សុខភាពទារក និងក្មេងទើបនឹងកើតគឺសំខាន់ណាស់ ដែលត្រូវទាមទារការមើលថែទាំយ៉ាងយកចិត្តទុកដាក់គ្រប់សកម្មភាព និងការផ្តល់ចំណីអាហារផងដែរ។ មិនខុសពីមនុស្សធម្មតា និងមនុស្សចាស់ទេ បញ្ហាទល់លាមកមិនមែនជារឿងល្អឡើយ ហើយប្រសិនជាកើតមានលើកុមារទៀត រឹតតែបង្កផលប៉ះពាល់ និងមានការឈឺចាប់។

មនុស្សមួយចំនួនប្រហែលជាមិនបានដឹងទេថា អាហារបំប៉នដែលពេញនិយមផ្តល់ឱ្យកុមារ បន្ថែមពីការបៅដោះពីម្តាយ នៅក្នុងវ័យដែលទារកអាចទទួលទានអាហារក្រៅបាន (អាយុចាប់ពី៦ខែឡើងទៅ) អាចធ្វើឱ្យមានបញ្ហាទល់លាមកបានដោយមិនដឹងខ្លួន បើទោះបីជាវាមានសារធាតុចិញ្ចឹម និងវីតាមីនសំខាន់ៗយ៉ាងណាក៏ដោយ ប្រសិនជាអ្នកឱ្យក្មេងទទួលទានវាក្នុងបរិមាណច្រើនជ្រុលហួសហេតុពេក។

ទាំងនេះជាប្រភេទអាហារដ៏ពេញនិយម សម្រាប់ឱ្យទារកទទួលទាន តែអាចបង្កជាបញ្ហាទល់លាមក ៖

ទារកចាប់ពីអាយុ៦ខែឡើង ទើបអាចទទួលទានអាហារបន្ថែមពីទឹកដោះម្តាយ

១. ចេក (ជាពិសេសចេកខ្ចី ឬស្ទើរទុំ)

ការទទួលទានចេកទុំ គឺល្អចំពោះសុខភាពមនុស្សទូទៅ និងទារក ដើម្បីឱ្យការបន្ទោរបង់ស្រួល ចៀសឆ្ងាយពីបញ្ហាទល់លាមក តែសម្រាប់ចេកខ្ចីវិញបែរជាអាចធ្វើឱ្យមានអាការទល់លាមកទៅវិញ នោះដោយសារតែក្រពះរបស់ទារកទន់ខ្សោយ មិនអាចផលិតអង់ស៊ីមគ្រប់គ្រាន់ដើម្បីរំលាយអាហារ។

ម្យ៉ាងវិញទៀត សូម្បីចេកទុំធម្មតា ក៏សម្បូរទៅដោយជាតិម្សៅ និងកាកសរសៃរលាយដែលអាចទាញជាតិទឹកពីក្នុងពោះវៀន ហើយធ្វើឱ្យមានបញ្ហាទល់លាមកផងដែរ ប្រសិនជាទទួលទានវាច្រើនពេក។ ដូច្នេះអ្នកមិនគួរឱ្យទារក ឬកុមារទទួលទានចេកខ្ចីឡើយ ហើយក៏មិនត្រូវឱ្យទារកទទួលទានចេកទុំច្រើនពេកនោះដែរ ចៀសវាងបញ្ហាទល់លាមក។

ចេកខ្ចី ​និងការទទួលទានចេកទុំច្រើនពេកអាចធ្វើឱ្យទារកទល់លាមក

២. ផ្លែប៉ោមកិន

ការយកផ្លែប៉ោមលាយជាមួយគ្រឿងផ្សំដទៃទៀតធ្វើជាអាហារសម្រាប់ទារក (Applesauce) ត្រូវបានគេដឹងថាផ្តល់សារធាតុចិញ្ចឹមជាច្រើនជំនួយដល់សុខភាពទារក តែវាបែរជាសម្បូរទៅដោយជាតិម្សៅច្រើនដូចជាផ្លែចេកទៅវិញ ។ វានឹងធ្វើឱ្យប៉ះពាល់ដល់របត់ពោះវៀន និងធ្វើឱ្យលាមករឹង ដែលជាហេតុធ្វើឱ្យមានបញ្ហាទល់លាមកសម្រាប់ទារក។

ដូច្នេះអ្នកមិនគួរឱ្យទារកទទួលទានអាហារមួយប្រភេទនេះច្រើនពេកនេះទេ ជាពិសេសប្រសិនជាទារកមានបញ្ហាទល់លាមកពិបាកជុះហើយ គួរតែកុំឱ្យទារកទទួលទានវាឱ្យសោះ។

យកផ្លែប៉ោមកិនជាអាហារ ​ក៏ធ្វើឱ្យទារកទល់លាមកដែរ

៣. បាយ ឬបបរកិនជាកញ្ចប់ (Rice cereal)

Rice cereal ឬយើងអាចស្គាល់បានថា ជាប្រភេទអាហារជាបាយ ឬបបរដែលគេមានដាក់លក់នៅបណ្តាផ្សារ និងផ្សារទំនើបនានានោះ គឺជាអាហារដែលគេពេញនិយមយ៉ាងខ្លាំងសម្រាប់ទារកទទួលទាន។ ប៉ុន្តែអាហារមួយនេះបែរជាធ្វើឱ្យប៉ះពាល់ ឬផ្លាស់ប្តូរចលនាពោះវៀន និងធ្វើឱ្យកុមារមានអាការឈឺចាប់ ថែមទាំងធ្វើឱ្យមានបញ្ហាទល់លាមកផងដែរ ដោយសារតែទារកធ្លាប់តែទទួលទានទឹកដោះពីម្តាយផ្ទាល់។ ដូច្នេះមិនគួរបង្ខំកុមារទទួលទានអាហារប្រភេទនេះភ្លាមៗទេ ដោយឱ្យកុមារសាកល្បងទទួលទានវាបន្តិចម្តងៗ មួយថ្ងៃបន្តិចៗ ដើម្បីឱ្យក្រពះពោះវៀនទារកងាយសម្របតាម។

បបរកញ្ចប់អាចធ្វើឱ្យទារកទល់លាមក

៤. ទឹកដោះគោ

ទឹកដោះគោដែលមានដាក់លក់ជាកំប៉ុង ឬជាម្សៅ ពេលខ្លះវាមានផលអាក្រក់ជាងល្អចំពោះសុខភាពទារក ថែមទាំងធ្វើឱ្យមានបញ្ហាទល់លាមកផងដែរ ដោយសារតែប្រព័ន្ធភាពស៊ាំមានប្រតិកម្មតបតនឹងប្រូតេអ៊ីនដែលមាននៅក្នុងទឹកដោះគោ។ ដូច្នេះប្រសិនជាអ្នកសង្កេតឃើញថា ទារកមានបញ្ហាទល់លាមក អ្នកមិនគួរឱ្យទារកទទួលទានពពួកទឹកដោះគោ ទឹកដោះគោជូរ ឈីស និងរាល់ផលិតផលទាក់ទងនឹងទឹកដោះគោឡើយ។ ម្យ៉ាងវិញទៀត ការដែលបំបៅទារកនឹងទឹកដោះម្តាយច្រើន ឬរយៈពេលយូរពេក ក៏ធ្វើឱ្យទារកមួយចំនួនមានបញ្ហាទល់លាមកផងដែរ។

ទឹកដោះគោដែលដាក់លក់ ​និងបំបៅដោះម្តាយច្រើនពេកក៏អាចធ្វើឱ្យទល់លាមកដែរ

៥. ការ៉ុត

ការ៉ុតឆៅ សម្បូរទៅដោយជាតិកាកសរសៃខ្ពស់ វីតាមីន K ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្ម ប៉ុន្តែនៅពេលដែលយកវាទៅចម្អិនជាម្ហូបផ្សេងៗវានឹងធ្វើឱ្យបាត់បង់សារធាតុសំខាន់ៗស្ទើរទាំងស្រុង។ ដូច្នេះហើយ បើឱ្យទារកទទួលទានការ៉ុតឆៅក៏មិនបាន ហើយប្រសិនជាយកការ៉ុតមកចម្អិន ឬកិនជាអាហារសម្រាប់ទារកទទួលទាន វានឹងធ្វើឱ្យក្រពះទារកពិបាកធ្វើការរំលាយ ថែមទាំងមានបញ្ហាទល់លាមកទៀតផង។ សរុបចុងក្រោយទារកមិនអាចទទួលទានមើមការ៉ុតបាននោះទេ ។

ទាំងការ៉ុតឆៅ ​និងការ៉ុតឆ្អិនធ្វើឱ្យទារកទល់លាមក

៦. ដំឡូងបារាំង

ដំឡូងបារាំងក៏សម្បូរទៅដោយជាតិ កាបូអ៊ីដ្រាត (Carbohydrates) ដូចអាហារដែលមានជាតិម្សៅដែរ ដែលអាចធ្វើឱ្យប៉ះពាល់ដល់ពោះវៀន និងចលនាការរំលាយអាហារផងដែរ។ បើទោះបីជាដំឡូងជ្វា ល្អជាងដំឡូងបារាំងយ៉ាងណាក៏ដោយ តែពពួកដំឡូងទាំងពីរប្រភេទសុទ្ធតែសម្បូរទៅដោយជាតិកាកសរសៃច្រើនពេក ប៉ះពាល់ដល់ការរំលាយអាហាររបស់ទារកតូចៗបាន។

ទាំងដំឡូងជ្វារ ​និងដំឡូងបារាំងធ្វើឱ្យទារកទល់លាមក

ចំណាំ៖ បើទោះជាអាហារដែលរៀបរាប់ខាងលើអាចធ្វើឱ្យទារកមានបញ្ហាទល់លាមកក៏ដោយ តែអ្នកក៏អាចឱ្យទារកទទួលទានវាបានផងដែរ ក្នុងបរិមាណតិចល្មមបានហើយ ជាពិសេសកុំភ្លេចឱ្យទារកផឹកទឹកឱ្យបានច្រើន ដើម្បីជំនួយដល់ចលនាពោះវៀន ។ ជាពិសេសការផ្តល់អាហារ ត្រូវធ្វើឡើងសម្រាប់តែទារកមានអាយុលើសពី ៦ខែប៉ុណ្ណោះ និងផ្តល់តែអាហារណាដែលទន់ៗជំនួយដល់ការបន្ទោរបង់របស់ទារកបានហើយ៕   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]