ភ្នំពេញ៖ បន្ទាប់ពីការរៀបចំធ្វើឡើងយ៉ាងជោគជ័យ២ដងរួចមកហើយនោះ ព្រឹត្តការណ៍បច្ចេកវិទ្យារបស់ Startup&Angels លើកទី៣ ដែលឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata នឹងមកដល់ទៀតហើយនៅថ្ងៃទី ២ ខែមីនា ខាងមុខនេះ ដើម្បីពិភាក្សាអំពីការរំពឹងទុកនៃភាពរីកលូតលាស់របស់ក្រុមហ៊ុនទើបបង្កើតថ្មី (Startup) ថាតើនឹងមាន ស្ថានភាពប្រែប្រួល ឬអភិវឌ្ឍន៍យ៉ាងណាខ្លះនៅក្នុងឆ្នាំ២០១៨នេះ។

គួរឲ្យដឹងថា នៅក្នុងព្រឹត្តការណ៍បច្ចេកវិទ្យាលើកនេះ នឹងមានវត្តមានរបស់លោក អ៊ិន វិចិត្រ សាជាថ្មីម្តងទៀត ដែលរូបលោកគឺជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Mediaload ដែលជាក្រុមហ៊ុនខ្មែរដំបូងគេបង្អស់ត្រូវបានវិនិយោគដោយក្រុមហ៊ុនល្បីឈ្មោះ 500 Startups មានមូលដ្ឋាននៅតំបន់ Sillicon Valley របស់សហរដ្ឋអាមេរិក។ ការត្រលប់មកលើកនេះ គឺបន្ទាប់ពីវេបសាយក្នុងស្រុកដ៏ល្បីឈ្មោះ Khmerload.com បានពង្រីកខ្លួនយ៉ាងលឿនទៅកាន់ទីផ្សារក្រៅស្រុកដូចជាប្រទេសមីយ៉ាន់ម៉ា និងវៀតណាម។

ក្នុងនោះផងដែរ លោក Yee Wee Tang នាយកក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងថៃ ដែលជាក្រុមហ៊ុនផ្តល់មធ្យោបាយធ្វើដំណើរតាមតម្រូវការ និងផ្តល់សេវាងាយស្រួលនៃប្រតិបត្តិការគ្មានសាច់ប្រាក់ ក៏នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា Startup&Angels លើកនេះផងដែរ។

ទិដ្ឋភាពកាលពីលើកមុន
ទិដ្ឋភាពកាលពីលើកមុន

បន្ថែមពីនេះទៀត នៅមានលោក Witt Gatchell ជាអ្នកគ្រប់គ្រងខាងវិនិយោគ មកពីក្រុមហ៊ុន Belt Road Capital Management នឹងចូលរួមផ្តល់ជាមតិនៃការយល់ឃើញរបស់លោកទៅលើទំនោរ ឬទិសដៅនៃភាពរីកលូតលាស់យ៉ាងរហ័សនាពេលសព្វថ្ងៃនេះ និងមូលហេតុដែលក្រុមហ៊ុន Startup ក្នុងស្រុកនឹងទទួលបានភាពជោគជ័យ។

ក្រៅពីនេះទៀត លោក Axel Peyriere និង លោក Leo Denes ដែលជាសហស្ថាបនិករបស់ក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍ Startup&Angels នឹងពិភាក្សាគ្នាជាមួយវាគ្មិនសំខាន់ៗមួយចំនួនទៀតដូចជា Abi Perriman មកពី Impact Hub, Djibri Cisse មកពី Sousdey Cambodia, Divon Lan មកពី Black Paw Ventures, Roman di Geronimo មកពី Geeks in Cambodia, និង កញ្ញា ឡុង លក្ខិណា មកពី Joonaak។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Startup&Angels ធ្វើឡើងជាច្រើនកន្លែងជុំវិញពិភពលោកចាប់តាំងពីឆ្នាំ២០១៦មកម្ល៉េះ។ ហើយសម្រាប់លើកទី៣នៅរាជធានីភ្នំពេញរបស់ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើឡើងនៅថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៥ល្ងាចដល់៩យប់ ដែលមានទីតាំងស្ថិតនៅអគារ Raintree Cambodia (ក្រោយធនាគារកាណាឌីយ៉ា) ផ្លូវព្រះអង្គឌួង សង្កាត់វត្តភ្នំ ខណ្ណដូនពេញ។ តម្លៃសំបុត្រចូលរួមម្នាក់ ២០ដុល្លារ។ លោកអ្នកអាចទំនាក់ទំនងទិញសំបុត្រតាមរយៈលេខទូរសព្ទ 086 836 642086 836 647

ទិដ្ឋភាពកាលពីលើកមុន
ទិដ្ឋភាពកាលពីលើកមុន
វាគ្មិនកាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]