អាមេរិក៖ ការប្រែប្រួលអាកាសធាតុអាចធ្វើឲ្យមានការទាមទារច្រើននូវប្រភពថាមពលមួយ ដែលមិនប៉ះពាល់ដល់បរិស្ថានសម្រាប់ទស្សវត្សរ៍ខាងមុខ។ ហេតុនេះវាក៏ផ្ដល់ប្រយោជន៍ផងដែរសម្រាប់ប្រទេសដែលបង្កើត និងនាំចេញបច្ចេកវិទ្យាដែលមិនបំផ្លាញបរិស្ថាន។

ទោះជាយ៉ាងណាក្ដី ក៏ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅតែទទូចឲ្យមានការកាត់បន្ថយថវិកាដែលចំណាយលើការស្រាវជ្រាវនេះដដែល បើទោះបីជាគូប្រជែងអាមេរិកធំៗកំពុងតែផ្ដោតលើបញ្ហានេះក៏ដោយ។ អ្នកជំនាញបាននិយាយថា ការធ្វើបែបនេះ វាអាចប៉ះពាល់ទៅលើការប្រកួតប្រជែងរបស់ អាមេរិកលើឆាកអន្តរជាតិបាន។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការវិវឌ្ឍរបស់បច្ចេកវិទ្យាបានជួយកាត់បន្ថយតម្លៃនៃ បច្ចេកវិទ្យាអគ្គិសនីយកពីខ្យល់, ព្រះអាទិត្យ, និងផ្សេងៗទៀត ដែលជំរុញឲ្យមានការប្រើប្រាស់កាន់តែច្រើន។ តាមការសិក្សាស្រាវជ្រាវបានឲ្យឃើញថា សន្ទុះងើបឡើងយ៉ាងលឿនទៅលើបច្ចេកវិទ្យាថាមពលអគ្គិសនីដោយ ខ្យល់និងព្រះអាទិត្យអាចកើតឡើងបានក៏ដោយសារមានការផ្គត់ផ្គង់ថវិកាពីរដ្ឋាភិបាលអាមេរិកផងដែរ។ 

តម្លៃអគ្គិសនីក្នុងមួយវ៉ាត់

អ្នកជំនាញបានបន្ថែមថា ប្រសិនបើវិស័យថាមពលស្អាតនៅតែបន្តបង្កើតការងារទៀតនោះ  រដ្ឋាភិបាលគួរតែផ្ដល់ប្រាក់បន្ថែមសម្រាប់ការស្រាវជ្រាវ។ លោក David Hard នាយកមជ្ឈមណ្ឌលគោលការណ៍សម្រាប់វិទ្យាសាស្ត្រ ​ បច្ចេកវិទ្យា និងការបង្កើតថ្មី បាននិយាយថា “ខ្ញុំគិតថាវាសំខាន់ណាស់ដែលរដ្ឋាភិបាល វិនិយោគទៅលើវិស័យដែលកំពុងលូតលាស់ ហើយបង្កើនភាពប្រកួតប្រជែង។” គាត់បានបន្ថែមថា “ការសិក្សាលើបច្ចេកវិទ្យាថ្មីវាត្រូវចំណាយច្រើនណាស់ ដូច្នេះហើយវាអាចធ្វើអោយក្រុនហ៊ុនឯកជនមិនហ៊ានក្នុងការវិនិយោគ។”

អ្នកបង្កើតច្បាប់ភាគច្រើនក៏អាចយល់រឿងនេះដែរ ដូច្នេះហើយបានជានៅកិច្ចព្រមព្រៀងខាងអាកាសធាតុនៅទីក្រុងប៉ារីសឆ្នាំ២០១៥ ប្រទេសធំៗភាគច្រើនបានយល់ព្រមថានឹងបង្កើនការចំណាយរបស់ខ្លួនគុណនឹងពីរមុនឆ្នាំ ២០២០។ គួរបញ្ជាក់ថាក្នុងនោះមានប្រទេសចិន, ឥណ្ឌា, បារាំង, អាល្លឺម៉ង់, អង់គ្លេស, និងអាមេរិកផងដែរ។

ដើម្បីព្យាយាមសម្រេចអោយបានទៅលើគម្រោងឆ្នាំ ២០២០, អតីតប្រធានាធិបតីលោក អូបាម៉ា បានតម្លើងថវិកាទៅលើការស្រាវជ្រាវថាមពលស្អាតយ៉ាងច្រើន។ គេបានតម្លើងថវិកាសរុបរហូតទៅដល់ ៦ពាន់លានដុល្លារ។ ប៉ុន្តែពេលបច្ចុប្បន្ន, លោក ត្រាំ កំពុងតែព្យាយាមធ្វើផ្ទុយទៅវិញដោយកាត់សល់ត្រឹម ៣ពាន់លានដុល្លារតែប៉ុណ្ណោះ។ ការកាត់បន្ថយនេះវាអាចពន្យាការវិវឌ្ឍន៍របស់អាមេរិកទៅលើវិស័យថាមពលស្អាត ហើយនឹងលុបបំបាត់កម្មវិធី ARPA-E ទាំងស្រុង ដែលជាកម្មវិធីមួយដែលរកប្រភពថាមពលថ្មីពីអ្វីដែលយើងកំពុងមានទៅទៀត ហើយវាជាប្រភេទកម្មវិធីដែលនឹងគ្មានក្រុមហ៊ុនឯកជនណានឹងប្រថុយវិនិយោគឡើយ។

ការកាត់បន្ថយនេះ អាចនឹងធ្វើអោយអាមេរិកដើរក្រោយប្រទេសដែលជាគូប្រកួតប្រជែងខ្លួនដូចជា ចិន ដែលមានគម្រោងថានឹងចំណាយលើសពី ៧ពាន់លានដុល្លារទៅទៀត។ បើគិតពីការចំណាយប្រៀបធៀបទៅនឹងសេដ្ឋកិច្ចសរុបវិញ អាមេរិកគឺនៅក្រោយប្រទេសអ៊ឺរ៉ុបជាច្រើនទៅទៀតដូចជា ណ័រវេ, ដេណម៉ាក, អេស្តូណែរ ជាដើមដែលចំណាយច្រើនណាស់ទៅលើការស្រាវជ្រាវថាមពលខ្យល់ និងព្រះអាទិត្យ បើធៀបទៅលើសេដ្ឋកិច្ចរបស់គេ។

ក្រុមហ៊ុនខាងផ្នែកថាមពលស្អាតជាច្រើនកំពុងមានការព្រួយបារម្ភ, លោក Dan Whitten, អនុប្រធានទំនាក់ទំនងសម្រាប់ឧស្សាហកម្មថាមពលព្រះអាទិត្យបាននិយាយថា “ សហរដ្ឋអាមេរិកជាមេដឹកនាំខាងផ្នែកថាមពលស្អាតជាយូរមកហើយ, ហើយយើងព្រួយបារម្ភថាការកាត់បន្ថយថវិកានេះអាចធាក់អាមេរិកថយក្រោយប្រទេសដ៏ទៃ ហើយលែងមានលទ្ធភាពប្រកួតប្រជែង”៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]