កូរ៉េខាងត្បូង: ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់នៅទីក្រុងPyeongchang ប្រទេសកូរ៉េខាងត្បូងត្រូវបានបញ្ចប់ហើយនៅយប់ម៉ិញនេះ ដោយប្រទេសន័រវេសទទួលបានមេដាយច្រើនជាងគេ(៣៩) តាមដោយប្រទេសអាល្លឺម៉ង់(៣១) និងប្រទេសកាណាដា(២៩) ខណៈដែល សហរដ្ឋអាមេរិកបានត្រឹម២៣គ្រឿង ចំណែកឯម្ចាស់ផ្ទះកូរ៉េខាងត្បូងទទួលបាន១៧គ្រឿង។

ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០១៨នេះត្រូវបានអ្នកឃ្លាំមើលចាត់ទុកថាជាព្រឹត្តិការណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយដោយសារតែមានរឿងប្លែកៗបានកើតឡើងច្រើន។

អ្វីដែលគួរឲ្យភ្ជាក់ផ្អើលជាងគេនោះគឺការចូលរួមរបស់កីឡាករកីឡាការិនីរបស់ប្រទេសកូរ៉េខាងជើង។ ការចូលរួមនេះបានទទួលអបអរសាទរដោយក្រុមអ្នកឃ្លាំមើលស្ថានភាពនយោបាយមួយចំនួន ដោយគិតថាការសម្រេចចិត្តបញ្ជូនកីឡាករកីឡាការិនីរបស់រដ្ឋាភិបាលកូរ៉េខាងជើងគឺជាជំហានតូចមួយ ដែលអាចនឹងឈានទៅរកការជួបចរចាសន្តិភាពរវាងប្រទេសកូរ៉ទាំងពីរ។

រួមគ្នានេះដែរ អត្តពលិករបស់ប្រទេសរុស្ស៊ីក៏ត្រូវបានទស្សនិកជនតាមយ៉ាងជិតដិតផងដែរ។ គួរបញ្ជាក់ផងដែរថាប្រទេសរុស្ស៊ីត្រូវបានសហព័ន្ធអូឡាំពិកអន្តរជាតិ (IOC) ពិន័យមិនឲ្យប្រទេសរុស្ស៊ីចូលរូមប្រកួតជាផ្លូវការនៅគ្រប់ព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិដោយសារសហព័ន្ធ IOC បានរកឃើញថា អត្តពលិករបស់ប្រទេសរុស្ស៊ីខ្លះបានប្រើប្រាស់សារធាតុខុសច្បាប់ក្នុងពេលប្រកួតក្នុងព្រឹត្តិការណ៍កន្លងទៅ។ បែបនេះហើយទើបអត្តពលិកដែលជាជនជាតិរុស្ស៊ី ត្រូវចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អូឡាំពិកនេះក្រោមឈ្មោះជាអត្តពលិករបស់សហព័ន្ធអូឡាំពិក។ ទោះបីជាមិនអាចកាន់ទង់ជាតិរបស់ខ្លូននៅក្នុងព្រឹត្តិការណ៍នេះក្តីក៏អត្តពលិករបស់រុស្ស៊ីខំប្រឹងប្រកួតដោយបានមេដាយសរុប ១៧គ្រឿងដោយក្នុងនោះមាន មាស២គ្រឿង។

យ៉ាងណាម៉ិញ ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសកូរ៉េខាងត្បូងឆ្នាំនេះបានដំណើរការទៅយ៉ាងរលូនដោយកម្មវិធីបិទបញ្ចប់របស់ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅយប់ថ្ងៃទី២៥ខែកុម្ភៈ ព្រមទាំងមានការសម្តែងពីក្រុម KPOP EXO និងអតីតសមាជិកក្រុម 2NE1 តារាចម្រៀង CL។ ប្រធានាធិបតីរបស់កូរ៉េខាងត្បូង លោក Moon Jea-In និង មេដឹកនាំអត្តពលិករបស់កូរ៉េខាងជើង ឧត្តមសេនីយ Kim Yong Chol ព្រមទាំងកូនស្រីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោកស្រី Ivanka Trump ក៏មានវត្តមានក្នុងកម្មវិធីបិទព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០១៨នេះផងដែរ៕ 

កម្មវិធីបិទបញ្ចប់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវត្រជាក់ឆ្នាំ២០១៨
ក្រុមអត្តពលិករបស់ប្រទេសកូរ៉ខាងជើង
ក្រុមអត្តពលិកជនជាតិរុស្ស៊ីក្រោមទង់ជាតិអូឡាំពិក
លោកស្រី Ivanka Trump

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]