ណ័រវេ៖ ប្រទេសណ័រវេ មានគម្រោងចំណាយលុយ១៣លានដុល្លារដើម្បីពង្រឹងឃ្លាំងទុកគ្រាប់ពូជ សម្រាប់ការពារថ្ងៃអវសាននៃពិភពលោក នៅកោះអាកទិកដែលបានបង្កើតឡើងកាលពី១០ឆ្នាំមុន ដើម្បីការពារស្បៀងអាហាររបស់ពិភពលោក។

ឃ្លាំងទុកគ្រាប់ពូជក្នុងលោក Svalbard នេះគឺបង្កើតឡើងដើម្បីជាកន្លែងស្តុកទុកគ្រាប់ពូជរុក្ខជាតិទាំងអស់នៅលើពិភពលោក ដើម្បីការពារគ្រោះភ័យដូចជា គ្រោះធម្មជាតិ សង្គ្រាមនុយក្លេអ៊ែរ និងការកើនឡើងកំដៅពិភពលោកជាដើម។ នៅក្នុងនោះមានគ្រាប់ពូជជាង៩០ម៉ឺនប្រភេទ។

រូបភាពនៃឃ្លាំងទុកគ្រាប់ពូជ Svalbard

ក្រសួងកសិកម្មប្រទេសនោះបាននិយាយថា ការពង្រឹងថ្មីនេះរួមបញ្ចូល ការបង្កើតរូងថ្មីមួយ បន្ទប់បន្ថែមមួយទៀតការពារពេលដាច់អគ្គិសនី ម៉ាស៊ីនទម្លាក់សីតុណ្ហភាព និងឧបករណ៍អេឡិកត្រូនិចផ្សេងទៀតដែលអាចធ្វើការកម្តៅរូងទាំងមូល។ 

គួររម្លឹកថា កាលពីឆ្នាំមុនមានទឹកបានហូរចូលក្នុងឃ្លាំងស្តុកទុកនេះ។ ហើយកាលពី១០ឆ្នាំមុន ប្រទេសណ័រវេបាននិយាយថាគេបានចំណាយលុយ១០លានដុល្លារដើម្បីសាងសង់សំណង់មួយនេះ។

រូបភាពខាងក្នុង

លុះដល់ឆ្នាំ២០១៥ អ្នកស្រាវជ្រាវបានធ្វើការដកយកគ្រាប់ពូជចេញពីឃ្លាំង Svalbard នេះជាលើកដំបូងបំផុត ដើម្បីជួយប្រទេសស៊ីរីដែលកំពុងមានវិបត្តិខ្វះខាតគ្រាប់ពូជ បន្ទាប់ពីសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនេះ បានធ្វើឲ្យខូចខាតឃ្លាំងគ្រាប់ពូជរបស់ប្រទេសខ្លួននៅក្បែរទីក្រុងAleppo។ គ្រាប់ពូជនោះត្រូវបានគេយកទៅដាំរួចហើយ គេបានយកគ្រាប់ពូជថ្មីទៅដាក់បញ្ចូលជំនួសនៅឃ្លាំង Svalbard វិញកាលពីឆ្នាំមុន (២០១៧)។ នេះបង្ហាញថាឃ្លាំង Svalbard នេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោក ព្រោះវាជាការធានាស្បៀងអាហារ សម្រាប់ពិភពលោក និងសម្រាប់មនុស្សជំនាន់ក្រោយទាំងអស់។ 

គួរបញ្ជាក់ផងដែរថា Svalbard គឺជាឃ្លាំងទុកគ្រាប់ពូជធំបំផុតក្នុងពិភពលោក ហើយបើទោះបីជាឃ្លាំង Svalbard នេះត្រូវបានបង្កើតឡើងដោយណ័រវេក៏ដោយ  គោលបំណងវាគឺទុកបម្រុងគ្រាប់ពូជសម្រាប់ពិភពលោកទាំងមូល៕

រូងនៅក្នុងឃ្លាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]