(ភ្នំពេញ)៖ ការដ្ឋានស្ថាបនាស្ពានបាឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ទៅផ្លូវជាតិលេខ៥ សម្រេចលទ្ធផលបាន៦០%ហើយ ខណៈដែលស្ពាននេះ ត្រូវប្រើ ប្រាស់រយៈពេល៦ខែ ពោលគឺគម្រោងនេះ នឹងត្រូវបញ្ចប់នៅមុនចូលឆ្នាំខ្មែរខាងមុខនេះ ដើម្បីសម្រួលចរារចណ៍ជូនប្រជាពលរដ្ឋ ខណៈស្ពានកម្ពុជា-ជប៉ុន បាននឹងកំពុងជួលជុល។

បើតាមការបញ្ជាក់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា មកដល់ពេលនេះ ការដ្ឋានស្ពានបាឡេឫស្សីកែវ សម្រេចបាន៦០%ហើយ ដោយក្នុងខណៈពេលនេះ ការដ្ឋានបាននិងកំពុងស្ទូចតម្លើងគ្រោងដែកតួស្ពាន និងកម្រាលស្ពានឆ្លងកាត់ទន្លេសាប។

លោក សាំ ពិសិដ្ឋ បន្ដថា ក្រុមការងារការដ្ឋាន សូមស្នើដល់ម្ចាស់ជលយានយន្ត ដែលធ្វើដំណើរឆ្លងកាត់ទីតាំងការដ្ឋាន សូមមេត្តាបើកបរជលយានយន្តបន្ថយល្បឿន ឲ្យបានយឺតបំផុត ដើម្បីកាត់បន្ថយទឹករលក និងយកចិត្តទុកដាក់ខ្ពស់ពីសុវត្ថិភាពការដ្ឋាន។

ស្ពាននេះ មានប្រវែង ៥០៦ម៉ែត្រ ទទឹង ១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វារ សម្រាប់ជួយបម្រើការការដ្ឋានសាងសង់ស្ពានបេតុងអារមេ និងជួយសម្រួលចរាចរ ដែលកំពុងកកស្ទះនៅស្ពានជ្រោយចង្វារ ដែលកំពុងដំណើរការជួសជុល។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ បានអញ្ជើញបើកការដ្ឋានសាងសង់ ស្ពានបេតុងមួយខ្សែ ស្របជាមួយស្ពានបាឡេនេះ។

បើតាមមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានបេតុងដែលគ្រោងស្ថាបនា នៅអមជាមួយស្ពានបាឡេនេះ មានប្រវែង៩២២ម៉ែត្រ ទទឹង២០,៥ម៉ែត្រ។ ចិញ្ចើមស្ពានសម្រាប់ថ្មើរ ជើង មានទទឹង១,២៥ម៉ែត្រសងខាង, កំពស់សរសរស្ពានសំរាបព្យួរខ្សែកាប ធៀបនឹងកំរាលស្ពាន៣៤ម៉ែត្រ សរសរសំរាប់ព្យួរខ្សែកាប មានសរសរចំនួន៤, គន្លងខ្សែយានយន្តទទឹង ៣.៧៥ម៉ែត្រ, គន្លងធ្វើចរាចរ២ខ្សែទៅ២ខ្សែមក, កំពស់នាវាចរក្រោមស្ពានអតិបរមា នៅរដូវវស្សា១០.៥ម៉ែត្រ, កំពស់នាវាចរក្រោមស្ពានអប្បរមា នៅរដូវប្រាំង២០.៥ម៉ែត្របំពាក់ បង្គោលភ្លើងបំភ្លឺ និងដាក់ស្លាកសញ្ញាចរាចរផងដែរ។

ស្ពាននេះ មានតួនាទីសំខាន់ក្នុងការរួមចំណែក រំដោះចរាចរលើផ្លូវជាតិលេខ៦ និងផ្លូវជាតិលេខ៥ ក៏ដូចជាច្រកចេញចូលរាជធានីភ្នំពេញ និងជាសមិទ្ធផលថ្មីមួយទៀត ជាចំណងដៃ សម្រាប់ រាជធានីភ្នំពេញ និងប្រជាពលរដ្ឋដែលបានឆ្លងកាត់ស្ពាន ក៏ដូចបង្កើនសរសៃឈាមសេដ្ឋកិច្ច តភ្ជាប់ពីបណ្តាខេត្ត មករាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញ ទៅតាមបណ្តាខេត្ត ផងដែរ ក្រោមអនុសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន៕

ស្ពានបាឡេឆ្លងកាត់​ទន្លេសាប ​ពីតំបន់អភិវឌ្ឍន៍​ជ្រោយចង្វារ ទៅផ្លូវជាតិ​លេខ៥
ស្ពានបាឡេឆ្លងកាត់​ទន្លេសាប ​ពីតំបន់អភិវឌ្ឍន៍​ជ្រោយចង្វារ ទៅផ្លូវជាតិ​លេខ៥
ស្ពានបាឡេឆ្លងកាត់​ទន្លេសាប ​ពីតំបន់អភិវឌ្ឍន៍​ជ្រោយចង្វារ ទៅផ្លូវជាតិ​លេខ៥
ស្ពានបាឡេឆ្លងកាត់​ទន្លេសាប ​ពីតំបន់អភិវឌ្ឍន៍​ជ្រោយចង្វារ ទៅផ្លូវជាតិ​លេខ៥

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]