អេស្ប៉ាញ: ក្រោយពីចាញ់ក្រោមដៃក្រុមពាក់កណ្តាលតារាងកាលពីយប់ម៉ិញ ក្រុម Real Madrid កំពុងតែខ្នះខ្នែងស្វែងរកកីឡាករមកជួយផ្នែកប្រយុទ្ធ ដើម្បីឲ្យក្រុមមានទម្រង់លេងល្អនៅឆ្នាំក្រោយ។

កីឡាករដែលក្រុម Real Madrid ចង់បានជាងគេគឺគ្មាននរណាក្រៅពីខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Harry Kane របស់ក្រុម Tottenham នោះទេ។

កីឡាករ Harry Kane គឺជាខ្សែប្រយុទ្ធដែលស៊ុតបញ្ចូលគ្រាប់បាល់បានច្រើនគេបណ្ណោះអាសន្ននៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ដោយ Kane រកបាន ២៤គ្រាប់ក្នុង២៧ប្រកួត តាមយ៉ាងប្រកៀកដោយកីឡាករ Mohamed Salah របស់ក្រុមហង្សក្រហម Liverpool ដែលរកបាន ២៣គ្រាប់។

ការតាមប្រម៉ាញ់ខ្សែប្រយុទ្ធថ្មីនេះ មិនសូវធ្វើឲ្យអ្នកតាមដានបាល់ទាត់ភ្ញាក់ផ្អើលប៉ុន្មានទេ ព្រោះក្រុម Real Madrid តែងតែមានប្រវត្តិទិញកីឡាករល្បីៗ ដែលមានតម្លៃកប់ពពក យកមកលេងឲ្យក្លិបរបស់ខ្លួន។ បន្ថែមលើនេះ កីឡាករឆ្នើម Cristiano Ronaldo ក៏មានអាយុកាន់តែជ្រេរបន្តិចដែរ ហើយក្នុងរដូវកាលនេះ ទស្សនិកជនបានឃើញថា ទម្រង់លេងរបស់ Ronaldo នៅក្នុង Laliga បានធ្លាក់ចុះ ដោយរដូវកាលនេះគាត់រកបានតែ ១៤ គ្រាប់ឲ្យ Real Madrid ប៉ុណ្ណោះ។ បន្ថែមពីលើនេះ កីឡាករ Cristiano Ronaldo ក៏កំពុងពិចារណាអនាគតរបស់ខ្លួននៅ Real Madrid ដែរបន្ទាប់ពីលេងឲ្យក្លិបអស់រយៈពេលជិត១០ឆ្នាំ។

ការចង់យកកីឡាករ Harry Kane មកកាន់ទឹកដី Santiago Bernabéu នេះធ្វើឲ្យអ្នកគាំទ្រក្រុម Real Madrid មានភាពរំភើបនិងចង់ឲ្យរឿងនេះកើតឡើងឆាប់ៗ ព្រោះ Kane ជាកីឡាករល្អហើយក៏មានក្លិបធំៗរបស់អ៊ឺរ៉ុបកំពុងតាមប្រម៉ាញ់យកគេទៅលេងឲ្យក្រុមខ្លួនដែរ។ មិនតែអ្នកគាំទ្រប៉ុណ្ណោះទេ សូម្បីអតីតកីឡាករ របស់ Real Madrid លោក Raúl González រួមទាំងអតីតប្រធានក្លិប លោក Ramón Calderón ក៏ចង់ឲ្យដំណឹងនេះកើតឡើងដែរ។

ក្រៅពីចាប់អារម្មណ៍លើ Harry Kane ក៏មានពាក្យចរចាមអារ៉ាមថា ក្រុម Real Madrid កំពុងចាប់អារម្មណ៍ទៅលើកីឡាករ Robert Lewandowski និងកីឡាករមានតម្លៃថ្លៃជាងគេលើលោក Neymar ផងដែរ៕ 

កីឡាករ Harry Kane
អតីតប្រធានក្លិប លោក Ramón Calderón
អតីតកីឡាករ របស់ Real Madrid លោក Raúl González
កីឡាករមានតម្លៃថ្លៃជាងគេលើលោក Neyma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]