ស័យម្នាក់ កំពុងកាច់កម៉ូតូក៏ស្រែកឆោ ឡោហើយសមត្ថកិច្ច នៅក្បែរ នោះ ក៏ចេញ មកឃាត់ខ្លួនតែម្ដង ។

សមត្ថកិច្ចបានបន្ដថា ជនសង្ស័យរូបនេះ ឈ្មោះពូន រ៉ាត់វិចិត្រ អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ ហើយ បច្ចុប្បន្ន ត្រូវបានឃុំខ្លួន ជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ  ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅតុលាការ ៕

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]