អង់គ្លេស: គ្រូបង្វឹកបង្គោលរបស់ក្រុមមេឃខៀវ Manchester City លោក Pep Guardiola ត្រូវបានអ្នកទស្សនាមួយចំនួនបានចាប់អារម្មណ៍ថាគាត់បានពាក់ខ្សែបូលឿង កំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Carabao។ មិនត្រឹមតែលោក ប៉ុណ្ណោះទេដែលពាក់ខ្សែបូលឿងនេះ ទស្សនិកជននៅកីឡដ្ឋាន Wembley មួយចំនួនក៏បានពាក់ដូចគ្រូបង្វឹកក្រុមរូបនោះដែរ។

តាមពិតទៅខ្សែបូលឿង ដែលលោក Pep Guardiola ពាក់ជាប់នឹងអាវនោះ គឺក្នុងការគាំទ្រឲ្យរដ្ឋាភិបាលរបស់ប្រទេសអេស្ប៉ាញដោះលែងអ្នកនយោបាយរបស់ Catalonia (ឬ Catalunya) ឲ្យមានសិទ្ធិសេរីភាពឡើងវិញ។ គួរបញ្ជាក់ផងដែរថា នៅដើមខែវិច្ឆិកាឆ្នាំ២០១៧ រដ្ឋាភិបាលទីក្រុង Madrid បានចោទប្រកាន់អ្នកនយោបាយរបស់តំបន់ស្វ័យយ័ត្រ Catalonia ពីបទបង្កការប៉ះបោរ និងធ្វើនយោបាយខុសពីរដ្ឋធម្មនុញ្ញអេស្ប៉ាញ ដោយតុលាការក្រុង សម្រេចឃាត់ខ្លួនអ្នកនយោបាយ៨នាក់ រង់ចាំការស៊ើបអង្កេតបន្ត។ ការឃុំខ្លួនរបស់អ្នកនយោបាយរបស់ Catalonia ត្រូវបានប្រជាជនមានដើមកំណើតនៅតំបន់ Catalonia ខឹងសម្បារយ៉ាងខ្លាំងដោយពួកគេនាំគ្នាធ្វើបាតុកម្មអហិង្សា និងស្វែងរកជំនួយពីបរទេសដើម្បីឲ្យរដ្ឋាភិបាលអេស្ប៉ាញដោះលែងអ្នកនយោបាយទាំងនោះ។

គួរឲ្យដឹងថា Catalonia ជាតំបន់ស្វ័យយ័តមួយនៅភាគអាគ្នេយ៍នៃប្រទេសអេស្ប៉ាញ ដោយមានទីក្រុង៤ធំៗរួមមានទាំងទីក្រុង Barcelona ផងដែរ។ កាលពីថ្ងៃទី១ខែតុលាឆ្នាំ២០១៧ ប្រជាជននៅតំបន់ Catalonia បានទៅបោះឆ្នោតប្រជាមតិដើម្បីប្រកាសឯករាជ្យពីប្រទេសអេស្ប៉ាញ ដោយ ៩២ភាគរយនៃអ្នកទៅបោះឆ្នោតយល់ព្រមចង់បានឯករាជ្យ។ ប៉ុន្តែរដ្ឋាភិបាលអេស្ប៉ាញមិនទទួលស្គាល់ប្រជាមតិនេះដោយហេតុថាជាអំពើខុសនឹងរដ្ឋធម្មនុញ្ញ និងប្រកាសចាត់ទុកលទ្ធផលនេះជាមោឃៈ ព្រមទាំងបានចាប់ខ្លួនមេដឹកនាំចលនានេះផងដែរ។

សហព័ន្ធបាល់ទាត់អង់គ្លេស FA បានពិន័យលោក Pep Guardiola មិនឲ្យលោកពាក់ខ្សែបូលឿងនេះដោយលើកហេតុផលថាគ្រូបង្វឹកវ័យ៤៧ឆ្នាំរូបនេះយកនយោបាយមកពាក់ព័ន្ធនឹងកីឡាបាល់ទាត់។ តែលោក Guardiola នៅតែមិនបញ្ឈប់ការពាក់ខ្សែបូរលឿងនេះដោយប្រាប់អ្នកសារព័ត៌មានថា គាត់នឹងបន្តពាក់បូលឿងនេះរហូតទោះពីជា FA ពិន័យគាត់មិនឲ្យទៅឈរនៅទីលានប្រកួតក៏ដោយ៕ 

បាតុកម្មអហិង្សានៅតំបន់ Catalonia
លោក Guardiola បន្ទាប់ពីឈ្នះពាន Carabao Cup

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]