ហ្គាណា៖ រូបភាពជាច្រើនសន្លឹក ត្រូវបានគេចែករំលែកតៗគ្នានៅលើបណ្តាញសង្គម ដែលគ្រូបង្រៀនក្រីក្រម្នាក់ សុខចិត្តចំណាយពេលគូរផ្ទាំងកម្មវិធី Microsoft Word ទាំងដុលនៅលើក្តារខៀន ដើម្បីបង្រៀនដល់កូនសិស្ស។

គ្រូបង្រៀនរូបនេះ ត្រូវបានគេស្គាល់ឈ្មោះថា Owura Kwadwo មានប្រភពមកពីទីក្រុង Kumasi ប្រទេសហ្គាណា។ គាត់បង្រៀនលើមុខវិជ្ជាវិទ្យាសាស្ត្រព័ត៌មានវិទ្យា នៅឯ​សហគមន៍ជនបទមួយកន្លែង បន្ទាប់ពីបញ្ចប់ការសិក្សាលើជំនាញ «Visual Arts»។

លោក Owura Kwadwo
លោក Owura Kwadwo

បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សហគមន៍ក្រីក្រខាងលើ ពុំមានធនធានគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់លើការបង្រៀននោះទេ។ ទោះបីគ្មានកំព្យូទ័រក៏ដោយ ក៏វិធីបង្រៀនរបស់លោក Owura ហាក់បីដូចជាមានប្រសិទ្ធភាព ព្រោះកូនសិស្សរបស់គាត់ ត្រូវបានគេមើលឃើញថា មានចំណង់ចង់រៀនជាខ្លាំង ក៏ដូចជាទទួលបានចំណេះដឹងយ៉ាងច្រើន ពីការបង្រៀនរបស់គាត់ផងដែរ។ 

លោក Owura បានឲ្យដឹងយ៉ាងដូច្នេះថា៖

«ខ្ញុំធ្វើវា (គូរលើក្តារខៀន) ដើម្បីឲ្យសិស្សរបស់ខ្ញុំយល់ពីអ្វីដែលខ្ញុំកំពុងបង្រៀន។ យ៉ាងហោចណាស់ ខ្ញុំអាចផ្តល់រូបភាពមួយឲ្យពួកគេបានឃើញ ដោយសន្មត់ថា ពួកគេកំពុងនៅពីក្រោយកញ្ចក់កំព្យូទ័រ​យ៉ាងអ៊ីចឹងដែរ»។
លោក Owura Kwadwo
លោក Owura Kwadwo

ទាក់ទងនឹងរឿងរ៉ាវខាងលើនេះ អ្នកនិយមប្រើប្រាស់បណ្តាញសង្គមមួយចំនួន មានការកោតសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តរបស់គ្រូបង្រៀនរូបនេះ ហេតុតែចង់ឲ្យកូនសិស្សទទួលបានចំណេះដឹង ត្បិតខ្វះខាតសម្ភារៈមួយចំនួន ក្នុងការបង្រៀន។ ដោយក្តីអាណិត សប្បុរស​ជនបាននាំគ្នា បរិច្ចាគកំព្យូទ័រ ម៉ាស៊ីន Projector និងថវិកាមួយចំនួនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]