ចិន៖ ក្មេងតូចម្នាក់ត្រូវបានសង្គ្រោះដោយក្រុមគ្រូពេទ្យ បន្ទាប់ពីមានឧប្បត្តិហេតុ ជុងចង្កឹះចូលមាត់ចាក់ដល់ខួរក្បាល។

កាលពីថ្ងៃទី ១៨ កុម្ភៈ ២០១៨កន្លងទៅ ក្មេងប្រុសរងគ្រោះឈ្មោះ  Yang Yang បានដួលជុងនឹងចង្កឹះដោយចៃដន្យនៅក្នុងផ្ទះរបស់ខ្លួន នៅក្នុងទីក្រុង Hengyang ខេត្ត Hunan។

ក្មេងប្រុស Yang Yang

លោក Li ដែលត្រូវជាឪពុករបស់ Yang Yang បានប្រាប់ឲ្យដឹងថា នៅវេលាថ្ងៃត្រង់ មុនពេលកើតហេតុ ក្មេងប្រុសអាយុជិត ២ឆ្នាំកំពុងកាន់ចង្កឹះរត់លេងនៅក្នុងផ្ទះ ស្របពេលលោកយាយរបស់គេកំពុងរត់តាមពីក្រោយដើម្បីបញ្ចុកបាយ។ មិនបានប៉ុន្មានផងគេក៏បានទាក់ជើងនឹងឈើនៅមាត់ទ្វារផ្ទះ បណ្តាលឲ្យចង្កឹះជុងចូលក្នុងមាត់តែម្តង។

ជុងចង្កឹះចូលមាត់ ចាក់ដល់ខួរក្បាល

Yang Yang ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់មួយ ប៉ុន្តែក្រុមគ្រូពេទ្យបានប្រាប់ទៅគ្រួសាររបស់ក្មេងរងគ្រោះឲ្យបញ្ជូនបន្តទៅមន្ទីរពេទ្យ Xiangya ទី២ នៅខេត្ត Changsha វិញ និងបានធ្វើការវះកាត់ភ្លាមៗពេលទៅដល់ទីនោះនៅម៉ោង ៦ល្ងាច។

ក្រុមគ្រួពេទ្យ បានធ្វើការវះកាត់ក្មេងតូចនេះភ្លាមៗ

គ្រូពេទ្យបានថតឃើញចង្កឹះបុកចូលជ្រៅទៅដល់លលាដ៏ក្បាល ហើយក៏បានប៉ះចំខួរក្បាលផងដែរ។

គ្រូពេទ្យផ្នែកវះកាត់ឈ្មោះ Huang Wei និង Xiang Jun ព្រមទាំងប្រធានពេទ្យ Zhou Yangpo បានធ្វើការវះកាត់ឲ្យក្មេងនេះ ប៉ុន្តែពួកគេបានអះអាងថា នេះគឺជាការវះកាត់ដែលលំបាកបំផុត។

ក្រុមគ្រូពេទ្យបានកាត់ចង្កឹះចេញមួយកំណាត់ ដើម្បីឲ្យពួកគេអាចពាក់បំពុងអុកស៊ីហ្សែន ឲ្យ Yang Yang បាន។ បន្ទាប់មក ពួកគេក៏បានវះកាត់ចំហលលាដ៏ក្បាលខាងក្រោយ ដើម្បីស្វែងរកបំណែកចង្កឹះដែលនៅសល់។

គ្រូពេទ្យបានកាត់ចង្កឹះនោះចេញមួយកំណាត់
ចង្កឹះដែលបុកចូលក្នុងមាត់របស់ Yang Yang

ចុងក្រោយនៅព្រឹកបន្ទាប់ ចង្កឹះនោះត្រូវបានដកចេញពីលលាដ៏ក្បាលរបស់ក្មេងតូចរងគ្រោះ ដោយជោគជ័យ ជាមួយនឹងឈាមជាច្រើន។

បន្ទាប់ពីវះកាត់រួច ក្មេងតូចនេះបានដឹងខ្លួនឡើងវិញ ហើយគ្រូពេទ្យរំពឹងថា គេនឹងអាចចេញពីមន្ទីរពេទ្យនៅថ្ងៃបន្ទាប់បាន៕

គ្រូពេទ្យដែលបានវះកាត់ឲ្យ Yang Yang

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]