«ជីរអង្កាម» គឺជារុក្ខជាតិមួយប្រភេទ ដែលមានក្លិនឈ្ងុយ ដោយភាគច្រើនគេយកវាជាបន្លែផ្សំនៅក្នុងម្ហូបចំណីអាហារ និងគ្រឿងភេសជ្ជៈនានា ដើម្បីឱ្យកាន់តែមានក្លិនក្រអូបឈ្ងុយឈ្ងប់ កាន់តែចង់ទទួលទាន ជាពិសេសអាចជំនួយផ្លូវចិត្ត និងអារម្មណ៍ឱ្យល្អស្រស់ស្រាយបានផងដែរ។

ក្រៅពីគុណប្រយោជន៍ទាំងនេះ ប្រសិនជាទាញប្រយោជន៍ពីជីរអង្កាមមក ធ្វើជាតែសម្រាប់ទទួលទានជាប្រចាំ វាអាចជួយដល់សុខភាពជាច្រើនយ៉ាង ជាពិសេស គឺការសម្រកទម្ងន់ បំបាត់ជាតិអាស៊ីតក្នុងក្រពះ និងជំងឺទាក់ទងបញ្ហាក្រពះពោវៀនផ្សេងទៀត។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ មកតាមដានគុណសម្បត្តិ នៃការទទួលទានតែជីរអង្កាមមួយកែវជាប្រចាំ រួមនឹងវិធីធ្វើទឹកតែងាយៗដូចខាងក្រោម៖

តែជីរអង្កាម មានប្រយោជន៍ច្រើនយ៉ាង

១. ជួយដល់បញ្ហាផ្លូវចិត្ត

ការទទួលទានតែជីរអង្កាមជាប្រចាំ អាចជួយកាត់បន្ថយស្ត្រេស ភាពតានតឹងក្នុងអារម្មណ៍ រួចទាំងសុខភាពផ្លូវចិត្ត ជាច្រើនយ៉ាងទៀតបានផងដែរ។ នោះក៏ដោយសារតែ ជាតិមេនតុល (Menthol) ដែលមាននៅក្នុងជីរអង្កាម អាចជួយសម្រួលដល់សាច់ដុំនៃភាពតនតឹង ឱ្យធូរស្រាលជាងមុន ថែមទាំងផ្តល់នូវអារម្មណ៍ស្រស់ស្រាយ និងរីករាយចេញពីក្នុងខ្លួនទៀតផង។

ជាពិសេស វាថែមទាំងអាចជួយសម្រួល ដល់បញ្ហាសុខភាពជាច្រើនដូចជា គ្រុនក្តៅ ក្អក និងផ្តាសាយជាដើម។

តែជីរអង្កាមជួយដល់បញ្ហាផ្លូវចិត្ត

២.ធ្វើឱ្យគេងលក់ស្រួល

តែជីរអង្កាម ល្អបំផុតសម្រាប់អ្នក ដែលមានបញ្ហានៅក្នុងការគេង។ ដោយសារតែ មានផ្ទុកសារធាតុល្អៗ ដែលជួយសម្រួលដល់ភាពតានតឹង និងជួយឱ្យអារម្មណ៍ស្ងប់ជាងមុន ដែលជាហេតុអាចជម្រុញ ការគេងឱ្យល្អប្រសើរ ឆាប់គេងលក់ និងគេងលក់ស្កប់ស្កល់ផងដែរ។

ដូច្នេះប្រសិនជាអ្នកចង់គេងលក់ស្រួល ឬមានបញ្ហាគេងមិនសូវលក់ អ្នកគួរតែទទួលទានតែជីរអង្កាម ១ពែង មុនពេលចូលគេងទើបជាការល្អ។

តែជីរអង្កាមធ្វើឱ្យគេងលក់ស្រួល

៣. ជួយសម្រកទម្ងន់

សម្រាប់អ្នកដែលចង់រក្សារាង ឱ្យនៅតែស្វែលស្រស់ស្អាត និងចង់សម្រកទម្ងន់ដែលលើសចេញពីរាងកាយនោះ ជីរអង្កាមគឺជាជម្រើសដែលល្អបំផុត។ គ្រាន់តែទទួលទានតែជីរអង្កាមមួយកែវជាប្រចាំថ្ងៃនោះ នឹងជួយធ្វើឱ្យអ្នកមានអារម្មណ៍ថាឆ្អែតបានយូរ មិនសូវជាឃ្លានអាហារ ឬចំណីផ្សេងៗ ព្រមទាំងទទួលអាហារបានតិចជាងមុនផងដែរ។

ដូច្នេះអ្នកគួរតែទទួលទាន តែជីរអង្កាមមួយថ្ងៃឱ្យបានយ៉ាងហោចណាស់ ២ ទៅ៣ពែង ដើម្បី កាត់បន្ថយចំណង់អាហារផ្តេសផ្តាស និងធ្វើឱ្យការសម្រកទម្ងន់កាន់តែមានប្រសិទ្ធភាព។ 

តែជីរអង្កាមជួយសម្រកទម្ងន់

៤. សម្រួលបញ្ហាក្រពះ

ជាតិមេនថុល (Menthol) ដែលមាននៅក្នុងតែជីរអង្កាម អាចជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អប្រសើរជាងមុន ថែមទាំងជួយសម្រួល ដល់បញ្ហាក្រពះពោះវៀនជាច្រើនមុខទៀតផងដូចជា៖ បញ្ហាប្រព័ន្ធរំលាយអាហារ ទល់លាមក មានអាការពុលឡាន-ពុលយន្តហោះ-ពុលរលក វិលមុខ ក្អួតចង្អោរ និងបញ្ហារលាកពោះវៀន (IBS) ជាដើម។

សម្រាប់អ្នកដែលមានបញ្ហា ទល់លាមក គួរតែទទួលទានតែជីរអង្កាមឱ្យបាន ២ ទៅ៣ពែង ដើម្បីឱ្យអាការប្រសើរជាងមុន។

តែជីរអង្កាមសម្រួលបញ្ហាក្រពះ

៥. ជំនួយប្រព័ន្ធរំលាយអាហារ

ជាតិមែនថុល (Menthol) ដែលមាននៅក្នុងតែជីរអង្កាមមួយកែវ មានគុណសម្បត្តិអាចធ្វើការប្រឆាំងនឹងមេរោគ និងបាក់តេរី ហើយព្រមទាំងធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អជាងមុនផងដែរ។

ជាពិសេសផងនោះ វាថែមទាំងអាចជួយកាត់បន្ថយ បរិមាណជាតិអាស៊ីត និងហ្គាស (ឧស្ម័ន) ដែលមាននៅក្នុងក្រពះ ជួយសម្រួលដល់បញ្ហា តឹង ហើម ចុកច្អល់ក្នុងពោះ និងជំងឺរាគរូសជាដើម។

តែជីរអង្កាមជំនួយប្រព័ន្ធរំលាយអាហារ

៦.ធ្វើឱ្យប្រព័ន្ធកាពាររាងកាយកាន់តែរឹងមាំ

ជីរអង្កាម មានផ្ទុកទៅដោយ ប៉ូតាស្យូម វីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំ ឬគេហៅថាប្រព័ន្ធការពាររាងកាយកាន់តែរឹងមាំ អាចធ្វើការប្រឆាំងនឹងមេរោគ បាក់តេរី បង្កជាមេរោគ និងជំងឺផ្សេងៗនៅក្នុងរាងកាយបានយ៉ាងល្អផងដែរ។

តែជីរអង្កាមធ្វើឱ្យប្រព័ន្ធកាពាររាងកាយកាន់តែរឹងមាំ

៧. ធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លា

ជីរអង្កាម មានគុណប្រយោជន៍ដ៏ធំមួយ និងសំខាន់បំផុត ដែលអ្នកណាៗក៏បានដឹងស្ទើរតែគ្រប់គ្នាថាវាអាចជួយធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លា ថែមទាំងអាចបំបាត់ក្លិនមាត់មិនល្អផងដែរ ដែលជាហេតុធ្វើឱ្យផលិតផលថ្នាំដុសធ្មេញ ទឹកខ្ពុរមាត់ ឬស្ករគ្រាប់ផ្សេងៗភាគច្រើនតែងតែមានធាតុផ្សំពិស្លឹកជីរអង្កាមមួយនេះ។ សម្រាប់ការទទួលទានតែជីរអង្កាម ក៏អាចជួយអ្នកសោះស្រាយបញ្ហាក្លិនមាត់ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ខ្យល់ដង្ហើមស្រស់ថ្លាបានដូចគ្នា។

តែជីរអង្កាមធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លា

# វិធីធ្វើតែពីស្លឹកជីរអង្កាមងាយៗ

- ជាដំបូង យកស្លឹកជីរអង្កាមប្រមាណជា ១បាច់ល្មម បេះយកតែស្លឹកលាងទឹកឱ្យស្អាត រួចដាំជាមួយនឹងទឹកក្នុងឆ្នាំងចំនួន ២ពែង រហូតដល់ពុះ។

វិធីធ្វើតែជីរអង្កាម

- ទុកទឹកនេះពុះឱ្យបាន ២ទៅ៣នាទី សឹមបិទភ្លើង ហើយទុកឱ្យត្រជាក់សិន ឬនៅក្តៅឧណ្ហៗ សឹមច្រោះយកតែទឹកមកប្រើការ។

វិធីធ្វើតែជីរអង្កាម

- នៅពេលទទួលទាន អ្នកអាចបន្ថែមស្លឹកជីរអង្កាមស្រស់ៗ ៣ ទៅ៤សន្លឹកទៀត ដើម្បីបង្កើនក្លិនក៏បាន។ ជាពិសេសអ្នកអាចលាយទឹកឃ្មុំ ឬក្រូចឆ្មារបន្ថែមទៅក្នុងទឹកតែជីរអង្កាមក៏បានរាល់ពេលអ្នកទទួលទាន ដើម្បីបង្កើនរសជាតិ។

ចំណាំ៖ អ្នកគួរតែទិញជីអង្កាមស្រស់ៗ គ្មានជាតិពុល ឬជាតិគីមី តែដែលល្អបំផុត គួរតែមានដាំជីរអង្កាមនៅក្នុងបរិវេណផ្ទះ ក៏ជាការប្រសើរបំផុត៕  

តែជីរអង្កាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]