កាលពីមុនៗអ្នកប្រហែលបានដឹងពីវិធីថែរក្សាសម្រស់ស្បែកមុខច្រើនយ៉ាង ច្រើនប្រភេទរួចមកហើយ តាមបែបធម្មជាតិ ទាំងប្រភេទម៉ាស់បិទមុខ/លាបមុខ ស្ក្រាប់លាបមុខជម្រុះកោសិកាស្បែកចាស់ៗ រួមទាំងវិធីព្យាបាល និងថែស្បែកមុខដទៃជាច្រើនមុខទៀត ដោយភាគច្រើនជាវិធីធ្វើម្តងសម្រាប់លាបមុខម្តងតែប៉ុណ្ណោះ។

តែពេលនេះ យើងនឹងណែនាំមិត្តអ្នកអាននូវវិធីថ្មី ដែលជាវិធីធ្វើគ្រីម ឬជែលលាបមុខ ដែលអាចឱ្យអ្នករក្សាទុកក្នុងកែវ ឬក្រឡបិទជិត ទុកសម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃ ព្រមទាំងប្រសិទ្ធភាពខ្ពស់ មិនចាញ់ផលិតផលគីមីដែលមានដាក់លក់នៅទៅផ្សារនោះទេ។

ចង់ដឹងវិធីធ្វើងាយៗ និងប្រសិទ្ធភាពល្អយ៉ាងណា ជួយអ្វីបានខ្លះមកតាមដានដំណាក់កាលងាយៗក្នុងការធ្វើគ្រីមលាបមុខទាំងពីរប្រភេទដូចខាងក្រោម៖

វិធីធ្វើគ្រីមឱ្យស្បែកមុខស្អាត

# គ្រីមលាបមុខងាយៗពីជែលប្រទាលកន្ទុយក្រពើ និងត្រសក់

វិធីធ្វើគ្រីមមួយនេះ ត្រូវបានគេរកឃើញថា ជារូបមន្តដ៏អាថ៌កំបាំងមួយរបស់ស្ត្រីជនជាតិចិន សម័យបុរាណ និងបន្តរហូតមកដល់បច្ចុប្បន្ន ។ ម្យ៉ាងវិញទៀត ធាតុផ្សំ និងសារធាតុសំខាន់ រួមទាំងវីតាមីនជាច្រើនមុខ បានមកពីការបញ្ចូលគ្នារវាង ប្រទាលកន្ទុយក្រពើ និងត្រសក់ អាចមានលទ្ធភាពអាចថែរក្សាស្បែកមុខបានច្រើនយ៉ាងដូចជា៖

- ធ្វើឱ្យស្បែកមុខស្អាត និងនៅតែក្មេងជាងវ័យស្ទើរតែមិនគួរឱ្យជឿ

- អាចប្រឆាំង និងការពារស្បែកមុខកុំឱ្យឆាប់ចាស់ជ្រីវជ្រួញតាមវ័យ

- ធ្វើឱ្យស្បែកមុខដែលឡើងជ្រីវជ្រួញបាត់អស់បន្តិចម្តងៗ

- ជួយឱ្យស្បែកមុខមើលទៅរលោង ស្រស់ថ្លា

- សម្បូរទៅដោយជាតិទឹក ដែលធ្វើឱ្យស្បែកមុខនៅតែទន់ រលោង និងមានសំណើម

- សម្បូរទៅដោយសារធាតុសំខាន់ៗជួយផ្តល់កម្រិតខូឡាជែនដល់ស្បែក ជាពិសេសគឺមុខងារបន្តឹងស្បែកមុខតែម្តង រួមទាំងគុណសម្បត្តិថែស្បែកមុខឱ្យស្អាតជាច្រើនទៀត។ 

គ្រីមលាបមុខពីជែលប្រទាលកន្ទុយក្រពើ និងត្រសក់

ដើម្បីកុំឱ្យរង់ចាំយូរ មកតាមដានការអនុវត្តវិធីធ្វើគ្រីមមួយមុខនេះទាំងអស់គ្នា៖

គ្រឿងផ្សំរួមមាន៖

- ប្រទាលកន្ទុយក្រពើយកតែ ជែល មកកិន ឬក្រឡុកឱ្យហ្មត់ក្លាយជាចាហួយស្មើរសាច់ ឬអ្នកអាចរកទិញផលិតផលជែលប្រទាលកន្ទុយលើទីផ្សារក៏បាន ដោយមានធាតុផ្សំសុទ្ធ ចាប់ពី ៨០ភាគរយឡើងទៅ )

- ផ្លែត្រសក់ ១ផ្លែ ឬ២ផ្លែ

- ប្រដាប់ឈូស ១ ប្រដាប់ត្រង១ និង ពែងលាយគ្រឿងផ្សំ ១

- ក្រឡ ឬកែវទុកសម្រាប់ដាក់ជែលប្រើប្រាស់

គ្រឿងផ្សំមានត្រសក់ ​និងជែលប្រទាលកន្ទុយក្រពើ

ការអនុវត្ត

- យកផ្លែត្រសក់ចិតសម្បកបៃតងចេញឱ្យអស់ លាងទឹកឱ្យស្អាត រួចយកមកឈូសឱ្យល្អិត ហើយសឹមយកប្រដាប់ត្រងច្រោះវា យកតែទឹកត្រសក់សុទ្ធៗស្រស់ៗមកប្រើប្រាស់។

ផ្លែត្រសក់ចិតសម្បក ​ឈូស​​រួចត្រងយកទឹក

- ដាក់ជែលប្រទាលកន្ទុយក្រពើនៅក្នុងចាន ប្រមាណជា ៣ ទៅ៤ស្លាបព្រាបាយ រួចលាយទឹកត្រសក់ដែលទើបតែធ្វើរួចក្នុងបរិមាណសមល្មម ហើយកូរបញ្ចូលគ្នាឱ្យសព្វល្អ។ គឺលៃយ៉ាងណាឱ្យល្បាយគ្រីមនេះ ស្មើសាច់ល្អ មិនរាវពេក មិនគោកពេក។

លាយជែលប្រទាលកន្ទុយក្រពើ ​ជាមួយទឹកត្រសក់

- ជាចុងក្រោយ អ្នកអាចយកគ្រីមនេះដាក់ក្នុងកែវ ឬក្រឡមួយបិទមាត់ជិត សម្រាប់លាបមុខឱ្យស្អាតបានហើយ។ កុំភ្លេចយកវារក្សាទុកក្នុងទូទឹកកក មុន និងក្រោយពេលប្រើប្រាស់រួច។

ចំណាំ៖ គ្រីមមួយនេះ អាចរក្សាទុកប្រើប្រាស់បានត្រឹមតែរយៈពេល ១អាទិត្យប៉ុណ្ណោះ។ បន្ទាប់ពី ១អាទិត្យ អ្នកត្រូវធ្វើថ្មីម្តងទៀត។

អាចរក្សាជែលក្នុងដប ​ឬក្រឡបិទជិតទុកក្នុងទូទឹកកក

វិធីប្រើប្រាស់

- គ្រីមមួយនេះ អាចប្រើប្រាស់ជារៀងរាល់ថ្ងៃ ពេលយប់មុនពេលចូលគេង

- ដោយគ្រាន់តែលុបលាងមុខឱ្យស្អាត រួចយកគ្រីមនេះក្នុងបរិមាណសមល្មមលាបឱ្យសព្វផ្ទៃមុខ ធ្វើការម៉ាស្សាជារង្វង់ថ្នមៗតែប៉ុន្មាននាទិ ដើម្បីជម្រុញលំហូរសរសៃឈាមផ្ទៃមុខ និងធ្វើឱ្យសារជាតិគ្រីមចូលទៅក្នុងស្រទាប់ស្បែក។

- ជាចុងក្រោយ អ្នកគ្រាន់តែចូលគេងជាការស្រេច។ ពេលក្រោកពីគេងពេលព្រឹកចាំលុបលាងមុខចេញជាមួយនឹងទឹកធម្មតា ឬហ្វូមលាងមុខបន្ថែមក៏បាន។ គ្រាន់តែប្រើប្រាស់គ្រីមនេះ រយៈពេល ២សប្តាហ៍ជាប់ៗគ្នា អ្នកនឹងឃើញពីភាពប្រែប្រួលដោយបង្ហាញពីភាពស្រស់ស្អាតជាមិនខាន ហើយអ្នកក៏អាចនៅបន្តប្រើប្រាស់ជារៀងរាល់ថ្ងៃទៀតក៏បានដែរ។

លាបជែលនេះលើមុខពេលយប់មុនចូលគេង​​អាចប្រើរាល់ថ្ងៃ

# គ្រីមលាបមុខពី ផ្លែចេក និងទឹកឃ្មុំ

គ្រីមលាបមុខមួយនេះ ត្រូវបានគេដឹងថា មានប្រសិទ្ធភាពអស្ចារ្យមិនចាញ់វិធីធ្វើគ្រីមតាមរបៀបទី១ ខាងលើនោះទេ ដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗនៅក្នុងគ្រីមមួយនេះវាអាចជួយផ្ទៃមុខបានច្រើនផងដែររួមមាន៖

- ធ្វើឱ្យស្បែកមុខស្អាត ស្រស់ថ្លា មានជីវិតជីវ៉ា

- មានសារធាតុខូឡាជែនជំនួយស្បែកមុខ រួមទាំងប្រឆាំង និងការពារការរលាកស្បែកមុខ

- អាចប្រឆាំង និងព្យាបាលបញ្ហាស្បែកមុខបណ្តាលមកពីពន្លឺថ្ងៃ UV

- មានប្រសិទ្ធភាពការពារ បង្ការ ព្យាបាល និងកាត់បន្ថយស្នាមជ្រីវជ្រួញបានល្អ

- ប្រឆាំងនឹងមេរោគ បាក់តេរីដែលមានលើស្បែកមុខ រួមទាំងផ្តល់សំណើមឱ្យស្បែកនៅតែ ទន់ និងរលោងស្អាត។

គ្រីមពីផ្លែចេក ​និងទឹកឃ្មុំ

ដូច្នេះមកតាមដានការអនុវត្ត វិធីធ្វើគ្រីមមួយមុខនេះបន្តទៀតជាមួយគ្នា៖

គ្រឿងផ្សំរួមមាន៖

- ចេកទុំ ១ទៅ២ផ្លែ

- ទឹកឃ្មុំ

- ចាន១ និងក្រឡបិទមាត់ជិត ១

គ្រឿងផ្សំមានផ្លែចេក ​និងទឹកឃ្មុំ

ការអនុវត្ត

- កាត់ផ្លែចេកជាដុំៗ រួចកិន ឬក្រឡុកឱ្យវាហ្មត់ស្មើសាច់ល្អ។

យកចេកកិន ​ឬក្រឡុកឱ្យហ្មត់ស្មើគ្នា

- បន្ទាប់មក យកល្បាយចេកហ្មត់នេះ លាយជាមួយនឹងទឹកឃ្មុំ ប្រមាណជា ៥ ទៅ ៦ស្លាបព្រាបាយ កូរវាចូលគ្នាធ្វើយ៉ាងណាឱ្យស្មើរសាច់ល្អ តែក៏អាចបន្ថែមទឹកស្អាតបន្តិច ដើម្បីកុំឱ្យល្បាយគ្រីមនេះគោកខ្លាំងពេក។

- ជាចុងក្រោយ ច្រកគ្រីមនេះទុកក្នុងដប ឬក្រឡបិទមាត់ជិត ហើយរក្សាទុកក្នុងទូទឹកកក សម្រាប់ប្រើប្រាស់ពេលក្រោយ។

យកចេកដែលហ្មត់ លាយជាមួយទឹកឃ្ុំ ​រួចច្រកទុកប្រើប្រាស់

វិធីប្រើប្រាស់

- អ្នកអាចប្រើប្រាស់គ្រីមនេះបាន នៅពេលយប់ តែប្រើត្រឹមតែមួយសប្តាហ៍ ២ទៅ៣ដងបានហើយ។

- ជាដំបូង អ្នកត្រូវលុបលាងមុខ និងសម្អាតខ្លួនប្រាណឱ្យស្អាត ព្រោះគ្រីមមួយនេះ ចង់ប្រើជាមួយផ្ទៃមុខក៏បាន ប្រើលើស្បែករាងកាយក៏បានដែរ។

- បន្ទាប់មក យកគ្រីមមួយនេះ មកលាបឱ្យសព្វផ្ទៃមុខ ឬកន្លែងណាផ្សេងនៃផ្នែករាងកាយក៏បាន។

- ទុកចោលឱ្យវាជ្រាបលើស្បែក ត្រឹមតែ ២០នាទីបានហើយ ចាំលាងចេញជាមួយនឹងទឹកត្រជាក់ជាការស្រេច។

- ប្រើប្រាស់គ្រីមមួយនេះ ជាប្រចាំតែប៉ុន្មានសប្តាហ៍ស្បែកមុខ ឬដងខ្លួនប្រាកដជាស្អាត ក្មេងជាងវ័យ ថែមទាំងបាត់ស្នាមជ្រួញផងដែរ។

យកគ្រីមចេកនេះ លាបលើមុខទុកចោល ​២០នាទីរួចលាងទឹកត្រជាក់ចេញ

វីធីធ្វើខាងលើងាយណាស់មែនទេ? សូម្បីតែប្រសិទ្ធភាពក៏ល្អទៀត ក្នុងការថែរក្សាស្បែកឱ្យស្អាតបានច្រើនយ៉ាងផងដែរ។ ដូច្នេះចង់ស្អាតអាចសាកល្បងធ្វើគ្រីមទាំង២នេះមុខបានណា ជ្រើសយកវិធីមួយណាក៏បាន ព្រោះវាសុទ្ធតែមានប្រសិទ្ធភាពស្ទើរតែស្រដៀងគ្នាទាំងអស់ ខុសតែវិធីធ្វើ និងការប្រើប្រាស់តែប៉ុណ្ណោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]