នៅខណៈដែល​ការ​មក​ដល់​នៃរថយន្ត Rolls-Royce ​ម៉ូដែល Cullinan កាន់តែខិតចូលជិត​នោះ ការ​រៀបចំតុប​តែង​ចុ​ង​ក្រោយ​កំពុង​តែ​ប្រព្រឹត្តទៅ ហើយ​នៅសប្ដាហ៍នេះ ក្រុមហ៊ុន​រថយន្ត Rolls-Royce ផ្ដល់ឱកាស​ឲ្យបានឃើញ​នូវកន្លែង​​អង្គុយ​​ដ៏ល្អបំផុត​​​ ។

លើសពី​រថយន្ត SUV ឬ Crossover ឬ រថយន្ត​សម្រាប់ជិះ​​ក្នុងផ្លូវលំបាកផ្សេងទៀត​​ ប៉ុន្តែ រថយន្ត Rolls-Royce ម៉ូដែល Cullinan នឹង​ក្លាយជា​រថយន្ត​ដែលបើកបរ​​ដោយមិនបាច់​ប្រឹង និងទៅគ្រប់ទីកន្លែង ដោយ​ផ្ដល់​នូវ​ប្រណីតភាពគ្រប់ទិសទី ដែល​ម្ចាស់​របស់ខ្លួន​ចង់​ធ្វើដំណើរទៅ។ ប្រណីតភាព​គ្មាន​ដែន​កំណត់​បែបនេះ នឹង​ត្រូវ​បាន​បង្កើនថែមទៀត​​តាមរយៈឈុត​គ្រឿង​បំពាក់​​ប្រណីតៗ ដែលមាន​តែ​អ្នករចនា​ម៉ូត សិប្បករ និងនិង​វិចិត្រករ​​​នៅ​រោង​ចក្រ​របស់​រថយន្ត Rolls-Royce ប៉ុណ្ណោះដែល​អាច​នឹង​ស្មានដល់ និង​បង្កើត​បាន។​

គ្រឿង​បំពាក់​ប្រណីត​ពិតៗ​​ដំបូង​គេ​ណោះ គឺកន្លែងអង្គុយទស្សនាទេសភាព​​​​ (Viewing Suite) របស់​រថយន្ត Rolls-Royce Cullinan។

រថយន្ត Rolls-Royce Cullinan

កន្លែង​អង្គុយ​របស់​រថយន្ត Rolls-Royce នេះ​ត្រូវបាន​រចនា និង​ផលិតឡើង​នៅ​រោង​ចក្រ​របស់ Rolls-Royce ក្នុងទីក្រុង​ Goodwood ហើយ​កន្លែងអង្គុយនេះ​នឹងមាន​ដំណើរការ​ដោយស្វ័យ​ប្រវត្តិ​ ដោយគ្រាន់តែ​ចុច​លើ​ប៊ូតុង​មួយ​ប៉ុណ្ណោះ។​ ពូកចំនួនពីរ​ដែលបែរ​ទៅក្រោយ ធ្វើពីស្បែក​​ប្រណីត​បំផុត និង​មានលក្ខណៈទំនើប​ទាន់​សម័យ​ស្រស់​ស្អាត​ ព្រមជាមួយនឹង​តុ​ដាក់​ស្រា​​ បង្ហាញខ្លួន​សន្សឹមៗ​យ៉ាង​សមសួន​ចេញពី​ផ្នែក​ខាង​ក្រោយ​​របស់​រថយន្ត Cullinan។

ជាមួយនឹង​កន្លែងអង្គុយប្រណីត​ និង​មានផាសុកភាពនេះហើយ ដែល​ម្ចាស់​រថយន្ត Cullinan អាច​គយគន់​ទស្សនីយភាព​​​ដ៏ស្រស់​ត្រកាល​របស់ពិភពលោក ឬ​ទស្សនា​កម្មវិធីកីឡា ឬ​មើលកូនៗ​របស់ខ្លួ​ចូលរួម​ក្នុងទិវា​កីឡា​ក្នុង​សាលារៀន​របស់គេ។

មិនថា អ្នកទៅទីណា​នោះទេ កន្លែងអង្គុយគយគន់​ទេសភាព របស់​រថយន្ត Rolls-Royce Cullinan ធានាថា ជា​ពូកអង្គុយ​ដ៏ល្អ​បំផុត​។

នេះជាវិធីសាស្ត្រ​ដំបូងគេ​ហើយ​សម្រាប់​ឧស្សាហកម្ម​យានយន្ត ក៏ដូចជា​ឧស្សាហកម្ម​ផលិតផលប្រណីត ហើយ​កើត​ចេញពី​ការ​យល់​ដឹង​យ៉ាង​ស៊ីជម្រៅ​​​អំពី​របៀបរបប​រស់នៅ និង​ការ​រំពឹងទុក​​របស់អតិថិជន​​ ដែល​យល់​ដឹង​បំផុត​​នៅក្នុងពិភពលោក គឺអតិថិជន​របស់​រថយន្ត Rolls-Royce។​

រថយន្ត Rolls-Royce Cullinan

អគ្គនាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​រថយន្ត Rolls-Royce លោក Torsten Müller-Ötvös បាន​ថ្លែងថា៖

“​ចាប់​តាំងពីថ្ងៃដំបូងដែលយើងគិត​ឃើញអំពីរថយន្ត Cullinan យើង​បាន​ផ្ដោត​លើ​ការ​ផ្ដល់​នូវ​រថយន្ត​ Rolls-Royce ដែល​មានភាព​បរិសុទ្ធ និង​ប្រណីតពិតៗ​ ដល់អតិថិជន​របស់​យើង​​តាមរយៈគ្រឿង​បំពាក់​​ដ៏ស្រស់​ត្រកាល​​ និង​គួរ​​ឲ្យ​រំភើប​នានា។​ សម្រស់​របស់​កន្លែងអង្គុយ​គយ​គន់ទេសភាព​របស់​រថយន្ត Cullinan ដែល​មាន​ដំណើរការ​ដោយ​ពុំ​បាច់​ប្រឹង​ ផលិតឡើង​ដោយការ​ផ្ចិត​ផ្ចង់​ ដោយបំពាក់​ដោយ​ស្បែក​ដែល​ប្រណីត​បំផុត​ ហើយ​ស៊ីគ្នា​នឹង​ផ្ទៃ​ខាង​ក្នុង​របស់​រថយន្ត​ Cullinan ។ ទាំង​អស់នេះ​ហើយ​ ដែល​ហាក់​បីដូចជា​ការ​នាំ​យក​​គ្រឿង​សង្ហារិម​ស្រស់​ស្អាត​​ទៅ កាន់​ទីកន្លែង​ឆ្ងាយៗ​បំផុត ហើយ​ទាំងអស់នេះ​សុទ្ធតែជាតឹក​តាង​បង្ហាញពី​សមត្ថភាពគ្មាន​គូ​ប្រៀប​​របស់​អ្នក​រចនា​ម៉ូត និង​សិប្បករ ផ្នែកច្នៃ​កុម្ម៉ង់​បែប​​ Bespoke នៅឯ​រោង​ចក្រ​រថយន្ត​ Rolls-Royce។ នេះជា​ផ្នែក​មួយ​ដ៏​ស្រស់​ស្អាត​​របស់​​គ្រឿង​សង្ហារិម​ ហើយ​នេះជា​កៅអីអង្គុយ​ដែល​ល្អ​បំផុត​”។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]