-អ្នកធានាជា មន្ដ្រីនគរបាល ហើយបោះសម្ដីថា ទោះប្ដឹងដល់ណា ក៏មិនឈ្នះគេដែរ

ភ្នំពេញ ៖ មើលទៅច្បាប់លែងធ្វើអ្វីកើត ចំពោះអ្នកមានលុយ និងមានអំណាចមួយចំនួនតូចហើយ ដោយសារតែពួកគេទាំងនោះ ត្រឹមតែយក លុយទៅបោះឱ្យអ្នករងគ្រោះ គឺជាការចប់រឿង បើទោះបីមានមនុស្សស្លាប់ និងរបួសជាច្រើនយ៉ាងណាក៏ដោយនោះ ពោលជីវិតរបស់ពួកគេ ជាពិសេសអ្នកក្រីក្រ មិនស្មើនឹងបាតជើងគេផង ។

ជាងនេះទៅទៀត អាងតែខ្លួនជាមន្ដ្រីជាន់ខ្ពស់ នៅក្នុងជួរកម្លាំងប្រដាប់អាវុធ ព្រមទាំងមាន លុយពេញហោប៉ៅ បានបោះពាក្យសម្ដីទៅកាន់ជនរងគ្រោះថា បើទោះបីប្ដឹងទៅដល់ណា ក៏មិនឈ្នះគេដែរ ដោយសារតែគ្នារបស់គេមានពេញ តុលាការ ។

ពាក្យសម្ដីមួយម៉ាត់នេះ តើព្រះរាជអាជ្ញា និងចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលជាស្ថាប័នឯករាជ្យមួយនោះ អាចទទួល យកបានដែរឬទេ? ជាក់ស្ដែង យោងតាមប្រភពព័ត៌មានមួយ បានទម្លាយចេញពីការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានឱ្យដឹង ថា ស្ដ្រីក្មេងបង្កហេតុម្នាក់ ដែលបើករថយន្ដរបស់ខ្លួន ម៉ាក ហាយឡែនឌឺ ទៅបុកមនុស្សស្លាប់ ២នាក់ និងរបួសធ្ងន់ ៤នាក់ កាលពីយប់រំលង អធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១១ ត្រូវបានដោះលែង ឱ្យមានសេរីភាពបាត់ទៅហើយ បន្ទាប់ពីជនបង្ករូបនេះ ត្រូវបានបុរសម្នាក់ មកធានា ដោយបង់ប្រាក់ឱ្យសពជនរងគ្រោះម្នាក់ៗ ៣០០០ដុល្លារ រីឯអ្នករងគ្រោះទាំង ៤នាក់ ម្នាក់ៗ ចំនួន ២០០០ដុល្លារ ប៉ុន្ដែភាគីជនរង គ្រោះ ទាមទារ ៤០០០ដុល្លារ ។

ការសងប្រាក់ គឺជារឿងមួយផ្សេង ប៉ុន្ដែគ្រោះថ្នាក់ចរាចរណ៍ រហូតបង្កឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាង ដូច្នេះ ជាបទព្រហ្មទណ្ឌហើយ ត្រូវនាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ប៉ុន្ដែផ្ទុយទៅវិញ ជនបង្ករូបនេះ បែរជាត្រូវដោះលែងទៅវិញ ។

គ្មានប្រភពព័ត៌មានណា បញ្ជាក់ជាផ្លូវការ ពីមូលហេតុពិតប្រាកដ ដែលនាំឱ្យដោះលែងជនបង្ករូបនេះឡើយ ប៉ុន្ដែបើគ្មានការផ្ដល់លុយ ក៏គ្មានការដោះលែងនោះទេ។

មជ្ឈដ្ឋានមួយចំនួន សូមអំពាវនាវ ដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បូករួមទាំងស្ថាប័ន តុលាការ ត្រូវត្រួតពិនិត្យករណីទាំងនេះផង បើមិនដូច្នោះទេ ច្បាស់ជាអ្នកមានអំណាច និងមានលុយមួយចំនួនតូច ដើរផឹកស៊ីហ៊ឺហា ហើយបើករថយន្ដបុកមនុស្សស្លាប់ និងរងរបួសរដូករណែលពេញផ្លូវ បន្ទាប់មកបានត្រឹមតែបោះលុយ ជាការចប់ តើយុត្ដិធម៌នៅត្រង់ណា សម្រាប់ជនរងគ្រោះ ហើយអ្នកចេញមកធានា គួរបញ្ចប់វប្បធម៌ទាំងនេះទៅ សង្គមមានច្បាប់ទម្លាប់ត្រឹមត្រូវ ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ ដ៏គួរឲ្យរន្ធត់មួយ បង្កឡើងដោយរថយន្ត មួយគ្រឿង ម៉ាកហាយឡែនឌ័រ បុករៈម៉ូតូពីរគ្រឿង កាលពីវេលាម៉ោង១២ និង២០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ ២០១១ នៅត្រង់ចំណុចផ្លូវលេខ១០៣ កែងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលឲ្យអ្នកជិះ ម៉ូតូ២នាក់ស្លាប់ ពេលបញ្ជូន ទៅដល់មន្ទីរពេទ្យ និង៤នាក់ទៀត រងរបួសធ្ងន់ធ្ងរ ។

ប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កហេតុម៉ាក ហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២R-៥២៥៦ បើកបរដោយនារីម្នាក់ មិនស្គាល់អត្តសញ្ញាណ និងអ្នករួមដំណើរ ២នាក់ទៀត (ប្រុសម្នាក់ស្រីម្នាក់)។ ចំណែកម៉ូតូ រងគ្រោះ មួយគ្រឿង ជិះគ្នា៣នាក់ ម៉ាកសេ១២៥ ស៊េរី២០០៧ ពាក់ស្លាកលេខ កណ្តាល ១D-១៨៥១ ស្លាប់២នាក់ និងរបួសម្នាក់ រីឯមួយគ្រឿងទៀត ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ១AN-៥០៩២ ជិះគ្នាបីនាក់ដែរ រងរបួសធ្ងន់ធ្ងរ ទាំងបីនាក់។

ប្រភពខាងលើ បានបន្តទៀតថា មុនពេលកើតហេតុ គេឃើញម៉ូតូជនរងគ្រោះ ទាំងពីរគ្រឿង ជិះទន្ទឹមគ្នា ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវលេខ១០៣ ពីជើង ទៅត្បូង ចំណែករថយន្តបង្កហេតុ បើកបរតាមបណ្តោយផ្លូវលេខ៣៦០ ពីលិចទៅកើត ដោយបើកក្នុងល្បឿនលឿនដូចគ្នា ។  លុះមកដល់ ចំណុចកើតហេតុខាងលើ នេះ រថយន្តបង្ក បានបុក ម៉ូតូជនរងគ្រោះ ដែលជិះទន្ទឹមគ្នា ពេញទំហឹង ហើយបានអូសម៉ូតូម៉ាកសេ១២៥ ប្រហែល ៣០ម៉ែត្រ ទើបរថយន្តធ្វើដំណើរទៅមុខលែងរួច ដោយសារកល់ម៉ូតូ ពីក្រោមរថយន្ត បណ្តាលឲ្យបុរសពីនាក់ ស្លាប់បាត់បង់ ជីវិត ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកបួននាក់ទៀត កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យ៕

ដកស្រង់ពីគេហរទំព័រដើមអម្ពិល

សូមបងប្អូនជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។សូមអរគុណ ខ្មែរស្រលាញ់ខ្មែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]