(ភ្នំពេញ)៖ បន្ទាប់ពីមានដំណឹងមួយចំនួន បានធ្វើការផ្សព្វផ្សាយ បើកកកាយលើជីវិតស្នេហា របស់តារាចម្រៀងស្រីកញ្ញា សួស វីហ្សា ជាបន្តបន្ទាប់ រហូតថ្មីៗនេះ ក៏មានការលើកឡើងថា សួស វីហ្សា កំពុងតែត្រៀមខ្លួនគ្រងឈុតកូនក្រមុំ ចូលរោងការជាមួយលោក ថមមី នោះ ភ្លាមៗនេះ ក៏ស្រាប់តែសាមីខ្លួន កញ្ញា សួស វីហ្សា បានចេញមុខប្រតិកម្ម ដោយច្រានចោលចំពោះដំណឹងគ្មានការពិតនេះ ជាមួយសំនួរថា «តើបងៗអ្នកសារព័ត៌មាន ដឹងដំណឹងនេះតាមប្រភពណា?»។

តារាចម្រៀង សួស វីហ្សា បាននិយាយទាំងហួសចិត្តថា «ពេលនេះនាងខ្ញុំមានរឿងខ្លះចង់បកស្រាយ នឹងចង់សួរទៅបងៗអ្នកសារព័ត៌មាន។ ខ្ញុំចង់សួរថា ដែលថ្មីៗនេះ បងៗចេញព័ត៌មានថា ខ្ញុំពិតជាចូលរោងការ យ៉ាងពិតប្រាកដ១០០ភាគរយ ក្នុងរយៈពេលឆាប់ៗខាងមុខនេះ តើបងដឹងតាមរយៈណា? តើបងៗបានជួបប៉ាម៉ាក់ខ្ញុំហើយឬទេ? ឬក៏បងៗបានទទួលធៀបការរបស់ខ្ញុំ នៅក្នុងដៃហើយមែនទេ ទើបបានជាបងៗច្បាស់លាស់ ហ៊ានចេញព័ត៌មានដោយគ្មានស្ទាក់ស្ទើរ អីបន្តិចបែបនេះ?»។

តារាចម្រៀងស្រីកញ្ញា សួស វីហ្សា បានបន្តថា «ខ្ញុំអានហើយហួសចិត្ត ចង់តែសើចពេលឃើញព័ត៌មានបែបនេះ ព្រោះខ្ញុំជាម្ចាស់ខ្លួន នឹងក្រុមគ្រួសារមិនបានដឹងអី សូម្បីតែបន្តិច ខ្ញុំមិនខឹងបងៗទេ តែចង់សុំចិត្តបងៗ សុំហើយសុំទៀត សូមឈប់យកឈ្មោះខ្ញុំ រូបរបស់ខ្ញុំទៅចុះផ្គូរផ្គងស្នេហាជាមួយអ្នកនេះ ជាមួយអ្នកនោះទៀតទៅ ព្រោះក្រុមគ្រួសារខ្ញុំ ឃើញព័ត៌មាននេះហើយ ពួកគាត់មិនសប្បាយចិត្តទេ ហើយខ្ញុំក៏គ្មានពេលមកគិតរឿងស្នេហា អត់ប្រយោជន៍ជាមួយបុរសណា៎ដែរ ព្រោះខ្ញុំរវល់ណាស់!»។

ស្រីស្រស់ សួស វីហ្សា បានបញ្ជាក់ទៀតថា «ខ្ញុំត្រូវធ្វើការរកស៊ី សងគុណម៉ែឪខ្ញុំសិន បើខ្ញុំយកគឺយកប្តីតែម្តង ហើយកុំបារម្ភនាងខ្ញុំ គឺជាមនុស្សរបស់មហាជន អញ្ចឹងថ្ងៃក្រោយ ដល់ពេលដែលខ្ញុំរកបានបុរសល្អម្នាក់ មកធ្វើជាគូអនាគតនោះ ខ្ញុំនឹងប្រកាសភ្លាម ខ្ញុំមិនលាក់ទេ ហើយខ្ញុំសន្យាថា នឹងអញ្ជើញបងៗគ្រប់បណ្តាសារព័ត៌មានទាំងអស់ មកចូលរួមជាភ្ញៀវកត្តិយស ក្នុងកម្មវិធីខ្ញុំទៀតផង ដើម្បីឲ្យអស់សង្ស័យ។ រាងវែងបន្តិចហើយ បានហើយខ្ញុំ មិនចង់រៀបរាប់វែងឆ្ងាយជាងនេះទេ សរុបមក គឺនាងខ្ញុំសូមច្រានចោលព័ត៌មាន ទាំងនេះតែម្តង!»។

សូមបញ្ជាក់ថា ការចេញមុខបដិសេធន៍ ចំពោះដំណឹងនៃការចូលរោងការពីសំណាក់ តារាចម្រៀង ម្ចាស់បទ «បុប្ផាស្វាយរៀង» កញ្ញា សួស វីហ្សា ខាងលើនេះ គឺស្របពេលដែលកន្លងមក តែងមានបណ្តាសារព័ត៌មានជាច្រើន ធ្វើការសរសេរចេញផ្សាយ ដោយលើកឡើងអំពីសម្ព័ន្ធភាពស្នេហា ក្រៅឆាករបស់នាងជាមួយបុរសរូបសង្ហា ស្ថិតក្នុងចង្កោមសិល្បៈជាមួយគ្នា។ មិនតែប៉ុណ្ណោះ ក៏មានការបញ្ជាក់ទៀតថា ក្រោយពីប្រើពេលវេលាសិក្សាមើលចិត្តគ្នា អស់ជាច្រើនឆ្នាំមកនោះ ពេលនេះ សួស វីហ្សា ក៏សម្រេចចិត្ត ឈានដល់ជីវិតអាពាហ៍ពិពាហ៍ ផ្លូវការទៀតផង៕

សួស វីហ្សា និង លោក ថមមី
សួស វីហ្សា និង លោក ថមមី
សួស វីហ្សា និង លោក ថមមី
សួស វីហ្សា និង លោក ថមមី
សួស វីហ្សា និង លោក ថមមី
សួស វីហ្សា និង លោក ថមមី
សួស វីហ្សា និង លោក ថមមី
សួស វីហ្សា
សួស វីហ្សា
សួស វីហ្សា

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សួស វីហ្សា