(មណ្ឌលគិរី)៖ តាមសេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ប្រចាំខេត្តមណ្ឌលគិរី បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មានករណីផ្ទុះគ្រាប់បែកកែច្នៃ នៅក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បណ្ដាលឲ្យបុរស២នាក់ រងរបួសធ្ងន់ធ្ងរ ខណៈពេលនេះ កំពុងបញ្ជូនមកសម្រាកព្យាបាល នៅមន្ទីពេទ្យបង្អែកពេទ្យខេត្ត។

ហេតុការណ៍ផ្ទុះគ្រាប់បែកកែច្នៃ ដែលបង្កឲ្យមានភ្ញាក់ផ្អើលខាងលើ បានកើតឡើង នៅវេលាម៉ោង១០៖៣០នាទី នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ នៅចំនុចអូរអញ្ជ័រ ក្នុងផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអន្ត្រេះ ឃុំអបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ពាក់ព័ន្ធនឹងករណីនេះ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ក៏បានស្នើឲ្យក្រុមក្រុមគ្រូពេទ្យបង្អែក ពន្លឿនក្នុងការបញ្ជូនអ្នកជំងឺទៅសង្រ្គោះបន្ត និងបញ្ជាឲ្យសមត្ថកិច្ច នៅស្រុកកោះញែក ធ្វើការស្រាវជ្រាវរកមូលហេតុពិត នៃករណីផ្ទុះមួយនេះផងដែរ។

បើតាមលោក ខ្លូត សុឃា អធិការស្រុកកោះញែក បានប្រាប់ឲ្យដឹង នៅរសៀលថ្ងៃនេះថា ជនរងគ្រោះទាំង២នាក់ ទី១៖ ឈ្មោះ ផុន ញ៉ អាយុ៥៨ឆ្នាំ រស់នៅភូមិអន្រេះ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី, ទី២៖ ឈ្មោះ ខាត់ ណា អាយុ២៤ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា។ លោក ខ្លូត សុឃា បានឲ្យដឹងទៀតថា នៅពេលលាន់លឺស្នូរសំឡេងផ្ទុះ សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ស្រាប់តែឃើញមនុស្សប្រុសចំនួន២នាក់ បានរងរបួស នៅកន្លែងកើតហេតុ។

តាមសាក្សីបញ្ជាក់ប្រាប់សមត្ថកិច្ចនៅទីនោះ មូលហេតុអ្នករងគ្រោះទាំង២នាក់ កំពុងនាំគ្នាយករំសេវ ទៅដាក់ក្នុងកំប៉ុងទឹកដោះគោ រួចយកគីបទៅដាក់ក្នុងនោះដែរ រួចបង្ហាប់នាំគ្នាបុក ដើម្បីឲ្យណែន ស្រាប់តែមានការផ្ទុះបណ្តាលឲ្យរងគ្រោះថ្នាក់តែម្តង។ សូមជម្រាបថា ការកែឆ្នៃគ្រាប់បែកខាងលើនោះ គឺបំរ៉ងយកទៅបោកត្រី។

លោក ទុយ ស្រស់ ប្រធានស្តីទីពេទ្យបង្អែកខេត្ត បានបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ខាងលើ ម្នាក់រងរបួសដាច់ដៃ ទាំងសងខាង និងម្នាក់ទៀត បានរងរបួសឆេះរោលរាល របួសពេញខ្លួន និងបែកគ្រាប់ភ្នែក។

លោកគ្រូពេទ្យ បានឲ្យដឹងថា ម្នាក់រងរបួសធ្ងន់ ត្រូវធ្វើការបញ្ជូនទៅសង្រ្គោះនៅភ្នំពេញ រីឯម្នាក់ទៀតបញ្ជូនទៅសង្រ្គោះដូចគ្នា ប៉ុន្តែបញ្ជូនទៅពេលក្រោយ៕

ផ្ទុះគ្រាប់បែកកែច្នៃ នៅខេត្តមណ្ឌលគិរី បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់
ផ្ទុះគ្រាប់បែកកែច្នៃ នៅខេត្តមណ្ឌលគិរី បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់
ផ្ទុះគ្រាប់បែកកែច្នៃ នៅខេត្តមណ្ឌលគិរី បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់
ផ្ទុះគ្រាប់បែកកែច្នៃ នៅខេត្តមណ្ឌលគិរី បណ្ដាលឲ្យបុរស២នាក់រងរបួសធ្ងន់

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]