ជំងឺរាក់ស៊ីធ្មេញ (scurvy) គឺជាជំងឺដែលបណ្តាលមកពីកង្វះវីតាមីន C ឬកង្វះអាស៊ីត ascorbic ដែលវានាំឲ្យមានបញ្ហាដូចជាខ្សោយ មានសភាពស្លេកស្លាំង មានជំងឺអញ្ចាញធ្មេញ និងកើតមានបញ្ហាទាក់ទងទៅនឹងស្បែកផងដែរ។

ហេតុនេះអ្នកត្រូវដឹងថាវីតាមីន C គឺជាសារធាតុចិញ្ចឹមចាំបាច់ដែលជួយដល់រាងកាយក្នុងការស្រូបយកជាតិដែក ផលិតជាតិខូឡាជែន និងជាពិសេសវាការពារអ្នកពីការកើតមានជំងឺរាក់ស៊ីធ្មេញតែម្តង ព្រោះបើកាលណាអ្នកកើតមានបញ្ហាកង្វះវីតាមីន C រយៈពេល៣ខែ នោះវានឹងធ្វើឲ្យអ្នកលេចចេញនូវរោគសញ្ញានៃជំងឺរាកស៊ីធ្មេញឡើងមក។ 

ជំងឺរាក់ស៊ីធ្មេញ(scurvy)

តោះ! ស្វែងយល់អំពីរោគសញ្ញានៃជំងឺរាក់ស៊ីធ្មេញដូចខាងក្រោម

១ / បញ្ហាស្បែក៖ សញ្ញាមួយក្នុងចំណោមរោគសញ្ញាដំបូងនៃជំងឺរាក់ស៊ីធ្មេញគឺមានការលេចឡើងជាស្នាមពណ៌ក្រហម ឬ ស្នាមជាំពណ៌ខៀវតិចៗ នៅត្រង់ឬសសក់។ ម្យ៉ាងទៀតគលសក់មានសភាពកណ្តាញ់ និងមានឈាមតិចៗដែលងាយនឹងដាច់។

២/ បញ្ហាមាត់ធ្មេញ៖ វាលេចចេញឡើងនូវអាការហើម និងក្រហមនៅលើអញ្ចាញ ហើយជាពិសេសនោះគឺអញ្ចាញងាយនឹងមានហូរឈាម ប្រសិនបើមានការកកិតណាមួយ។ ទន្ទឹមនឹងនេះផងដែរ ជំងឺរាក់ស៊ីធ្មេញនេះវាបណ្តាលឲ្យមានបញ្ហាមាត់ធ្មេញមិនល្អ។

៣/ បញ្ហាសាច់ដុំ ឬឆ្អឹង៖ សន្លាក់អាចហើម និងងាយបាក់ ហើយថែមទាំងមានការឈឺចាប់ធ្ងន់ធ្ងររហូតដល់មិនអាចដើរបានទៀតផង។

៤/ កើតមានបញ្ហាភ្នែក៖ ជំងឺរាក់ស៊ីធ្មេញមួយនេះវានឹងធ្វើឲ្យភ្នែកមើលមិនសូវច្បាស់ ឬភ្នែកមានសភាពស្ងួត និងមានការរលាកផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក៏អាចកើតមានការហូរឈាម នៅពីក្រោមបរិវេណគ្រាប់ភ្នែក និងនៅក្នុងបំពង់សរសៃប្រសាទអុបទិកទៀតផង។

៥/ ភាពស្លេកស្លាំង៖ អាការស្លេកស្លាំងនឹងកើតឡើងដល់ទៅ ៧៥ភាគរយនៃអ្នកជំងឺរាក់ស៊ីធ្មេញ។ លើសពីនេះទៅទៀតវាក៏កើតមានបញ្ហាបេះដូង និងសួត ដែលធ្វើឲ្យមានការពិបាកដកដង្ហើម សម្ពាធឈាមទាប និងអាចនាំឲ្យមានការឈឺទ្រូងរហូតដល់ស្លាប់ផងដែរ។ 

ជំងឺរាក់ស៊ីធ្មេញ(scurvy)

ដោយឡែកខាងក្រោមនេះគឺជាការការពារនៃជំងឺរាក់ស៊ីធ្មេញដែលអ្នកចាំបាច់ត្រូវដឹង៖

• ជំងឺរាក់ស៊ីធ្មេញអាចការពារបានដោយការទទួលទានវីតាមីន C ឱ្យបានគ្រប់គ្រាន់ តាមរយៈរបបអាហារប្រចាំថ្ងៃ ឬជួនកាលអ្នកអាចប្រើប្រាស់ផលិតផលដែលជាអាហារបំប៉ន។

• ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីគួរតែទទួលទានវីតាមីន C ចំនួន ៨៥មីលីក្រាម រហូតដល់ ១២០មីលីក្រាមនៅខណៈពេលបំបៅកូនដោយទឹកដោះ។

• សម្រាប់អ្នកជក់បារីត្រូវការវីតាមីន C ៣៥មីលីក្រាម ច្រើនជាងអ្នកដែលមិនជក់បារី។

រូបភាពតំណាង

• ទទួលទានអាហារដែលសម្បូរទៅដោយវីតាមីន C រួមមានពពួកផ្លែក្រូច ផ្លែស្ត្របឺរីប៊ឺរី ផ្លែត្របែក ផ្លែគីវី ផ្លែល្ហុង និងបន្លែដូចជាការ៉ុត ប៉េងប៉ោះ ស្ពៃខ្មៅ ស្ពៃក្តោប ដំឡូង ឬផ្កាខាត់ណាខៀវជាដើម។ ជាទូទៅការទទួលទានបន្លែ ផ្លែឈើស្រស់ៗ គឺជាជម្រើសដ៏ល្អបំផុតដែលអាចផ្តល់វីតាមីន C គ្រប់គ្រាន់ក៏ដូចជាការពារជំងឺរាក់ស៊ីធ្មេញបាន៕

អាហារដែលសម្បូរទៅដោយវីតាមីន C

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]