អាមេរិក៖ បើសិនជាអ្នកបានឃើញវីដេអូអំពីឆ្កែយន្តរបស់ Boston Dynamics ដែលចេះបើកទ្វារឲ្យគ្នាវានោះ អ្នកនឹងអាចគិតថាអវសានរបស់មនុស្សលោកគឺពិតជាខិតជិតមែនទែនហើយ។

ក៏ប៉ុន្តែមហាសេដ្ឋីដែលជាអ្នកបង្កើតក្រុមហ៊ុន Microsoft លោក Bill Gates បានផ្ដល់ហេតុផលមួយចំនួនដែលថាអវសានពិភពលោកមិនអាចទាន់មាននៅឡើយទេ។

អ្នកបង្កើតក្រុមហ៊ុន Microsoft លោក Bill Gates

គាត់និយាយថា “AIអាចធ្វើជាមិត្តយើងបាន”។ ហើយពេលឆ្លើយតបនឹងសំណួរដែលថា អ្នកគិតថានឹងមានអ្វីកើតឡើងចំពោះមនុស្សលោក បើសិនជាការអភិវឌ្ឍទៅលើ AI កាន់តែដើរទៅមុខនោះ? គាត់បានតបវិញថា “វាអាចជួយឲ្យមនុស្សអាចធ្វើនិងទទួលបានច្រើនជាងមុន ហើយដោយមិនចាំបាច់ប្រឹងខ្លាំងដូចមុន។”

មនុស្សយន្តកំពុងជួយមនុស្សពិការ

គាត់់បន្ថែមថា “AIគ្រាន់តែជាបច្ចេកវិទ្យាចុងក្រោយបំផុតដែលអាចឲ្យយើងផលិតទំនិញ  និងសេវាកម្មបានច្រើនជាងមុនដោយប្រើពលកម្មតិច។ ហើយបច្ចេកវិទ្យាថ្មីៗ បានជួយយើងជាច្រើនក្នុងកំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។”

មនុស្សយន្តក្នុងរោងចក្រ

គាត់បន្តទៀតថា “មនុស្សធ្លាប់ចេញធ្វើស្រែចំការ និងដាំដំណាំទាំងអស់គ្នា ហើយមនុស្សក៏មិនទទួលបានអាហារច្រើននោះដែរ នៅពេលដែលអាកាសធាតុមិនអំណោយផល មនុស្សអាចដាច់ពោះបាន។ ប៉ុន្តែបច្ចុប្បន្ននៅពេលដែលមានគ្រាប់ពូជ ជី និងវត្ថុជាច្រើនទៀត មានភាពប្រសើរជាងមុន មនុស្សជាច្រើនលែងធ្វើជាកសិករទៀតហើយ។ ដូច្នេះហើយ AI គឺជាជំហ៊ានបន្ទាប់ទៀតរបស់មនុស្សដែលនឹងផ្ដល់ឲ្យយើងកាន់តែច្រើន។”

ម្ចាស់ក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk

ទស្សនៈសុទិដ្ឋិនិយមរបស់លោក Bill Gates ទៅលើ AI គឺផ្ទុយពីទស្សនរបស់ម្ចាស់ក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk ទាំងស្រុង។  លោក Musk មើលឃើញវាជាផ្លូវមួយទៅរកអវសាននៃជីវិតមនុស្សលោកនៅក្នុងផែនដីនេះបាន។ គាត់បន្ថែមថា “AIផ្ដល់គ្រោះថ្នាក់ឲ្យយើងខ្លាំងជាងប្រទេសកូរ៉េខាងជើងទៅទៀត។ ហើយវាជារឿងមួយដែលអាចនាំឲ្យមនុស្សលោកបាត់ពីផែនដីនេះបាន។”

រូបតំណាង

ហើយចំពោះរឿងការងារផងដែរនោះលោក Musk បាននិយាយថា “មនុស្សយន្ត នឹងអាចធ្វើអ្វីគ្រប់យ៉ាងបានល្អជាងមនុស្សទាំងអស់។”  គាត់បន្ថែមទៀតថា “ខ្ញុំមិនដឹងថាត្រូវធ្វើយ៉ាងណាចំពោះរឿងនេះនោះទេ វាជាបញ្ហាដែលគួរឲ្យខ្លាចបំផុតសម្រាប់ខ្ញុំ។” “ការងារដឹកជញ្ជូននឹងក្លាយជាការងារមុនដំបូងបំផុតដែលត្រូវបាត់ពីមនុស្ស ហើយពេលដែលខ្ញុំថាអ្វីគ្រប់យ៉ាង គឺទាំងអស់ គ្មានលើកលេងសូម្បីតែ ១ទេ។”  ហើយចំពោះសន្តិសុខពិភពលោកគាត់បាននិយាយថា “ចំពោះការអភិវឌ្ឍ AI វាមានតែផ្លូវ២ ប៉ុណ្ណោះ គឺវានឹងជួយឲ្យមនុស្សរស់នៅស្រួលជាងនេះ  ឬក៏វានឹងលុបយើងចេញពីភពផែនដីនេះ៕”

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]