បរទេស៖ ប្រិយមិត្ដប្រហែលជាបានដឹងហើយថា កីឡាកាស គឺជាកីឡាដែលធើ្វការសម្ដែង ដោយមានការហ្វឹកហាត់ត្រៀមទុកមុន និងទាមទារឲ្យមានកាយសម្បទានមាំមួន (សាច់ដុំ) និងមានភាពអំណត់អត់ធ្មត់ខ្លាំង។ ជាងនេះទៅទៀត កីឡាកាស ក៏ត្រូវបានមនុស្សទូទៅ ជាពិសេសគឺអ្នកគាំទ្រ បានចាត់ទុកថា ជាកីឡាដែលមានប្រជាប្រិយភាពបំផុតមួយ ក្នុងចំណោមកីឡាដែលមានប្រជាប្រិយភាពជាងគេលើលោក។

បើយើងក្រលែកទៅមើលអ្នកកីឡាកាសដែលប្រកបអាជីពនេះវិញ ក្រៅពីមានរាងសង្ហា សាច់ដុំធំៗគួរឲ្យទាក់ទាញហើយនោះ ពួកគេថែមទាំងមានទេពកោសល្យក្នុងការសម្ដែងទៀតផង  ត្បិតកីឡានេះគឺតម្រូវឲ្យកីឡាករប្រើទឹកមុខដូចជាតួអង្គចិត្ដអាក្រក់ ឬ ចិត្ដល្អជាដើម។ នេះហើយដែលជាមូលហេតុ ធើ្វឲ្យពួកគេភាគច្រើន មានឱកាសចេញសម្ដែងក្នុងភាពយន្ដហូលីវូដជារឿយៗបាន។

ថៃ្ងនេះ Khmerload សូមនាំអារម្មណ៍ប្រិយមិត្ដ ឲ្យមកស្គាល់អ្នកកីឡាកាសទាំង ១០រូប ដែលធ្លាប់ និងកំពុងប្រលូកវិស័យខែ្សភាពយន្ដ។

១០. Bill Goldberg

មិនត្រឹមតែជាអ្នកកីឡាកាសប៉ុណ្ណោះទេ Goldberg ក៏ធ្លាប់ជាកីឡាករបាល់ទាត់អាជីពផងដែរ។ រូបគេបានចាប់ផ្ដើមអាជីពឈឺសាច់នេះនៅស្ថាប័ន WCW មុនក្លាយជាម្ចាស់ខែ្សក្រវ៉ាត់ពិភពលោកទម្ងន់ធ្ងន់នៅឆ្នាំបន្ទាប់ដែលរូបគេប្រលូក។ បន្ទាប់មកគាត់បានក្លាយជាអ្នកអត្ថាធិប្បាយកីឡាក្បាច់គុណជម្រុះ បានប៉ុន្មានប្រកួតដែរ មុនពេល បោះជំហានក្លាយជាតួសម្ដែងភាពយន្ដ។ Goldberg បានសម្ដែងរឿងបានច្រើនគួរសម ដែរ មានដូចជា The Return, Half Past Dead 2, Santa Slay ជាដើម។  

Bill Goldberg

៩. Kevin Nash

បន្ទាប់ពីប្រលូកក្នុងវិស័យកីឡានេះអស់រយៈពេលជាច្រើនឆ្នាំ Kevin Nash គឺសាកសមនឹងក្លាយជាវីរបុរសសម្រាប់កីឡានេះ ពិតប្រាកដមែន។ ការដើរតួរបស់គេក្នុងវិស័យនេះ មើលទៅពិតជាគួរឲ្យទាក់ទាញ និងចង់ទស្សនាខ្លាំងមែនទែន។ ក្នុងឆ្នាំ២០០៤ លោកបានចាប់អាជីពមួយទៀតក្រៅពីអ្នកកីឡាកាស គឺលោកបានធើ្វការសម្ដែងក្នុងខែ្សភាពយន្ដ Hollywood ដែលមានចំណងជើងថា The Punisher។

Kevin Nash

៨. Steve Austin

Steve Austin ដែលប្រិយមិត្ដភាគច្រើនស្គាល់ថា Stone Cold គឺជាអ្នកកីឡាកាសដែលមានប្រជាប្រិយភាពជាងគេ ក្នុងចំណោមអ្នកកីឡាកាសជាច្រើនទៀត ប្រចាំស្ថាប័ន WWE។ រូបគេចាប់ផ្ដើមអាជីពមួយនេះ តាំងពីចុងទសវត្សរ៍ទី៩០ មកម្ល៉េះ ហើយវិវឌ្ឍខ្លួនក្លាយទៅជាអ្នកកីឡាកាសដ៏ល្បីមួយរូប។​  Stone Cold មានឱកាសបង្ហាញមុខក្នុងខែ្សភាពយន្ដហូលីវូដដំបូងគេ ដែលមានចំណងជើងថា Expendables ក្រោយមកគឺក្នុងរឿង Maximum Conviction និងរឿងផ្សេងៗជាច្រើនទៀត។

Steve Austin

៧. John Cena

អាចនិយាយបានថា John Cena គឺជាអ្នកកីឡាកាសដែលជោគជ័យជាងគេបង្អស់ ត្បិតរូបគេគឺជាម្ចាស់ខែ្សក្រ៉វ៉ាត់ WWE Champion រហូតដល់ទៅ ១៦សម័យ និងជាអ្នកកីឡាកាសដែលមានទឹកចិត្ដមនុស្សធម៌ជាងគេថែមទៀតផង។ ដោយសារតែមុខមាត់ស្រស់សង្ហា និងអត្ដចរិតបត់បែនគ្រប់កាលៈទេសៈ បានធើ្វឲ្យ John Cena ត្រូវបានជ្រើសរើសជាតួសម្ដែងក្នុងភាពយន្ដហូលីវូដ ក្នុងឆ្នាំ២០០៥ និងបានក្លាយជាពិធីករក្នុងកម្មវិធីមួយចំនួន តាមបណ្ដាស្ថានីយ៍ទូរទស្សន៍ល្បីៗក្នុងសហរដ្ឋអាមេរិកផងដែរ។  

John Cena

៦. Dave Bautista

Dave Bautista បានចាប់អាជីពជាអ្នកសម្ដែង ដោយចាប់ផ្ដើមពីតួតូចតាចក្នុងរឿង The Scorpion King 3 រួចហើយក៏វិវឌ្ឍខ្លួនទៅជាតួសម្ដែងដែលទទួលបានប្រជាប្រិយភាពខ្លាំង ជាពិសេសគឺនៅពេលដែលរូបគេសម្ដែងក្នុងរឿង Guardian of the Galaxy។ បើនិយាយពីវិស័យកីឡាកាសវិញ រូបគេមានឈ្មោះថា Batista ហើយបានចាប់ផ្ដើមអាជីពនេះកាលពីឆ្នាំ២០០២។ សព្វថៃ្ងរូបគេ បាននិងកំពុងចាប់អាជីពជាកីឡាករវ៉ៃក្បាច់គុណជម្រុះវិញម្ដង។

Dave Bautista

៥. Andre the Giant

ស្ថិតក្នុងកំពស់ដល់ទៅជាង ២ម៉ែត្រ មានមាឌធំ Andre the Giant ដែលមានឈ្មោះជាផ្លូវការថា Andre Rene Roussimoff គឺជាអ្នកកីឡាកាសដ៏ល្បីល្បាញមួយរូប កាលពីទសវត្សរ៍ ៧០ និង៨០។ លោក គឺជាអ្នកកីឡាកាស ដែលមនុស្សគ្រប់គ្នាមានការគោរពស្រលាញ់ ដោយសារអត្ដចរិតរបស់លោកមានភាពរស់រាយ ទាំងលើសង្វៀន និងក្រៅសង្វៀន។  រូបលោកបានបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ ក្នុងនាមជាតារាភាពយន្ដ នៅទសវត្សរ៍ទី៨០ ដែលរឿងដំបូងរបស់លោក មានចំណងជើងថា Conan។ រឿងបន្ដបន្ទាប់ដែលលោកបានសម្ដែងមានដូចជា The Greatest American Hero, The Six Million Dollar man ជាដើម។  

Andre the Giant

៤. Roddy Piper

លោក Roddy Piper គឺជាអ្នកកីឡាកាសដ៏ពេញនិយមក្នុងទសវត្សរ៍ឆ្នាំ ១៩៨០។ ដោយសារភាពស្រើបស្រាល នៃអត្ដចរិតរបស់លោកនៅលើសង្វៀន រូបលោកទទួលបានប្រជាប្រិយភាពយ៉ាងឆាប់រហ័សពីសំណាក់អ្នកគាំទ្រ។  ការគាំទ្រនេះបានធើ្វឲ្យលោកមានឱកាសអាចបង្ហាញខ្លួនក្នុងវិស័យភាពយន្ដ។

Roddy Piper

៣. Jesse "The Body" Ventura

រៀងខុសប្លែកគ្នាបន្ដិច ចំពោះអតីតអ្នកកីឡាកាសជើងចាស់ Jesse ។ រូបលោកគឺជាអ្នកកីឡាកាសមិនសូវល្បីល្បាញប៉ុន្មានទេ ប៉ុន្ដែរូបលោកបានចូលប្រលូកក្នុងវិស័យខែ្សភាពយន្ដនៅឆ្នាំ ១៩៨៧ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង។ មិនត្រឹមតែជាតារាសម្ដែងទេ រូបលោកក៏ធ្លាប់ធើ្វជាពិធីករ ក្នុងកម្មវិធីមួយផងដែរ ដែលមានឈ្មោះថា Conspiracy Theory។

Jesse ‘’The Body’’ Ventura

២. Hulk Hogan

អាចនិយាយបានថា Hulk Hogan គឺជាអ្នកកីឡាកាសដែលមានប្រជាប្រិយភាពជាងគេបង្អស់ក្នុងប្រវត្ដិសាស្រ្ដ។ ចាប់ផ្ដើមមានឈ្មោះបោះសម្លេងខ្លាំងក្នុងឆ្នាំ ១៩៨០ រូបលោកត្រូវបានផលិតកម្មជាច្រើនក្នុងវិស័យភាពយន្ដ ទាក់ទងដើម្បីធើ្វការថតនូវខែ្សភាពយន្ដ ខណៈខែ្សភាពយន្ដដែលរូបលោកបានសម្ដែង មានដូចជា Rocky 3, The Love Boat, Thunder in Paradise ជាដើម។

Hulk Hogan

១. Dwayne “The Rock” Johnson

គ្មានអ្នកកីឡាកាសអាជីពរូបណា អាចជោគជ័យក្នុងវិស័យខែ្សភាពយន្ដ ជាងកំពូលអ្នកកីឡាកាស The Rock ទេ។ ក្នុងរហស្សនាមដែលប្រិយមិត្ដកីឡាកាសដាក់ឲ្យថា The People Champion បុរសសាច់ដុំធំ រាងសង្ហារ The Rock បានចាប់ផ្ដើមអាជីពជាអ្នកកីឡាកាសនៅដើមទសវត្សរ៍ទី៩០។ អស់ពេលជាង ១០ឆ្នាំ The Rock បានហក់ចូលក្នុងវិស័យខែ្សភាពយន្ដ ជាទីដែលគេរឹតតែបង្កើនប្រជាប្រិយភាពរបស់គេ។ ក្នុងចំណោមរឿងជាច្រើនដែល The Rock បានសម្ដែងនោះ រឿងដែលធើ្វឲ្យគេល្បីល្បាញខ្លាំង គឺរឿង Fast & Furious៕

Dwayne “The Rock” Johnson

ប្រភព៖ Cinemablend | Screenrant

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]