ភ្នំពេញៈ ម្នាក់ៗពិតជាមិន នឹកស្មានដល់ ទាល់តែសោះ ថាពិធីការិនីក្រមិចក្រមើម សាមញ្ញម្នាក់ ដែលធ្លាប់តែកាន់ ក្បាលមេក្រូ និយាយទៅកាន់ ទស្សនិកជនតាមរយៈ កញ្ចក់ទូរទស្សន៍ និងជាតារាសម្តែង ក្នុងខ្សែភាពយន្ត នាងសុខ សោម៉ាវត្តី មានភព្វវាសនា បានធ្វើជាកូនប្រសារ របស់លោក ឧត្តមសេនីយ៍ផ្កាយ២ ទូច ណារ៉ុថ អតីតស្នងការរាជធានី ភ្នំពេញ នោះទេ ហើយបានរៀបចំពិធី មង្គលការ ដ៏អធឹកអធម កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ នៅក្នុងភូមិគ្រឹះ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ពិធីមង្គលជ័យសិរីសួស្តី ដល់គូស្វាមីភរិយាថ្មីរវាង សុខ សោម៉ាវត្តី និងលោក ទូច ដាណារ៉ា ហៅ ពេជ្រ ត្រូវបានគេ សង្កេតឃើញថា បានប្រារព្ធឡើង យ៉ាងឱឡារិក ដោយមានការចូលរួមពីសំណាក់ លោកឧកញ៉ា ឯកឧត្តម លោកជំទាវ ដែលជាភរិយាយថ្នាក់ដឹកនាំជាន់ខ្ពស់ ជាច្រើនរូប មកអបអរ សាទរ ឲ្យពរឲ្យជ័យ ហើយមិនសូវ មានវត្តមាន អ្នកសិល្បៈ ចូលរួមប៉ុន្មានឡើយ ។

តាំងពីមុខខ្លោងទ្វារចូលដល់ក្នុងគេហដ្ឋាន ដែលជាកន្លែងប្រារព្ធពិធីមង្គលការ ត្រូវបានគេសង្កេតឃើញថា មានក្រុម សមត្ថកិច្ច យាមកាមយ៉ាង តឹងរ៉ឹង បំផុត តាំងពីមាត់ទ្វារហូត ដល់ក្នុងផ្ទះ មានអង្គរក្សជាច្រើននាក់ ខុសប្លែកពីអាពាហ៍ពិពាហ៍ របស់តារាល្បីៗ ជាច្រើនដួងផ្សេងទៀត ដែលអាចនិយាយ បានថា ពួកគេគ្មានវាសនា ដូចនាង សុខ សោម៉ាវត្តីនោះទេ ។

ជាងនេះទៅទៀត ក្នុងពិធីកាត់សក់បង្កក់សិរី កូនប្រុសស្រី គឺទទួលបានការចូលរួម ជាកិត្តិយស ពីសំណាក់ លោកស្រី ម៉ែន សំអន ឧបនាយរដ្ឋមន្ត្រី ប្រចាំការ លោកជំទាវជាភរិយា ថ្នាក់ដឹកនាំធំៗ ជាច្រើននាក់ ដែលមើលទៅ ហាក់បីដូចជា សុខ សោម៉ាវត្តី ក៏ជាជំទាវម្នាក់អញ្ចឹងដែរ ដែលកំពុងតែ ញញឹម បិទមាត់មិនជិត ខណៈដែលចំណងស្នេហ៍របស់នាង បានទទួលជោគជ័យ ។

នេះសបញ្ជាក់ឲ្យឃើញថា លោក ទូច ដាណារ៉ា ហៅ ពេជ្រ ពិតជាស្រឡាញ់ អស់ពីចិត្តពីថ្លើម ហ៊ានភ្ជាប់បេះដូង យកធ្វើជាគូអនាគត ហើយក៏ត្រូវបាន ញាតិមិត្តខាងប្រុស ពេញចិត្តនាងខ្លាំងណាស់ដែរ ។ តាមការឲ្យដឹងពីប្រភពជិតស្និទ្ធ បានលើកឡើងថា ឪពុកមា្តយខាងប្រុស ក៏មានការពេញចិត្ត ពេញថ្លើម ខ្លាំងណាស់ ចំពោះសុខ សោម៉ាវត្តី រហូតផ្តល់ការសន្តោសប្រណី ចាត់ចែងពិធីរៀបមង្គលការ និងផ្ដល់ចំណងដៃ ដើម្បីជាទុនរកស៊ី យ៉ាង ច្រើនសន្ធឹកសន្ធាប់ ដល់អ្នកទាំងពីរទៀតផង។

ខាងក្រោមនេះគឺជាទិដ្ឋភាព ក្នុងពិធីមង្គលការរបស់ សុខ សោម៉ាវត្តី ដែលអ្នកព័ត៌មាន របស់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានចុះទៅផ្តិតយក រូបភាពដោយផ្ទាល់៖

ដោយ៖ យ៉ាន់ សុខរិទ្ធ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី