ភ្នំពេញៈ នារីវ័យ២៤ ឆ្នាំម្នាក់ ជានិស្សិតសកល វិទ្យាល័យភូមិន្ទភ្នំពេញ ផ្នែកអក្សរសាស្រ្ត ឆ្នាំទី៤ ដែល នឹងត្រូវបញ្ចប់ថ្នាក់បរិញ្ញាបត្រនៅខែកក្កដា ខាងមុខនេះទៅហើយ ត្រូវក្រុមចោរបាញ់សម្លាប់ ប្លន់យកម៉ូតូ ខណៈរូបនាងជិះម៉ូតូចេញពី សាលារៀន។

យោងតាមមន្រ្តីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា នៅមុនពេលកើតហេតុនារីរងគ្រោះ ហោន ចន្រ្ទា អាយុ ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិយ៉ក ស្រុកបន្ទាយមអម្ពិល ខេត្តឧត្តរមានជ័យ រួមនឹងមិត្តភក្តិ ម្នាក់ទៀតជិះម៉ូតូម្នាក់មួយគ្រឿង ចេញពីសាលារៀនឆ្ពោះទៅផ្ទះជួលរបស់ខ្លួន លុះដល់ចំណុចកើត ហេតុខាងត្បូងវិទ្យាល័យសាមគ្គី សង្កាត់បឹងសាឡាង ខណ្ឌទួលគោក នាវេលាម៉ោងប្រមាណជា ៨ និង ៣០នាទីយប់ ស្រាប់តែក្រុមជនល្មើសបានជិះម៉ូតូមកពីក្រោយ ហើយបាញ់ជនរងគ្រោះមួយគ្រាប់ រួចពួកវាបានប្លន់យកម៉ូតូសង់ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AR-4828 ជិះទៅបាត់តែម្តង។

មន្រ្តីនគរបាលដដែលបានបន្តឲ្យដឹងថា ក្រោយពេលកើតហេតុនារីរងគ្រោះ ដែលត្រូវក្រុមជនល្មើស បាញ់មួយគ្រាប់ចំឆ្អឹងខ្នង ត្រូវបានគេបញ្ជូនមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី តែដោយសារតែ អាការជំងឺងធ្ងន់ធ្ងរពេកនោះ នារីរងគ្រោះបានដាច់ខ្យល់ស្លាប់នាវេលាម៉ោងប្រមាណ ៩-១០យប់ថ្ងៃ ដដែលនេះ។

យោងតាមមិត្តភក្តិ និងក្រុមគ្រួសារ បានឲ្យដឹងថា នារីរងគ្រោះជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ផ្នែកអក្សរសាស្រ្តឆ្នាំទី៤ ហើយនឹងបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់ខ្លួននៅខែកក្ដដា ឆ្នាំ២០១២ ខាងមុខនេះ តែឥឡូវក្តីសុបិនរបស់នាង និងក្រុមគ្រួសារត្រូវបានរលាយសូន្យ ព្រោះតែជនបាតសង្គម មួយចំនួនតូច ដែលសមត្ថកិច្ចហាក់គ្មានសមត្ថភាពក្នុងការបង្រ្កាបបានទាល់តែសោះបណ្តោយឲ្យកើត ឡើងស្ទើរតែរាល់ថ្ងៃ។

ក្រោយពេលមិនអាចជួយសង្រ្គោះបាននោះ សពនារីរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្តីវិយោគ។

មជ្ឈដ្ឋានទូទៅបានមើលឃើញថា រាជធានីភ្នំពេញមួយរយៈពេលចុងក្រោយនេះ ករណីបាញ់ប្លន់សម្លាប់ កើតមានស្ទើរតែរាល់ថ្ងៃទៅហើយ តែវិធានការពីកម្លាំងសមត្ថកិច្ចរក្សាសន្តិសុខជូនប្រជាពលរដ្ឋហាក់ គ្មានទាល់តែសោះ។ មជ្ឈដ្ឋានទូទៅបានលើកទៀតថា អំពើប្លន់កើតមានដល់ថ្នាក់នេះទៅហើយ គួរ ណាស់តែកម្លាំងសមត្ថកិច្ចត្រូវបានបង្កើន និងដាក់ពង្រាយតាមគោលដៅសំខាន់ៗឲ្យបានច្រើនជាងមុន ដើម្បីពង្រឹងសន្តិសុខ តែមិនដូច្នោះទេ នៅពេលថ្ងៃ ក៏ដូចជារាត្រី គេកម្រនឹងឃើញកម្លាំងសមត្ថកិច្ចត្រូវ បានដាក់ពង្រាយនៅតាមដងផ្លូវសាធារណៈ ព្រោះវាក្តៅ វាហ៊ុយដី អង្គុយក្នុងការិយាល័យវិញល្អជាង នេះហើយជាហេតុដែលធ្វើឲ្យចោរនៅតែមើលស្រាល និងមិនក្លាចរអាចំពោះកម្លាំងសមត្ថកិច្ច។ ផ្ទុយ ទៅវិញគេបែរជាឃើញសមត្ថកិច្ចយ៉ាងច្រើនកុះករ កាន់កាំភ្លើងស្ទើរគ្រប់ដៃ នៅពេល ដែលពួកគេចុះធ្វើ រដ្ឋបាលពេលរាត្រីម្តងៗ ក្រោមលេសឆែកឆេរអាវុធជាតិផ្ទុះ ចាប់មួក ពិនិត្យកញ្ចក់ ឬពិនិត្យជាតិអាល់ កុលជាដើម តែធាតុពិត គឺដើម្បីតែលុយច្រកហោប៉ៅតែប៉ុណ្ណោះ។

មជ្ឈដ្ឋានទូទៅនឹងសង្ឃឹមថា កម្លាំងនគរបាល ដែលជាកម្លាំងរក្សាសន្តិសុខ ដ៏សំខាន់សម្រាប់ប្រជាពល រដ្ឋ គ្រប់ជាន់ថ្នាក់ទាំងអស់ មេត្តាមើលពីសន្តិសុខប្រជាពលរដ្ឋ សន្តិសុខជាតិជាធំ សូមយកដំណក់ទឹក ភ្នែកក្រុមគ្រួសារសាច់ញាតិជនរងគ្រោះដាក់ក្នុងបេះដូង កុំនាំគ្នាយកងារជាមន្រ្តីនគរបាល ឬដណ្តើមគ្នា ប្រឡងចូលស្ថាប័នមួយនេះ ដើម្បីតែផលប្រយោជន៍លុយកាក់ដាក់ហៅប៉ៅផ្ទាល់ខ្លួន បែរជាបណ្តោយ ឲ្យស្ថានប័ននគរបាលខូចកេរ្តិ៍ឈ្មោះស្អុយរលួយ ក្រោមពាក្យនិន្ទា រិះគន់ពីប្រជាពលរដ្ឋស្ទើររាល់ថ្ងៃ ព្រោះ តែទង្វើគ្មានមនសិការ។ តើអស់លោកមិនឈឺចាប់ខ្លះទេឬ នៅពេលមានមនុស្សជាច្រើន បាន ស្លាប់ក្រោមការទទួលខុសត្រូវរបស់អស់លោកជាអ្នករក្សាសន្តិសុខជូនពួកគាត់នោះ? ៕ 

ដោយៈ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

រូបភាពបន្ថែមពី Facebook របស់ កញ្ញា

 

នេះជា Chantrea Facebook

មិត្តរបស់ ចន្រ្ទា  បានបង្ហាញនូវភាពសោកស្តាយ

សូមជួយរំលែកទុក្ខ ដល់គ្រួសារសព។ សូមបងប្អូនប្រុងប្រយ័ត ពេលជិះម៉ូតូពេលយប់។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]