អេស្ប៉ាញ: បន្ទាប់ពីសាងសង់ទឹកដីថ្មីរបស់ខ្លួនរួច ក្លិប Athletico Madrid បានចាប់ផ្តើមលក់កីឡាករខ្លះដើម្បីពង្រឹងផ្នែកសេដ្ឋកិច្ចក្លិប។ ប៉ុន្តែព័ត៌មាននៃការលក់កីឡាករឈុតធំពីរនាក់កាលពីយប់មិញបានធ្វើឲ្យអ្នកតាមដានបាល់ទាត់ខ្លះភ្ញាក់ផ្អើលមែនទែន។

កីឡាករសញ្ជាតិប៊ែលស្ស៊ិក Yannick Carrasco និងកីឡាករសញ្ជាតិអាហ្សង់ទីន Nicolas Gaitan បានត្រូវក្រុម Athletico Madrid លក់ទៅឲ្យក្លិបក្របខណ្ឌកំពូលនៅចិន Dalian Yifang បាត់ហើយ។ តាមប្រភពមួយចំនួនបានឲ្យដឹងថា Athletico Madrid បានចំណូលពីការលក់កីឡាករពីរនាក់នេះប្រហែលជា ៤៨ លានអ៊ឺរ៉ូ (ស្មើនឹងជាង ៥៩លានដុល្លារអាមេរិក)។

ការផ្លាស់ប្តូរក្លិបរបស់កីឡាករទាំងពីរនាក់នេះបានធ្វើឲ្យអ្នកតាមដានបាល់ទាត់បើកភ្នែកធំៗ ជាពិសេសគឺកីឡាករ Yannick Carrasco ព្រោះគាត់ទើបតែមានវ័យ២៤ឆ្នាំប៉ុណ្ណោះ ហើយបន្ថែមលើនេះទៀត គាត់ក៏ជាកីឡាករដ៏សំខាន់ម្នាក់ដែលជួយឲ្យ Athletico Madrid បានទៅលេងនៅវគ្គផ្តាច់ព្រ័ត្តក្នុងព្រឹត្តិការណ៍ UEFA Champions League ក្នុងឆ្នាំ២០១៦ ទៀតផង។

ការផ្លាស់ប្តូរក្លិបរបស់កីឡាករទាំងពីរនេះធ្វើឲ្យអ្នកគាំទ្រក្លិបដទៃប៉ុន្មានក្រុមអាក់អន់ស្រពន់ចិត្តតិចតួចដែរ ដោយកាលពីទីផ្សាដោះដូរកីឡាករខែមករាកន្លងទៅ ក្លិបកាំភ្លើងធំ Arsenal និង តោខៀវ Chelsea បានបង្ហាញនូវចំណាប់អារម្មណ៍នាំយកខ្សែបម្រើស្លាបស្តាំ Yannick Carrasco មកក្រុមរបស់ខ្លួន ចំណែកឯកីឡាករ Nicolas Gaitan ក៏ទទួលការចាប់អារម្មណ៍ពីក្លិបមាន់ខ្នាយមាស Tottenham និងក្លិបអ្នកមាននៅក្របខណ្ឌកំពូលរបស់រុស្ស៊ី Zenit St. Peterburg ផងដែរ៕ 

ទឹកដីថ្មីរបស់ក្លឹប Athletico Madrid
កីឡាករ Yannick Carrasco
កីឡាករ Nicolas Gaitan
ក្រុម Dalian Yifang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]