អ៊ីតាលី៖ សហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសអ៊ីតាលី (FIGC) បាននិងកំពុងពិចារណាចង់ទាក់ទងយកគ្រូបង្វឹកបង្គោលរបស់ក្រុមតោខៀវ Chelsea ទៅដឹកនាំជម្រើសជាតិអ៊ីតាលីម្តងទៀត។

ការចង់យកលោក Conte ទៅបង្វឹកជម្រើសជាតិអ៊ីតាលីនេះបានធ្វើឡើងក្រោយពីគ្រូបង្វឹកជម្រើសជាតិចាស់ លោក Gian Piero Ventura មិនអាចដឹកនាំអ៊ីតាលីឲ្យមានកៅអីទៅលេងនៅព្រឹត្តិការណ៍ World Cup ក្នុងប្រទេសរុស្ស៊ីឆ្នាំនេះ ដោយលោក Ventura ត្រូវបានសហព័ន្ធបណ្តេញចោលក្រោយពីមិនព្រមចុះចេញពីតំណែង។

ទីស្តីការរងសហព័ន្ធបាល់ទាត់អ៊ីតាលី លោក Alessandro Costacurta បានប្រាប់ទៅសារព័ត៌មានមួយថា គាត់មិនទាន់សម្រេចចិត្តថានរណានឹងមកដឹកនាំជម្រើសជាតិអ៊ីតាលីទេ តែគាត់គិតថា លោក Antonio Conte គឺជាបេក្ខជនដ៏សាកសមបំផុតសម្រាប់ការងារនេះ។

ចំណាប់អារម្មណ៍ចង់បានលោក Conte នេះត្រូវបានលើកឡើងខណៈពេលដែលអនាគតនៅ Chelsea របស់គ្រូបង្វឹកអាយុ៤៨ឆ្នាំរូបនេះកំពុងធ្លាក់ទៅក្នុងភាពស្រពិចស្រពិល ដោយសារទម្រង់លេងរបស់ក្លិបបានធ្លាក់ចុះបើប្រៀបធៀបជាមួយឆ្នាំមុន។ មុនមកបង្វឹកនៅ Chelsea លោក Conte ក៏ធ្លាប់ធ្វើជាគ្រូបង្វឹករបស់ជម្រើសជាតិអ៊ីតាលីពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦។

គួរឲ្យដឹងផងដែរថា ក្រុមបាល់ទាត់របស់ប្រទេសអ៊ីតាលីមិនបានកៅអីទៅលេងនៅ World Cup ជាលើកដំបូងក្នុងរយៈពេល៦០ឆ្នាំ(ចុងក្រោយបំផុតនៅឆ្នាំ១៩៥៨)។

នៅក្នុងវគ្គជម្រុះជុំទីមួយ អ៊ីតាលី បានស្ថិតនៅក្នុង Group G ជាមួយប្រទេសដូចជា អេស្ប៉ាញ អាល់បានី អ៊ីស្រាអែល ម៉ាសេដូនៀ និង លិចទិនស្តាញ ដោយក្នុង១០ប្រកួត អ៊ីតាលីបានឈ្នះ ៧ដង ស្មើ ២ និងចាញ់ម្តងគត់។ តែកំណត់ត្រានេះមិនអាចជួយអ៊ីតាលីឲ្យបានកៅអីទៅលេងនៅ World Cup ព្រោះប្រទេសអេស្ប៉ាញ ប្រកួតមិនដែលចាញ់សោះធ្វើឲ្យពួកគេទៅឈរនៅលើតារាងនិងបានកៅអីដោយស្វ័យប្រវត្តិ។ ឈរនៅលេខពីរក្នុងតារាង អ៊ីតាលីបានកៅអីលេងនៅវគ្គជម្រុះជុំទីពីរ តែពួកគេបានចាញ់ ប្រទេសស៊ុយអែត ធ្វើឲ្យប្រទេសជើងឯកពានរង្វាន់ World Cup ៤ ជំនាន់នេះ មិនអាចបានកៅអីទៅប្រកួតនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំនេះនៅប្រទេសរុស្ស៊ី៕ 

គ្រូបង្វឹក Chelsea លោក Antonio Conte
ទីស្តីការរងសហព័ន្ធបាល់ទាត់អ៊ីតាលី លោក Alessandro Costacurta
លទ្ធផលតារាងជម្រុះ World Cup ជុំទីមួយ
កីឡាករអ៊ីតាលីខកចិត្តក្រោយចាញ់ស៊ុយអ៊ែត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]