ភ្នំពេញៈ រថយន្តស៊េរីទំនើបម៉ាកលុច្សស៊ីស ៥៧០ ដែលគេស្គាល់ថា ជារបស់ភរិយាលោកឧកញ៉ា សូ ងួន បានបើកបុកគ្នាជាមួយរថយន្តលុច្សស៊ីស RX-300 បណ្តាលឲ្យខូចខាតទាំងសងខាង នាវេលាម៉ោង ៣ និង១០នាទីរសៀលថ្ងៃអាទិត្យ ទី១១ ខែមីនា ឆ្នាំ២០១២ នៅផ្លូវលេខ ៣១០ កែងនឹង ផ្លូវលេខ ៥១ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមុន។

យោងតាមប្រភពពីមន្រ្តីនគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តលុច្សស៊ីស RX-300 ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2I-6960 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ម្នាក់រួមជាមួយភរិយារបស់ខ្លួន តាមបណ្តោយផ្លូវលេខ៥១ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុច កើតហេតុក៏បានប៉ះគ្នាជាមួយរថយន្តលុច្សស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2W-6688 ដែលគេស្គាល់ថា ជារថយន្តរបស់ភរិយាលោកឧកញ៉ាសូងួន បណ្តាលឲ្យរថយន្តលុច្សស៊ីស RX-300 រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ រីឯរថយន្តប្រពន្ធឧកញ៉ាសូងួន រងការខូចខាតត្រង់ទ្វារ។

ក្រោយពេលកើតហេតុភ្លាមៗនោះ ទោះបីជាក្រុមម្ចាស់រថយន្តសុទ្ធតែជាអ្នកមានក្តី ក្រោយពេលកើតហេតុភ្លាមៗ ពួកគេមិនបានដោះស្រាយគ្នា បញ្ចប់បញ្ហានោះទេ ទុកនៅកន្លែងកើតហេតុអស់ជាច្រើនម៉ោង រហូតដល់យប់ទើបសមត្ថកិច្ចស្ទួចយករថយន្តទៅ ការិយាល័យនគរបាលចរាចរណ៍ជើង រង់ចាំដោះស្រាយគ្នាជាក្រោយ ទៅតាមការវាស់វែងរកខុសត្រូវរបស់នគរបាលជំនាញ៕  

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]