ពេលកំពុងមានផ្ទៃពោះ ស្ត្រីត្រូវការថែទាំ និងប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីទាំងសុខភាពម្តាយ និងទារកក្នុងផ្ទៃ គឺត្រូវតែធ្វើយ៉ាងណាការពារកុំឱ្យកើតមានជំងឺ ឬការឆ្លងមេរោគណាមួយដល់ស្ត្រីជាម្តាយ ព្រោះថាប្រសិនជាសុខភាពម្តាយមិនល្អ ឬខ្សោយ វាក៏ធ្វើឱ្យមានផលប៉ះទង្គិចទៅដល់ទារកក្នុងផ្ទៃផងដែរ។

នៅក្នុងចំណោមបញ្ហាសុខភាពជាច្រើនដែលស្ត្រីមានផ្ទៃពោះភាគច្រើនតែងតែជួបប្រទះនោះ ជំងឺគ្រុនក្តៅ និងផ្តាសាយ តែងតែត្រូវបានគេបង្ហាញពីក្តីបារម្ភជាងគេតែម្តង ព្រោះភាគច្រើនជំងឺផ្តាសាយនេះអាចធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព និងការរីកលូតលាស់របស់ទារកក្នុងផ្ទៃ។

ប៉ុន្តែសម្រាប់ស្ត្រីដែលកំពុងតែមានផ្ទៃពោះ ឬកំពុងតែជួបបញ្ហាអាការគ្រុនក្តៅ ឬផ្តាសាយទាំងនេះ កុំទាន់អាលបារម្ភអី! អត្ថបទខាងក្រោមនេះ នឹងជួយបកស្រាយបន្ថែមលម្អិតអំពីជំងឺគ្រុនក្តៅពេលមានផ្ទៃពោះ រួមទាំងវិធីការពារ និងព្យាបាលផងដែរ៖

មានផ្ទៃពោះ ស្ត្រីត្រូវការថែទាំ និងប្រុងប្រយ័ត្នខ្ពស់បំផុត

# តើជំងឺគ្រុនក្តៅ និងផ្តាសាយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទារក?

ជាធម្មតា ប្រសិនជាសីតុណ្ហភាពរាងកាយរបស់ស្ត្រីមានផ្ទៃពោះ មានលើសពី ៣៧អង្សាសេ នោះបានន័យថាស្ត្រីកំពុងតែប្រឈមមុខនឹងជំងឺឆ្លងណាមួយហើយ ដែលត្រូវតែទាមទារការព្យាបាល ពិនិត្យ និងតាមដានតាមរយៈវេជ្ជបណ្ឌិតក្នុងដំណាក់កាលដំបូង ។ ហើយប្រសិនជា ស្រ្តីឡើងកម្តៅលើសពី ៣៨.៨ អង្សាសេ នៅក្នុងដំណាក់កាលមានផ្ទៃពោះត្រីមាសដំបូង គឺត្រូវតែទាមទារឱ្យធ្វើការព្យាបាលឱ្យលឿនជាទីបំផុត ព្រោះការបណ្តោយឱ្យជំងឺគ្រុនក្តៅនៅតែកើតមានបន្ត ដោយមិនបានធ្វើការព្យាបាល អាចធ្វើឱ្យមានគ្រោះថ្នាក់ណាស់ដល់សុខភាព និងការរីកលូតលាស់របស់ទារក។

នៅក្នុងនោះផងដែរ តាមរយៈការសិក្សាថ្មីមួយបានស្រាវជ្រាវរកឃើញថា ការដែលស្ត្រីមានជំងឺគ្រុនក្តៅក្នុងអំឡុងពេលមានផ្ទៃពោះ អាចធ្វើឱ្យមានការកើនឡើងហានិភ័យនៃជំងឺបេះដូង និងធ្វើឱ្យទារកមានការរីកលូតលាស់មិនប្រក្រតីណាមួយ ( Jaw defects at birth) ថែមទាំងអាចឱ្យទារករលូត ឬពិការភាពផងដែរ ។

ជំងឺគ្រុនក្តៅ និងផ្តាសាយអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទារក

# មូលហេតុនៃការកើតជំងឺគ្រុនក្តៅពេលមានផ្ទៃពោះ

ជំងឺគ្រុនក្តៅ ភាគច្រើនកើតមានឡើង ដោយសារតែមេរោគឆ្លងតាមផ្លូវទឹកនោម និងវីរុសដែលមាននៅក្នុងដង្ហើម ដែលជាហេតុធ្វើឱ្យជំងឺគ្រុនក្តៅ អាចមានការជាប់ទាក់ទងជាមួយនឹងជំងឺគ្រុនផ្តាសាយបានផងដែរ។ តែក៏មានករណីមួយចំនួនទៀតដែរ ដែលជាហេតុធ្វើឱ្យស្ត្រីដែលកំពុងតែមានផ្ទៃពោះ កើតជំងឺគ្រុនក្តៅ រួមមានដូចជា៖

- ផ្តាសាយ

- រលាកសួត

- ជំងឺឆ្លងនៅក្នុងសាច់ដុំបំពង់ក (Tonsillitis)

- មេរោគវីរុសក្នុងក្រពះ (Viral gastroenteritis ឬ Stomach virus )

- ជំងឺឆ្លងក្នុងតម្រងនោម (Pyelonephritis)។

ជំងឺគ្រុនក្តៅ ភាគច្រើនកើតមានឡើង ដោយសារតែមេរោគឆ្លងតាមផ្លូវទឹកនោម

# រោគសញ្ញានៃជំងឺគ្រុនក្តៅចំពោះស្ត្រីមានផ្ទៃពោះ

ដោយសារតែការកើតមានជំងឺគ្រុនក្តៅពេលស្ត្រីដែលកំពុងតែពពោះ អាចធ្វើឱ្យមានគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ការតាមដានរោគសញ្ញាដំបូង ពិតជាមានសារសំខាន់ខ្លាំងណាស់ ដើម្បីងាយស្រួលរកវិធីព្យាបាលឱ្យទាន់ពេលវេលា។

រោគសញ្ញានៃជំងឺគ្រុនក្តៅ ក្រៅពីរាងកាយឡើងកម្តៅ រួមមានសញ្ញាផ្សេងៗជាច្រើនទៀតដូចជា៖

- ដង្ហើមខ្លី

- ឈឺខ្នង

- គ្រុន ញាក់

- ឈឺចុកចាប់ក្នុងពោះ

- រឹងក (ពិបាកធ្វើចលនា)។

ក្រៅពីនេះ អាការពុលចំណី ក៏ជារោគសញ្ញាចម្បងមួយដែរ នៅពេលដែលអ្នកមានជំងឺគ្រុនក្តៅរ។ អាការពុលចំណីនេះ ភាគច្រើនកើតមកពីមេរោគ បាក់តេរី និងជាតិពុលដែលមាននៅក្នុងម្ហូបចំណីដែលអ្នកទទួលទានរួច។ ក្រៅពីរាងកាយរបស់ឡើងកម្តៅ និងគ្រុន អ្នកអាចនឹងមានអាការថាឈឺចុកចាប់ក្នុងពោះ វិលមុខ ក្អួត ក្អួតចង្អោរ ថែមទាំងរាគរូសផងដែរ។ ក្នុងករណីអ្នកមានជំងឺគ្រុនក្តៅដោយសារតែអាការពុលចំណីអាហារ អ្នកអាចបំពេញជាតិទឹកអេឡិចត្រូលីត្រនៅក្នុងរាងកាយបន្ថែមបាន ដើម្បីធ្វើការព្យាបាល។ តែប្រសិនជាកង្វះជាតិទឹកក្នុងខ្លួន ធ្វើឱ្យអ្នកសម្ពាធឈាមមានសភាពខុសពីប្រក្រតី អ្នកត្រូវតែទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

គ្រុនក្តៅពេលកំពុងតែពពោះ អាចនាំមកនូវក្តីគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ

# ធ្វើយ៉ាងណាប្រសិនជាគ្រុនក្តៅជាសះស្បើយដោយខ្លួនឯង?

អ្នកត្រូវចងចាំថា ការកើតមានអាការគ្រុនក្តៅ នៅអំឡុងពេលមានផ្ទៃពោះមិនមែនជារឿងធម្មតា ដែលអ្នកមិនត្រូវខ្វល់ ឬមិនអើពើនោះទេ បើទោះបីជាមិនទាន់ទទួលបានការព្យាបាល ឬលេបថ្នាំអ្វីផង វាស្រាប់តែជាសះស្បើយដោយខ្លួនឯងនោះ។ ល្អបំផុត អ្នកត្រូវតែទៅកាន់មន្ទីរពេទ្យជួបវេជ្ជបណ្ឌិតជំនាញ ដើម្បីធ្វើការពិនិត្យបន្ថែម និងព្យាបាលជាបន្ទាន់។

គ្រុនផ្តាសាយពេលមានផ្ទៃពោះ ​ត្រូវទៅមន្ទីរពេទ្យជាបន្ទាន់

# វិធីព្យាបាល និងការពារជំងឺគ្រុនក្តៅពេលមានផ្ទៃពោះ

ការកើតជំងឺគ្រុនក្តៅនៅក្នុងអំឡុងពេលមានផ្ទៃពោះ ប្រសិនជាអ្នកមានការប្រយ័ត្នប្រយែងខ្ពស់ និងប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ដើម្បីឱ្យវេជ្ជបណ្ឌិតជំនាញធ្វើការព្យាបាល និងផ្តល់ថ្នាំ ឱ្យទាន់ពេលវេលាវាមិនមែនជាបញ្ហាធ្ងន់ធ្ងរនោះទេ។

វិធីព្យាបាល

សម្រាប់ជំងឺគ្រុនក្តៅពេលមានផ្ទៃពោះ វិធីល្អបំផុតគឺទៅមន្ទីពេទ្យឱ្យវេជ្ជបណ្ឌិតធ្វើការព្យបាល និងផ្តល់ថ្នាំតាមប្រភេទមេរោគ និងបាក់តេរីដែលបង្កជាជំងឺគ្រុនក្តៅដូចជា៖

- ការកើតជំងឺគ្រុនក្តៅដោយសារតែវីរុស (Viral Illness) នៅអំឡុងពេលមានផ្ទៃពោះ ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងការប្រើថ្នាំ Tylenol អាចជួយធ្វើឱ្យអ្នកជាសះស្បើយបាន។

- ការកើតជំងឺគ្រុនក្តៅបង្កដោយមេរោគបាក់តេរី អាចធ្វើការព្យាបាលបាន ដោយប្រើថ្នាំអង់ទីប៊ីយ៉ូទិកតែប៉ុណ្ណោះ (Antibiotic) ។

វិធីការពារ

- ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ចៀសវាងការឆ្លងមេរោគ និងបាក់តេរីផ្សេងៗ ជាពិសេសគឺជំងឺផ្តាសាយ

- នៅឱ្យឆ្ងាយពីអ្នកជំងឺ

- អាចចាក់ថ្នាំវ៉ាក់សាំងការពារមេរោគផ្តាសាយក្នុងករណីចាំបាច់ តែត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិន។ ហាមដាច់ខាតប្រើថ្នាំវ៉ាក់សាំងការពារផ្តាសាយប្រភេទដាក់ក្នុងច្រមុះ (Nasal spray vaccines)។

គ្រុនក្តៅពេលមានផ្ទៃពោះ ត្រូវឱ្យវេជ្ជបណ្ឌិតពិនិត្យ និងព្យាបាល

ចំណាំ

- មិនថាតែការកើតអាការគ្រុនក្តៅ ឬកើតមានអាការជំងឺផ្សេងៗពេលមានផ្ទៃពោះនោះទេគឺហាមប្រើថ្នាំ ឬរកវិធីព្យាបាលដោយខ្លួនឯង។

- ហាមដាច់ខាត ការប្រើថ្នាំ អាស្ព្រីរីន (Aspirin) និងថ្នាំ Ibuprofen ក្នុងអំឡុងពេលមានផ្ទៃពោះ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]