ជាការពិតណាស់ សង្គមបច្ចុប្បន្ន ត្រូវបានមនុស្សរាល់គ្នាលែងប្រកាន់ទៅហើយរឿងស្នេហា មិនថាវណ្ណៈ គ្រួសារ មានក្រ ឬអាយុ ចាស់ក្មេងឡើយ ហើយក៏មានអ្នកខ្លះ តែងរម្លឹកខ្លួនឯងថា អាយុគ្រាន់តែជាតួលេខតែប៉ុណ្ណោះ សំខាន់ភាពចុះសម្រុងនៃគូស្នេហ៍ ដែលខ្លួនបង្កើតឡើងតែប៉ុណ្ណោះ  ។

ជាក់ស្ដែង ចំណង់ចំណូលមនុស្សស្រី រមែងមាន ជម្រើសស្វែងរកដៃគូ ផ្សេងៗគ្នា ទៅតាមស្ថានភាពដែលម្នាក់ៗបានជួបប្រទះមនុស្សស្រីខ្លះ សុខចិត្តជ្រើសយក អ្នកដែលមានវ័យដូចគ្នា ព្រោះគិតថាសាកសម ឯខ្លះទៀត ខ្លួនក្មេង តែបែរជាមក លង់ស្នេហ៍នឹងបុរសវ័យចំណាស់ ចាស់ជាងខ្លួនច្រើនឆ្នាំទៅវិញ ។

ទាំងនេះ ក៏ព្រោះតែបុរសវ័យចំណាស់ ទាំងនោះ អាចធ្វើតាមរបៀបដែលធ្វើឱ្យនាងពេញចិត្ត  ពួកគេមានចិត្ដអត់ធ្មត់ ការគោរពមិនធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់នាងមិនបង្ខំឱ្យនាង ហើយចេះសម្របខ្លួនតាមនាង ជាដើម ។ ជម្រើសដែលលង់ស្រលាញ់ប្ដីចាស់ មិនមែនសុទ្ធតែសម្លឹងឃើញទ្រព្យសម្បត្តិ គាត់នោះទេ ក្នុងនោះ ក៏មានហេតុផលសំខាន់ៗ ផ្សេងទៀត ដែលធ្វើឲ្យនាងសម្រេចចិត្ត ជ្រើសរើសបុរសដែលមានវ័យចាស់ៗ ជាដៃគូជំនួសឱ្យបុរសវ័យក្មេងដែរ។

ខាងក្រោមនេះ ជាចំណុចដ៏រសើបដែលធ្វើឲ្យនារីវ័យក្មេង​មួយចំនួន ស្រលាញ់ ស្វាមីមានអាយុច្រើន ជាងខ្លួន ខ្លាំងដល់ថ្នាក់ដកចិត្តមិនរួច៖

១.បុរសចាស់ មានបទពិសោធន៍ខ្ពស់

មនុស្សប្រុស ដែលមានវ័យកាន់តែចាស់ តែងត្រូវបាន គេប្រៀបដូចជាស្រា ពោលកាន់តែចាស់ កាន់តែទទួលបានរសជាតិប្រសើរឡើង ជាមួយនឹងអាយុកាល ជាពិសេស បទពិសោធន៍ របស់ពួកគេក្នុងជីវិត មិនថាការងារនិងទំនាក់ទំនងមុនៗនោះទេ ហើយបទពិសោធន៍ទាំងនោះ បានបង្រៀនពួកគេនូវមេរៀនជីវិតជាច្រើន ជាហេតុធ្វើឱ្យបុរសដែលមានវ័យចំណាស់ទាំងនោះ មានភាពប្រសើរឡើងជាងមុន នឹងធ្វើឲ្យ គេកាន់តែមានភាពចាស់ទុំ ។ 

ដូច្នេះពួកគេ មានការយល់ដឹងច្រើន ក្នុងទំនាក់ទំនង ស្នេហា ជាមួយដៃគូរបស់ពួកគេ។ ជាងនោះទៅទៀត បុរសដែលមាន វ័យចំណាស់ តែងមានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការអនុវត្តខ្លួនឯងយ៉ាងល្អ នៅក្នុងសង្គមសាធារណៈ ថែមទាំងយល់ដឹងពីរឿងជាច្រើន អំពីវប្បធម៌ផ្សេងទៀតផង ហើយនេះ ជាហេតុផលមួយក្នុងចំណោម ហេតុផលជាច្រើន ដែលនារីវ័យក្មេង បានបាក់ចិត្ត លង់ស្រលាញ់ បុរសវ័យចំណាស់ជាជាង បុរសវ័យក្មេង ។ 

រូបតំណាង

២. បុរសចាស់ៗតែងតែមាន ហេតុផល

ភាពរកាំរកូសក្នុងគ្រួសារ តែងកើតឡើងក្រោយពីភាគី ពាក់ព័ន្ធ មិនយល់ពីគ្នា ឬគ្មានហេតុផល។ ក្នុងនោះ ស្ត្រីជាច្រើនកំពុង ស្វែងរក បុរសដែលមានសមត្ថភាពខ្ពស់ ក្នុងការទទួលយកហេតុផលពីនាង រឹតតែមិនមែនជាបុគ្គល ដែលបន្ថែមបន្ទុក ក្នុងការរស់នៅនោះទេ។ 

មួយវិញទៀត ពួកគេ អាចនឹងជាមនុស្សមាន ហេតុផល សមស្រប  តែងតែស្ដាប់ហេតុផល របស់ដៃគូ។ ក្នុងនោះបើ ដៃគូមានកំហុស គាត់អាចមានដំបូន្មានល្អច្រើន ជាជាងការស្ដីបន្ទោស ទាំងនេះជាចំណុចពិសេស ដែលបុរសវ័យក្មេង មិនមាន។

៣. បុរសវ័យចំណាស់ ពេញចិត្តក្នុងការដោះស្រាយ 

ប្រាកដណាស់ បុរសវ័យចំណាស់ ពិតជាពេញចិត្តក្នុងការដោះស្រាយ គ្រប់រឿងរ៉ាវ បញ្ហា ដែលកើតឡើងក្នុងរង្វង់គ្រួសារ ហើយថែមទាំងមាន គំនិតជាច្រើន ក្នុងការកែលម្អស្ថានភាព តានតឹងដែលមាន  ហើយបើតាមទស្សនៈរបស់អ្នកជំនាញ បុរសចាស់ៗពិតជាមាន បទពិសោធន៍ខ្ពស់ណាស់ ជាពិសេសអាចដឹងពីអ្វីដែល ស្ត្រីចង់បាន និងអ្វីដែលធ្វើឲ្យស្ត្រីសប្បាយចិត្ត។ 

ពួកគេអាចមានលទ្ធភាព គ្រប់គ្រងភាពតានតឹងខាងផ្លូវចិត្តរបស់ដៃគូ ជាពិសេសកាន់តែមានទំនួលខុសត្រូវក្នុងជីវិតរស់នៅ ហើយ បុរសដែលមានវ័យចំណាស់ ពិតជាពូកែ ងាយនឹងយល់ពីតម្រូវការរបស់ដៃគូរបស់ខ្លាំងណាស់ ហើយមានចិត្ដទូលាយជាមួយអ្នកដែលខ្លួនស្រលាញ់ទៀតផង។ ពួកគេ ក៏មានមនោសញ្ចេតនាខ្ពស់មិនធម្មតាដែរ មានគំនិតកំប្លុកកំប្លែង ជាងបុរសវ័យក្មេង ដែលនេះជាចំណុចពិសេស ដែលនារីៗចង់បាន។   

រូបតំណាង

៤. បុរសចាស់ៗ ឲ្យតម្លៃលើទំនាក់ទំនងស្នេហា

បុរសដែលមានភាពចាស់ទុំច្រើន តែងតែព្យាយាម ស្វែងរកទំនាក់ទំនងដែលមានជារៀងរហូត និង អាចធ្វើឲ្យ ជីវិតរបស់ពួកគេមានលំនឹង ដើម្បីត្រៀមខ្លួនសម្រាប់ការប្តេជ្ញាចិត្ត ដើម្បីបង្កើតគ្រួសារ ខុសពីបុរសវ័យក្មេង នៅតែស្ថិតក្នុងដំណាក់កាលលេងសើច មិនច្បាស់លាស់ ជាពិសេស ពួកគេនៅតែជាយុវវ័យ ដែល ចូលចិត្តស្វែងយល់អ្វីដែលថ្មី ប្លែក រឹតតែ មិនងាយមានចំណងស្នេហា រឹងមាំដូចបុរស មានវ័យច្រើនទាំងនោះឡើយ។ 

ដូច្នេះ ប្រសិនបើក្មេងស្រីមានអារម្មណ៍ថានាងត្រៀមខ្លួនរួចហើយ ដើម្បីចងចំណងស្នេហានិងចង់ចាប់ផ្តើមមានគ្រួសារ ការជ្រើសរើស យកបុរសវ័យក្មេងម្នាក់ មិនមែនជាមនុស្សត្រឹមត្រូវសម្រាប់នាងនោះទេ។

៥. បុរសចាស់ៗមិនធ្វើឲ្យអ្នកហត់ចិត្ត សូម្បីការជ្រើសទីតាំងទទួលទានអាហារ

នៅពេលនិយាយអំពីរឿងល្អៗ ក្នុងជីវិតដូចជា ការធ្វើដំណើរនិងសម្លៀកបំពាក់ បុរសចាស់ៗមានគំនិតច្រើនជាងបុរសវ័យក្មេង។ ទី១ ពួកគេអាចលៃលក ហើយទី២ ពួកគេពូកែស្មានដឹងពី របស់ដែលមានគុណភាពល្អជាង។

ឧទាហរណ៍ ពេលចេញក្រៅដើរម្ដងៗ អ្នកមិនហត់ នឹងជ្រើស ម្ហូបអាហារនិងភេសជ្ជៈ ឬទីកន្លែង កម្សាន្តឡើយ ផ្ទុយទៅវិញ បុរសដែលមានវ័យចំណាស់ទាំងនោះទេ ជាអ្នកដែលដឹងពីទីតាំង ណាដែលមានតំលៃសមរម្យ មានគុណភាព ជាមួយនឹងសេវាកម្មល្អប្រសើរ ជាហេតុធ្វើឲ្យមនុស្សស្រី មិនហត់ចិត្ត នៅពេលធ្វើដំណើរកម្សាន្តជាមួយគេឡើយ។ ទោះបីនេះជាជារឿងតូចតាច ក៏ពិតមែន ប៉ុន្តែនេះជាចំណុចមួយ ដែលមនុស្សស្រី ចាប់អារម្មណ៍ខ្លាំង ហើយបុរសវ័យក្មេង មួយចំនួន តែងមើលរំលង តែម្ដង។

រូបតំណាង

៦. បុរសវ័យចំណាស់ យកចិត្តទុកដាក់សុខភាពខ្លួន

ផលប្រយោជន៍ ដែលនារីវ័យក្មេងជ្រើសរើស យកបុរសដែលមានវ័យចំណាស់ ព្រោះនាងអាចយល់ថា ពួកគេដឹងពីកម្រិតនៃសុខភាព របស់ពួកគេ ម្យ៉ាងទៀតបុរសទាំងនោះអាចដោះស្រាយបញ្ហាផ្ទាល់ខ្លួនបាន ដែលនេះជា ករណីធ្វើឲ្យនារីវ័យក្មេង សប្បាយចិត្ត នឹងរស់នៅជាមួយគាត់ ។

បុរសចាស់ៗពិតជាយកចិត្តទុកដាក់ ក្នុង ថែរក្សាសុខភាព មិនថា របៀប រស់នៅ សកម្ម ក្នុងឬក្រៅការិយាល័យនោះទេ ពួកគេអាចជ្រើសការលេងកីឡា ដើម្បីរក្សា សុខភាព ដែលផ្ទុយពីបុរសដែលមាន វ័យក្មេង តែងយកការផឹកស៊ី ជួបជុំមិត្តភក្តិ ជាត្រីមុខ។

៧. បុរសវ័យចំណាស់មានភាពអត់ធ្មត់ច្រើន

បុរសវ័យចំណាស់ មានទំនៀមទម្លាប់ រឿងរ៉ាវនិងបទពិសោធន៍ជីវិតជាច្រើន ដែលធ្វើឲ្យ ពួកគេ គេក្លាយជាអ្នកដែលមានអំណត់ខ្ពស់ ក្នុងនោះ បទពិសោធន៍របស់ពួកគេ កាន់តែមានប្រសើរឡើងរវាង ភាពជោគជ័យនិងភាពបរាជ័យអមនឹងការ អត់ធ្មត់ ការយកចិត្តទុកដាក់ ចំពោះទំនាក់ទំនងការងារជាដើម។ 

ដូចគ្នា នេះផងដែរ បុរសវ័យចំណាស់ បានយល់ពីសិល្បៈនៃការរស់នៅនិងស្នេហា ការស្ទាបស្ទង់ផ្លូវបញ្ហាប្ដីប្រពន្ធ ហើយកាលពីអតីតកាល របស់ពួកគេបានបង្រៀន នូវអ្វីដែលពួកគេត្រូវការ ដើម្បីដឹងអំពីរបៀបដែលគួរផ្គាប់ចិត្តស្ត្រីដែលខ្លួនស្រលាញ់ ។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យនារីមួយចំនួន បាក់ចិត្តស្រលាញ់ប្រុសៗដែលមានវ័យចាស់ជាងខ្លួនច្រើនឆ្នាំ បែបនេះ។

រូបតំណាង

៨. បុរសដែលមានវ័យចំណាស់ មានការងារល្អ និងជារៀងរហូត

ស្រីៗយើង តែងតែបានកត់សម្គាល់បុរស ដែលមានគុណភាពខ្ពស់តែងតែមានអាយុគ្រប់គ្រាន់ដើម្បីក្លាយជាឪពុកល្អ ប្ដីល្អ ជាពិសេសត្រូវតែមានការងារ ល្អ និងច្បាស់លាស់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។

ប៉ុន្តែ មុខងារនិងតួនាទីល្អៗ បែបនេះ ច្រើនមានតែ បុរសដែលមានវ័យចំណាស់ តែប៉ុណ្ណោះ ដោយសារគាត់មាន ជំនាញពិតប្រាកដ ក្នុងការងារ មុខងារ ដែលខ្លួនធ្វើ ព្រោះតែបទពិសោធន៍ ដែលមានជាច្រើនឆ្នាំ ជាហេតុធ្វើឲ្យ គាត់ មានលទ្ធភាពនាំមកនូវថវិកា ជូនគ្រួសារបាន យ៉ាងល្អប្រសើរ។ លើសពីនេះទៅទៀតបុរសវ័យចំណាស់ តែងតែមានការងារយូរអង្វែង ផ្ទុយពីបុរសវ័យក្មេងមួយចំនួន មិនទាន់រកការងារធ្វើ ហើយរស់នៅក្រោមការគ្រប់គ្រងរបស់ ឪពុកម្តាយ ទាំងនេះហើយជាការលំបាក សម្រាប់ស្ត្រីមួយចំនួន នៅពេលរៀបការរួច។

៩. បុរសដែលមានវ័យចំណាស់ មានពេលវេលាផ្ទាល់ខ្លួន សម្រាប់ដៃគូ

ស្ត្រីដែលរៀបការរួច តែងមានការភ័យខ្លាចរឿងមួយ នោះស្វាមីមិនមានពេលវេលាឲ្យនាង គ្រប់គ្រាន់ នេះហើយជាមូលហេតុដែលពួកគេ នៅមានការបារម្ភ ជាខ្លាំង ខណៈដែលប្ដីក្មេង តែងមានកម្មវិធីជួបជុំ មិត្តភក្តិ ជាជាងចំណាយពេលជាមួយ ប្រពន្ធកូន ផ្ទុយស្រឡះ ពីបុរសដែលមានវ័យចំណាស់ បែរជាមានពេលវេលាផ្ទាល់ខ្លួន សម្រាប់ដៃគូ ក៏ដូចជាប្រពន្ធ កូន ព្រោះគាត់ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្រលាញ់គ្រួសារ និងផ្តល់ឱ្យពួកគេនូវអ្វីដែលពួកគេត្រូវការ។ ហើយវាជាការពិតណាស់ ដែលគ្មាននារីណាម្នាក់ចូលចិត្ត បុរសដែលគ្មានពេលសម្រាប់នាង សោះនោះទេ។ 

រូបតំណាង

១០. បុរសវ័យចំណាស់ មិនសម្លឹងរកការឈ្នះចាញ់ពីដៃគូទេ

បុរសវ័យចំណាស់មានទំនោរនឹង ឱ្យតម្លៃលើទំនាក់ទំនងច្រើនជាងការគិតមានចិត្តចង់ឈ្នះចាញ់ ជាមួយមនុស្សខ្លួនស្រលាញ់ ជាពិសេសគឺស្ត្រី។ ដូចនេះនៅពេលណាដែលមានជម្លោះរវាងគាត់និងដៃគូស្នេហា គាត់តែព្យាយាម រកការសម្របសម្រួល ជាជាងឱ្យមានជម្លោះ ព្រោះគ្រប់យ៉ាងអាចប្រែស្ថានភាព ទៅជាអាក្រក់បានយ៉ាងឆាប់រហ័យ បើគាត់មានះចង់ឈ្នះដូចគ្នានោះ។ 

មិនបាច់ប្រាប់ ក៏មនុស្សស្រីជាច្រើន បានដឹងពីអារម្មណ៍ខ្លួន ច្បាស់ណាស់ថា រាល់ពេលមានការទាស់ទែងពាក្យសម្ដីជាមួយ ដៃគូ ចង់មិនចង់ ខ្លួនឯងផ្ទាល់ពិតជាមិនចង់ចាញ់ ឬត្រូវគេចោទប្រកាន់ថា ខ្លួនខុសនោះទេ មិនខុសពីបុរសដែលមានវ័យក្មេង រមែងចង់បង្ហាញភាពខ្លាំង ថាគ្រប់យ៉ាងគឺគេមិនបានខុសទាំងស្រុង ស្រួលមិនស្រួល អាចមានការប្រើហិង្សាក៏ថា បានបើសិន ក្នុងករណីនិយាយគ្នាលែងស្ដាប់។

១១. បុរសវ័យចំណាស់មានភាពឆ្លាត

មានពាក្យពេចន៍ដ៏ពេញនិយមមួយ ដែលតែងត្រូវប្រើជាប្រចាំថា «អាយុជាប្រាជ្ញាដ៏អស្ចារ្យ» ។ បុរសដែលមានវ័យចំណាស់ បានឆ្លងកាត់ បទពិសោធន៍ជីវិតជាច្រើនដែលគិតថាពួកគេមានមេរៀនល្អក្នុងជីវិត។ ពួកគេខ្លះមានការអប់រំល្អហើយរៀនសូត្របានល្អ មិនថាការសន្ទនា ធម្មតាសប្បាយ ក៏នារីអាចកំណត់បានថា ពួកគេមានភាពប្រុងប្រយ័ត្នច្រើន ក្នុងការនិយាយស្ដី។ 

ជាពិសេស ពួកគេ មានសមត្ថភាពដោះស្រាយបញ្ហា ដែលកើតមានឡើង រឹតតែមានទំនុកចិត្តនិងធ្វើឱ្យមនុស្សស្រីដែលខ្លួនស្រលាញ់ កាន់តែពេញចិត្ត។ កត្តានេះ ក៏ជាចំណុចមួយ ដែលនារីក្មេងៗ អត់ទ្រាំមិនស្រលាញ់ មិនបាន។

១២. បុរសវ័យចាស់មានទំនាក់ទំនងល្អ

ដូចបានរៀបរាប់ខាងលើបុរសចាស់ៗតែងតែឆ្លាត ដូច្នេះពួកគេអាចមានការសន្ទនាដ៏គួរឱ្យចាប់អារម្មណ៍ រាល់ពាក្យសម្តីដែលនិយាយទៅ មនុស្សទាំងពួង។ បុរសវ័យចាស់ទាំងនោះ បានដឹងពីអ្វីដែលពួកគេចង់បាន ហើយអ្វីដែលនៅស្ទាក់ស្ទើរ ក្នុងការនិយាយ ដើម្បីស្វែងរកចំណាប់អារម្មណ៍ដៃគូរបស់ពួកគេតាមរយៈ ភាសានិយាយនេះ។ 

ជាពិសេស បុរសវ័យចំណាស់ ក៏ជាអ្នកស្តាប់ដ៏ល្អផងដែរ ដែលជាគុណសម្បត្តិដ៏អស្ចារ្យនៃទំនាក់ទំនងល្អ។ ស្ត្រីក្មេងៗជាច្រើន ពិតជាស្រលាញ់បុរសដែលមាន ចំណុចនេះខ្លាំងណាស់ នៅពេលដែលពួកគេយកចិត្តទុកដាក់ លើការនិយាយរបស់ដៃគូ ចង់មិនចង់ ទំនាក់ទំនង នឹងល្អប្រសើរជាងមុន មិនខាន។ បុរសវ័យចំណាស់ ក៏មានចំណុចល្អជាច្រើន ដែលធ្វើឲ្យ​ មនុស្សស្រីវ័យក្មេង ធ្លាក់ក្នុងអន្លង់ស្នេហ៍ ទាំងវ័យជ្រេជាង យុវជនដទៃ។

រូបតំណាង

១៣. បុរសចាស់ៗទទួលយកនិងចេះគោរពចំពោះអ្នក

ភាពចាស់ទុំរបស់ បុរសដែលមាន វ័យចាស់ៗ តែងតែទទួលយក និងចេះគោរពចំពោះការសម្រេចចិត្ត របស់អ្នក ពួកគេមិនចូលចិត្តឲ្យអ្នក មានការផ្លាស់ប្តូរ ចំពោះគេនោះទេ។ ប៉ុន្តែ សម្រាប់បុរសវ័យក្មេង ពួកគេតែងតែចង់បានអ្វីគ្រប់យ៉ាងដែលផ្លាស់ប្តូរ ជាពិសេស ការតុបតែងខ្លួន ទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នក និងអ្វីទាំងអស់ ដែលគេមិនចូលចិត្ត។

ប៉ុន្តែសម្រាប់បុរសដែលមានអាយុច្រើន ពួកគេដឹងច្រើនជាងនេះ ហើយបានដឹងថាក្ដីស្រឡាញ់ពិតគឺសុទ្ធតែបានទទួលយកគ្នា និងមិនទាមទារឲ្យមានការផ្លាស់ប្តូរឡើយ។ បុរសវ័យចំណាស់ តែងកោតសរសើរដល់ប្រពន្ធរបស់គាត់ ហើយចង់ឱ្យនាងបានប្រសើរជាងការព្យាយាមផ្លាស់ប្តូរនាង នេះគឺដោយសារតែបុរសម្នាក់នេះមានអារម្មណ៍ ដឹងរួចទៅហើយនូវអ្វី ដែលគាត់ចង់បាន និងទទួលយកវាបានព្រោះវ័យ គាត់ មិនមានពេលវេលាច្រើន ដើម្បីស្វែងរកស្ត្រីផ្សេងទៀតទេ ក្រៅពីស្ត្រីដែលគាត់បានដាក់ចិត្តស្រលាញ់នោះ ។

១៤. បុរសចាស់ៗមានការប្តេជ្ញាចិត្តខ្ពស់

ជាការពិតណាស់ បុរសចាស់ៗមានការប្តេជ្ញាចិត្តខ្ពស់ ពួកគេពិតជាចង់បានអាពាហ៍ពិពាហ៍ ហើយរស់នៅជាមួយមនស្សស្រី ដែលគាត់ស្រលាញ់ ។ ស្ត្រីជាច្រើន បានសារភាពថាខ្លួន ពិតជាសប្បាយចិត្ត នៅពេលដៃគូ មានទំនួលខុសត្រូវ អាចរៀបការសាងគ្រួសារ ហើយកាន់តែមាន ទំនុកចិត្តនៅពេលបុរស ដែលមានវ័យចាស់ៗទាំងនោះ បានផ្ដល់ភាពកក់ក្តៅ ការយកចិត្តទុកដាក់និងការគាំទ្រ ជាជាងបុរសវ័យក្មេង ខ្លះព្យាយាមគេចវេស ពេលឮថា ដៃគូចង់រៀបការ។ 

បុរសដែលមានវ័យ ចាស់ៗមានសមត្ថភាពក្នុងការយល់ពីអារម្មណ៍របស់មនុស្សស្រី នឹងកាន់តែការពារផលប្រយោជន៍ឱ្យមនុស្សដែលខ្លួន ស្រលាញ់ជានិច្ច។

១៥.បុរសវ័យចាស់មានគោរព ចាស់ទុំ

ជាបុរសល្អពិត ដែលស្ថិតក្នុងបេះដូងក្មេងស្រីគ្រប់រូប តែងតែមានការគោរព ចាស់ទុំ ក្នុងរង្វង់គ្រួសាររបស់នាង ចំណុចនេះ មិនមែននិយាយថាបុរសវ័យក្មេងមិនមែនជាបុរសល្អនោះទេ ប៉ុន្តែវាអាចមានភាពខុសគ្នាខ្លាំង នៅកម្រិតនៃភាពចាស់ទុំរបស់បុរសវ័យក្មេងធៀបនឹងបុរសវ័យចំណាស់ម្នាក់។ 

ក្នុងនោះ បុរសវ័យចំណាស់ ពិតជាមានវិធីសាស្រ្តច្រើន ក្នុងការយកចិត្ត ក៏ដូចជាសម្តែងការគោរព ឱនលំទោន ចំពោះសមាជិកក្នុងគ្រួសារ ខាងស្រី នេះជាអ្វីដែលស្ត្រីគ្រប់រូបចង់បាន ពីដៃគូ។ 

រូបតំណាង

តាមរយៈការបកស្រាយ​ ចំណុចជាច្រើនខាងលើនេះ សុទ្ធតែបានស្ដែងឲ្យឃើញពី លក្ខណៈពិសេស ដែលនារីវ័យក្មេងជាច្រើន សម្រេចចិត្តទទួលយក បុរសជាដៃគូស្នេហា ដែលមានវ័យចាស់ ប៉ុន្តែរាល់អ្វីទាំងអស់នេះ មិនអាចបញ្ជាក់បានទាំងស្រុងថា គ្រប់បុរសដែលមាន វ័យចំណាស់ សុទ្ធសឹងតែជា ស្វាមី ឪពុក ល្អនោះទេ គ្រប់យ៉ាងអាស្រ័យទៅលើការសង្កេតមើលរបស់ នារីជាដៃគូ ហើយចាំបាច់ ត្រូវការពេលវេលាច្រើន សម្រាប់ ពិសោធន៍ ពីការពិត នៃចរិតមនុស្សប្រភេទនេះ៕

ប្រភព៖  pairedlife / newlovetimes / 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]