ខេត្តស្វាយរៀង ៖ បុរស២នាក់ដែលជាឃាតកររំលោភសម្លាប់នារីរងគ្រោះ អាយុ១៨ឆ្នាំក្នុងរថយន្តខ្លួន ហើយយកទៅទម្លាក់ចោលក្នុងទឹកក្បែកែងស្រែ ដែលបង្កឲ្យមានការភ្ញាក់ផ្អើល និងគួរឲ្យរន្ធត់យ៉ាងខ្លាំងនោះ គឺលោកចៅក្រមសាលាដំបូងខេត្តស្វាយរៀង បានចេញដីកាកំណត់ថ្ងៃបើកអង្គសវការជំនុំជម្រះក្តីនៅថ្ងៃទី២៦ ខាងមុខនេះហើយ ។
ជនជាឃាតករដៃដល់ទាំង២នាក់គឺ ទី១- ឈ្មោះ ឆើយ សុជាតិ និងម្នាក់ទៀតឈ្មោះ ផ្លែក សូនី អ្នកទាំង២ គឺជាអ្នករត់តាក់ស៊ី ក្នុងចំណតតាក់ស៊ីក្រុងបាវិត ទៅរាជធានីភ្នំពេញ ភ្នំពេញទៅក្រុងបាវិត ។ ពួកគេបានរួមគំនិតគ្នាចាប់រំលោភ ហើយសម្លាប់នារីបុគ្គលិក ម្នាក់ និងរំលោភសម្លាប់ភ្ញៀវជនជាតិវៀតណាមម្នាក់តាមផ្លូវ គឺមាន២ករណីយ៉ាងសាហាវព្រៃផ្សៃធ្វើឲ្យផ្អើលអស់មួយប្រទេសនោះគឺដល់ពេលយកមកកាត់ទោសហើយ ។
ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀងបានចេញដីកាកោះហៅកំណត់ថ្ងៃបើកសវនាការជំនុំជម្រះទោសជនសង្ស័យ ឈ្មោះឆើយ សុជាតិ និងឈ្មោះ ផ្លែក សូនី ឃាតកររត់តាក់ស៊ីនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២រសៀល នៅសាលកាត់ក្តីនៃសាលាដំបូងខេត្តស្វាយរៀងដែលមានលោកចៅក្រមក្រុមប្រឹក្សា សុវណ្ណ ចន្ទ័គ្រឹស្នា ជាប្រធានក្រុមប្រឹក្សា ,លោកស្រីចៅក្រម ហេង ផល្លា និងលោកចៅក្រម សោ ពន្លក ជាចៅក្រម ប្រឹក្សា ,ក្រឡាបញ្ជី លោកពេញសុផុន,តំណាងអយ្យការលោក គង់ ចន្ទ័ខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀងជាតំណាងអយ្យការ ។
ទាក់ទិនករណីនេះដែរ ក្រុមគ្រួសារជនរងគ្រោះ និងមហាជនកំពុងតែរង់ចាំប្រម៉ាញ់មើលលទ្ធផល ការបើកសវនាការយ៉ាងអន្ទះសារ ហើយសង្ឃឹមថា តុលាការសាលាដំបូងខេត្តស្វាយរៀង និងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងពីរនាក់ជាក់ជាពុំខាន ។
គួររំលឹកផងដែរថា ក្មេងស្រីអាយុ១៨ឆ្នាំម្នាក់ ដែលជិះរថយន្តតាក់ស៊ី ហើយត្រូវបានបាត់ការទាក់ទងជាមួយក្រុមគ្រួសារ២ថ្ងៃចាប់ពីថ្ងៃទី២ ខែសីហា ដល់ថ្ងៃ៤ ខែសីហា ឆ្នាំ២០១៧ ហើយត្រូវបានក្មេងដើរឃ្វាលក្របីប្រទះឃើញសាកសពអណ្តែតទឹក នៅក្នុងទឹកកែងស្រែស្ថិតក្នុងភូមិ តាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ហើយបានរាយការណ៍ជូនសមត្ថកិច្ចទៅពិនិត្យសាកសព រួចធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានទៅចាប់ឃាត់ខ្លួនបានបន្តបន្ទាប់ រួចសាកសួរចម្លើយរហូតជនជាឃាតករដៃដល់ទាំងពីរនាក់បានសារភាពរួចបានប្រគល់វត្ថុតាងដែលជាទ្រព្យសម្បត្តិនារីរងគ្រោះផ្តល់ជូនសមត្ថកិច្ច ។
បន្ទាប់មកសមត្ថកិច្ចនគបាល គឺលោកឧត្តមសេនីយ៍ កឹង ឃនស្នងការនៃស្នងការដ្ឋានគបាលខេត្តស្វាយរៀងបានធ្វើសន្និសិទកាសែតបង្ហាញមុខជនសង្ស័យទាំងពីរ ដល់មហាជនធ្វើឲ្យមានការរំជើបរំជួល និងភ្ញាក់ផ្អើលទូទាំងប្រទេស ។ ពេលនេះក្រុមគ្រួសារជនរងគ្រោះ និងមហាជនកំពុងអន្ទះសារចង់ដឹងនូវលទ្ធផលនៃសវនាការរបស់លោកចៅក្រមសាលាដំបូងខេត្តស្វាយរៀង ហើយសង្ឃឹមថា ក្រុមគ្រួសារជនរងគ្រោះ និងសពជនរងគ្រោះពិតជាទទួលបានយុត្តិធម៌ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]