ភ្នំពេញៈ បុរសម្នាក់ជាកងអង្គរក្សឆ្លៀតពេលទំនេរពីការងារ ឌុបកូនប្រុសអាយុ៤ឆ្នាំ ទៅលេងផ្ទះបងប្អូន តែជា អកុសលជួបគ្រោះថ្នាក់ចរាចរ ដោយជិះម៉ូតូលឿនពេកជ្រុលទៅបុករថយន្តទឹកកក ពីក្រោយពេញទំហឹង បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភា្លមៗ នៅចំណុចកើតហេតុ រីឯកូនប្រុសអាយុ៤ឆ្នាំ ដែលជិះពីក្រោយរងរបួសរបួសធ្ងន់ធ្ងរ កាលពីវេលាម៉ោង ១២ និង៣០នាទីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ ២០១២ នៅតាមបណ្តោយផ្លូវជាតិលេខ២ ជិត សាកលវិទ្យាល័យ អាយ អាយ ស៊ី ក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលមូលដ្ឋានដែលបានចុះទៅវាស់វែង និងត្រួតពិនិត្យដល់ចំណុចកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសអង្គរក្ស ងឹម វណ្ណៈ អាយុ ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ២A សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BF-6728 ឌុបកូនប្រុសអាយុ៤ឆ្នាំ ទៅលេងផ្ទះបងប្អូននៅចាក់អង្រែក្រោម។ លុះដល់ចំណុចកើតហេតុ ខណៈ ដែលបុរសរងគ្រោះរូបនេះ កំពុងជិះម៉ូតូក្នុងល្បឿនលឿននោះ បានជ្រុលទៅបុករថយន្តដឹកទឹកកកមួយគ្រឿង ពីក្រោយពេញទំហឹង បណ្តាលឲ្យឪពុកជាអ្នកបើកម៉ូតូត្រូវហោះផ្លោងបោកផ្ទប់ទៅនឹងគូទរថយន្ត រួចធ្លាក់បោក ក្បាលខាងក្រោយទៅនឹងចិញ្ចើមផ្លូវ ធ្វើឲ្យបែកក្បាលហូរឈាមតាមត្រចៀក និងតាមមាត់ស្លាប់ភ្លាមៗ ចំណែក ឯកូនប្រុស ដែលជិះពីក្រោយរងរបួសជាទម្ងន់។

ប្រភពពីមន្ត្រីនគរបាលដដែល បានបន្តថា ក្រោយពីកើតហេតុនោះ រថយន្តដឹកទឹកកកមិនហ៊ាននៅកន្លែងកើត ហេតុទេ បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តង ។ បន្ទាប់ពីកើតហេតុ គេឃើញមានសមត្ថកិច្ច មូលដ្ឋានចុះទៅកន្លែងកើតហេតុធ្វើការវាស់វែង និងត្រួតពិនិត្យ ហើយបានប្រគល់សាកសពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកក្មេងប្រុសដែលរងរបួសខាងលើនេះ ត្រូវបានបញ្ជូនសង្រ្គោះនៅមន្ទីរ ពេទ្យកាល់ម៉ែត ។      

ដោយឡែកម៉ូតូរបស់ជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំបងប្អូនមកធ្វើលិខិតទទួលយកទៅវិញ៕

ដោយៈ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]