ចិន៖ មានរបាយការណ៍ថាចិនបានបញ្ជូនកងទ័ព៦ម៉ឺននាក់ឲ្យទៅដាំដើមឈើ ក្នុងបំណងចង់ឲ្យផ្ទៃដីប្រទេសគ្របដណ្ដប់ដោយព្រៃឈើច្រើនជាងបច្ចុប្បន្ន។ កងវរសេនាធំរបស់យោធាចិនរួមនឹងមន្ត្រីប៉ូលិសផងនោះត្រូវបានបញ្ជូនទៅព្រំដែនភាគខាងជើងប្រទេស ឲ្យមកធ្វើកិច្ចការមួយដែលមិនទាក់ទងនឹងយោធានៅខាងក្នុងប្រទេសទៅវិញ។

មួយភាគធំនៃកម្លាំងទ័ពនោះត្រូវបានគេបញ្ជូនទៅខេត្ត Hebei ដែលមានព្រំប្រទល់ជាប់នឹងទីក្រុងប៉េកាំង។ ហើយទីតាំងដែលគេនឹងដាំដើមឈើត្រូវបានគេដឹងថាជាកន្លែងដែលបញ្ចេញផ្សែងពុលច្រើនជាងគេ ដែលធ្វើឲ្យទីក្រុងប៉េកាំង ពោរពេញទៅដោយផ្សែង។  បច្ចុប្បន្នចិនកំពុងស្វែងរកបច្ចេកវិទ្យាផ្សេងៗដើម្បីទប់ស្កាត់ផលប៉ះពាល់និងស្ដារឡើងវិញនូវបរិស្ថានដែលខូចខាតរបស់ខ្លួន។

ផ្សែងនៅទីក្រុងប៉េកាំង

វាជាផ្នែកមួយក្នុងគម្រោងរបស់ចិនដើម្បីគ្របដណ្ដប់ផ្ទៃដីរបស់គេដោយដើមឈើឲ្យបានយ៉ាងតិច ៨ម៉ឺន៤ពាន់គីឡូម៉ែត្រការ៉េ ហើយទំហំផ្ទៃដីនេះគឺប្រហែលនឹងពាក់កណ្ដាលផ្ទៃដីប្រទេសកម្ពុជា។

គោលដៅរបស់គេគឺដើម្បីឲ្យមានព្រៃឈើគ្របដណ្ដប់ពី ២១ភាគរយ ទៅ២៣ភាគរយនៃផ្ទៃប្រទេសនៅឆ្នាំ ២០២០។ លោក Zhang Jianlong ដែលជាប្រធានមន្ទីរព្រៃឈើនៃរដ្ឋាភិបាលចិនបាននិយាយថា ភាគរយនេះនឹងឡើងដល់ ២៦ភាគរយនាឆ្នាំ២០៣៥។

រូបតំណាង

គាត់បន្ថែមថា “ក្រុមហ៊ុន អង្គការ ហើយនិងអ្នកជំនាញទាំងអស់ផ្នែកព្រៃឈើគឺនឹងត្រូវស្វាគមន៍ក្នុងបេសកកម្មដ៏ធំសម្បើមមួយនេះ។ កិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលជាមួយនឹងសាធារណៈគឺត្រូវចាត់ទុកជាកត្តាចំបងបំផុត។” 

គួរបញ្ជាក់ផងដែរថាចិនជាប្រទេសមួយដែលទទួលរងផលប៉ះពាល់ដោយផ្សែងពុលនិងកំពុងប្រឹងប្រែងទប់ទល់វា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]