អាមេរិក៖ តើដើម្បីទទួលបានអនាគតមួយដែលមានខ្យល់បរិសុទ្ធ គឺយើងត្រូវទាញឧស្ម័នពុលដែលបានបញ្ចេញមកវិញឬ? វាអាចថាស្ដាប់ទៅដូចជាល្អពេក, ប៉ុន្តែម្ចាស់ក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត ជាមួយនឹងដៃគូរបស់គាត់កំពុងពិសោធន៍ជាមួយនឹងបច្ចេកវិទ្យាថ្មីមួយដែលអាចមានលទ្ធភាពជួយបញ្ឈប់ការកើនឡើងកំដៅលើពិភពលោកបាន ហើយថែមទាំងបានត្រលប់មកវិញនូវសាំងសម្រាប់ប្រើប្រាស់ទៀតផង។ នៅមន្ទីរពិសោធន៍របស់គេក្នុងប្រទេសកាណាដា វិស្វករអាចសម្រេចបាននូវការទាញយក CO2 ពីខ្យល់អាកាស រួចប្រើវាដើម្បីបង្កើតប្រេងឥន្ធនៈវិញ។ គេសង្ឃឹមថាគេអាចធ្វើដូច្នេះក្នុងទ្រង់ទ្រាយមួយធំជាងនេះទៅទៀត។

រោងចក្រកំពុងបញ្ចេញឧស្ម័នCO2

ក្រុមហ៊ុនវិស្វកម្មកាបូន (Carbon Engineering) ដែលជាក្រុមហ៊ុនមួយបង្កើតឡើងដោយ លោក ហ្គេត  បានប្រកាសកាលពីខែធ្នូឆ្នាំមុនថា ពួកគេបានសម្រេចនូវជោគជ័យធំមួយ។ ក្រុមហ៊ុននេះធ្វើបានសម្រេចក្នុងការទាញយកកាបូនឌីអុកស៊ីតរួចយកមកលាយជាមួយនឹងសារធាតុផ្សេងៗដើម្បីប្រែក្លាយវាជាប្រេងឥន្ធនៈ។

បច្ចេកវិទ្យាទាញកាបូននិងបច្ចេកវិទ្យាសំយោគប្រេងឥន្ធនៈមិនមានអ្វីថ្មីនោះទេ។ ប៉ុន្តែនៅពេលដែលប្រើវាជាមួយគ្នាបូករួមជាមួយថាមពលពន្លឺព្រះអាទិត្យទៀតនោះ វាអាចលាងសម្អាតពិភពលោកទាំងមូល ហើយថែមទាំងផ្ដល់ប្រភពថាមពលមួយថ្មីទៀតផង។ ក្រុមហ៊ុនវិស្វកុម្មកាបូនបានស្មានមើលថា នៅពេលគម្រោងពួកគេរីកសាយភាយធំជាងនេះ គេអាចផលិតសាំងក្នុងតម្លៃថោកបាន។

លោក ប៊ីល ហ្គេត ប្រធានក្រុមហ៊ុន Microsoft

តាមវេបសាយរបស់ក្រុមហ៊ុននេះបាននិយាយថា វាអាចផ្ដល់ជម្រើសឲ្យយើងជ្រើសរើសអ្វីមួយជាជាងប្រេងធម្មតា ហើយវាក៏រួមគ្នាជាមួយឡានប្រើអគ្គិសនីផងដែរ ដើម្បីជំនួសប្រេងសាំងធម្មតាសម្រាប់ការប្រើក្នុងការធ្វើដំណើរ។ ស្របពេលដែលឡានដែលប្រើអគ្គិសនីល្អសម្រាប់ការធ្វើដំណើរចម្ងាយជិត, កប៉ាល់ និងយន្តហោះក៏នៅតែត្រូវការប្រេងសាំងដដែល។

ដំណើរការដែលគេហៅថា ខ្យល់ទៅជាសាំងនេះមាន៣ជំហ៊ាន។ ជំហ៊ានទីមួយគឺត្រូវទាញកាបូនឌីអុកស៊ីតពីខ្យល់អាកាសនិងបន្សុទ្ធវា។ មន្ទីរពិសោធន៍នៅកាណាដាបានសម្រេចទាញយកកាបូនឌីអុកស៊ីតមួយតោនក្នុងមួយថ្ងៃរួចទៅហើយ។ បន្ទាប់មក ថាមពលស្អាត ដូចជាថាមពលព្រះអាទិត្យគឺប្រើដើម្បីបំបែកអ៊ីដ្រូសែនចេញពីទឹក។ ហើយជំហ៊ានចុងក្រោយគឺកាបូនឌីអុកស៊ីតនិងអ៊ីដ្រូសែនត្រូវបានបំលែងទៅជាសាំង។ សាំងប្រភេទនេះគឺវាមិនសូវប៉ះពាល់ដល់បរិស្ថានដូចសាំងដែលយកពីក្នុងដីនោះទេ នេះបើតាមក្រុមហ៊ុនបាននិយាយ។

វិធីនិងដំណើរការទាញយក និងសំយោគ

ទោះជាយ៉ាងណាក៏ដោយ, ក៏នៅតែមានការរិះគន់ថាការផ្ដោតសំខាន់ដែលពិភពលោកត្រូវការ គឺមិនមែនការទាញកាបូនឌីអុកស៊ីតយកមកវិញនោះទេ ក៏ប៉ុន្តែគឺត្រូវបញ្ចេញវាតិចជាងនេះ។

លោកសាស្ត្រាចារ្យ Kevin Anderson ដែលជានាយកគ្រប់គ្រងរងនៃមជ្ឈមណ្ឌល Tyndall សម្រាប់ការស្រាវជ្រាវការផ្លាស់ប្ដូរអាកាសធាតុ បាននិយាយថា “ការទាញយកកាបូនអាចនឹងមិនអាចដំណើរការល្អទេ បើក្នុងទ្រង់ទ្រាយធំនោះ។ គាត់បានព្រមានថារដ្ឋាភិបាលកំពុងតែគិតថាបច្ចេកវិទ្យាទាំងនេះនឹងលាងសំអាតធាតុអាកាសបានក្នុងពេលអនាគត។ ការគិតបេបនេះនឹងនាំអោយរដ្ឋាភិបាលទាំងនោះមិនខំប្រឹងកាត់បន្ថយការបញ្ចេញឧស្ម័នពុលតទៅទៀត។ គាត់គិតថាសុទិដ្ឋិនិយមនេះគឺគ្រោះថ្នាក់ព្រោះបច្ចេកវិទ្យានៅថ្មី និងមិនទាន់បានតេស្តនៅក្នុងទ្រង់ទ្រាយធំជាងនេះ។”

គាត់បានបន្ថែមថា “វាមិនមានសុវត្ថិភាពនោះទេគឺធ្វើបែបនេះ យើងដាក់អ្នកជំនាន់ក្រោយរបស់យើងនៅក្នុងភាពប្រថុយប្រថាន ជាពិសេសចំពោះមនុស្សដែលនៅក្នុងជីវភាពក្រីក្រ ហើយដែលមានអាកាសធាតុមិនអំណោយផល។ ពួកគេជាអ្នកទទួលរងបើសិនជាយើងបរាជ័យ។”

ទោះជាយ៉ាងណាក៏ដោយ ប៊ីល ហ្គេត នៅតែទទូចអោយក្រុមហ៊ុននិងរដ្ឋាភិបាលវិនិយោគទៅលើបច្ចេកវិទ្យាខ្ពស់ៗដូចជាថាមពលពន្លឺព្រះអាទិត្យជាដើម បើទោះបីជាវាត្រូវការពេលយូរដើម្បីបានទទួលផលក៏ដោយ។

គាត់បានបន្ថែមថា "ការរកឃើញថ្មីនៅក្នុងបច្ចេកវិទ្យាថាមពលអាចកាត់បន្ថយការបំពុលបរិយាកាស, ជួយមនុស្សចេញពីភាពក្រីក្រ, ហើយចៀសពីអាកាសធាតុអាក្រកជាងពេលបច្ចុប្បន្ននេះ។ ប៉ុន្តែគឺមានបញ្ហាមួយ គឺថាយើងមិនទាន់ដឹងថាវិធីមួយណាដែលជួយអោយយើងជោគជ័យបាននោះទេ។ ដូច្នេះហើយយើងត្រូវការពិសោធន៍លើគំនិតថ្មីៗ ដែលវាត្រូវការការវិនិយោគពីវិស័យឯកជននិងរដ្ឋាភិបាលនាៗ៕"

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]