អេស្ប៉ាញ: ក្លិបម្ចាស់ជើងឯកពាន UEFA Champions League ឆ្នាំ២០១៧ Real Madrid បានភ្លាត់ស្នៀតចុងម៉ោងបណ្តាលឲ្យកីឡាករ Gerard Moreno ស៊ុតបញ្ចូលទី ជួយឲ្យ Espanyol យកបានបីពិន្ទុនៅក្នុងផ្ទះ។

ការភ្លាត់ស្នៀតចាញ់ក្រុមពាក់កណ្តាលតារាងបែបនេះធ្វើឲ្យឱកាសលើកពានក្របខណ្ឌកំពូលអេស្ប៉ាញកាន់តែតូចទៅៗ។ ការចាញ់យប់ម៉ិញបានធ្វើឲ្យទម្រង់លេងក្នុងស្រុករបស់ក្រុម Real Madrid កាន់តែធ្លាក់មួយកម្រិតទៀត ដោយក្រុមម្ចាស់ជើងឯក La Liga ឆ្នាំមុនមួយនេះបានចាញ់ក្រុម C.D. Leganés ក្នុងការប្រកួតពានរង្វាន់ Copa Del Rey នៅចុងខែមករាកន្លងទៅ។

គួរបញ្ជាក់ថា កីឡាករឆ្នើម Cristiano Ronaldo មិនមានវត្តមានក្នុងប្រកួតយប់ម៉ិញទេដោយគ្រូបង្វឹកបង្គោលរបស់ Real Madrid លោក Zinedine Zidane ឲ្យកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនោះសម្រាកសិន។ រួមទាំងនេះទៀត កីឡាករឆ្នើមៗរបស់ក្រុម Real Madrid ប៉ុន្មាននាក់ក៏អវត្តមានពីការប្រកួតយប់ម៉ិញដែរ ក្នុងនោះមានកីឡាករ Luka Modric, Toni Kroos, Marcelo និង Casemiro នៅកំពុងព្យាបាលរបួសនៅឡើយ ចំណែកឲ្យខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema មិនបានជាប់ជម្រើសដំបូងឡើយតែបានចូលលេងនៅនាទីទី ៦៩ដោយជំនួសកីឡាករ Isco។

ការចាញ់យប់ម៉ិញនេះជាមានន័យថាក្រុម Real Madrid កាន់ខិតឆ្ងាយពីក្រុមកំពូលតារាង Barcelona ទៅដល់១៤ពិន្ទុ ដោយក្នុងនោះក្រុម Barcelona មានមួយប្រកួតក្នុងដៃថែមទៀត។

ក្រុម Real Madrid នឹងត្រូវបើកកីឡដ្ឋាន Santiago Benabau ស្វាគមន៍ក្រុមពាក់កណ្តាលតារាង Gatafe នៅថ្ងៃទី៤ ខែមីនា បន្ទាប់មកពួកគេនឹងធ្វើដំណើរទៅក្រុង Paris ដើម្បីជួបជាមួយក្រុមបារាំង Paris Saint Germain ក្នុងព្រឹត្តិការណ៍ UEFA Champions League នៅយប់ថ្ងៃទី៧ខែមីនាខាងមុខនេះ៕

ការប្រកួតរវាង Real Madrid និង Espanyol
ការប្រកួតរវាង Real Madrid និង Espanyol

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]