ភ្នំពេញ៖ ខណៈដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខែ្មរ កាន់តែកៀកកិតជិតឈានចូលមកដល់ ក្នុងរយៈពេលប្រមាណតែ ២ខែខាងមុខទៀតប៉ុណ្ណោះ ក្រុមហ៊ុន កូកា-កូឡា បានបញ្ចេញការរចនាកំប៉ុងថ្មី សម្រាប់ជូនជាកាដូដ៏មានតម្លៃ និងមានអត្ថន័យដល់អតិថិជនក្នុងការចែករំលែក ពេលវេលាល្អៗភាពសប្បាយរីករាយ និងសុភមង្គលក្នុងឱកាសដ៏វិសេសវិសាលនេះ។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ត្រូវបានប្រារព្ធឡើងចំពេល ដែលបងប្អូនប្រជាពលរដ្ឋខ្មែរបានបញ្ចប់រដូវកាលនៃការប្រមូលផល ហើយក៏ជាពេលវេលាដែលប្រជាពលរដ្ឋខ្មែរទាំងអស់ សប្បាយរីករាយក្នុងការទទួលបានភោគផល ពីការប្រឹងប្រែងរបស់ខ្លួនផងដែរ។ វាជាពេលមួយ ដែលប្រជាពលរដ្ឋបានសម្រាកពីកិច្ចការងារទាំងឡាយមុននឹងរដូវវស្សាឈានចូលមកដល់។ 

ក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រជាពលរដ្ឋខ្មែរតែងតែជូនពរក្រុមគ្រួសារ មិត្តភក្តិ និងញាតិមិត្តឲ្យទទួលបានពរជ័យសិរីមង្គល ក្តីស្រឡាញ់ សំណាងល្អ សុខភាពល្អ និងភាពចម្រុងចម្រើនរុងរឿង។ ការជូនពរទាំងអស់នេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ហើយក្រុមហ៊ុន កូកា-កូឡា ក៏សូមជូនពរអតិថិជនរបស់ខ្លួននូវពរជ័យសិរីមង្គលវិបុលសុខដូចគ្នានេះដែរ។ 

ក្រុមហ៊ុន កូកា-កូឡា មានការជឿជាក់យ៉ាងខ្លាំងលើសមត្ថភាព និងភាពច្នៃប្រឌិតរបស់យុវជនខ្មែរ ដូច្នេះហើយទើបក្រុមហ៊ុន បានសហការជាមួយសិល្បករខ្មែរ ៤រូបដ៏មានទេពកោសល្យ និងជំនាញដើម្បីរចនាកំប៉ុង កូកា-កូឡា។ ស្នាដៃសិល្បៈនេះបង្ហាញពីនិមិត្តសញ្ញា រចនាបថ (ស្ទីល) និងអត្ថន័យខុសៗគ្នា។ 

ស្នាដៃនេះក៏មានបំណងក្នុងការរំលេចឡើង និងលើកកម្ពស់វប្បធម៌ដ៏ល្អផូរផង់ និងសម្បូរបែបរបស់ខ្មែរ និងជាការជំរុញឲ្យអតិថិជន បានចែករំលែកពេលវេលានៃភាពសប្បាយរីករាយជាមួយគ្នាក្នុងឱកាសឆ្នាំថ្មី។ 

ការរចនាកំប៉ុងទាំង៣ម៉ូដនេះ បង្ហាញពីនិមិត្តសញ្ញា រចនាបថ (ស្ទីល) និងអត្ថន័យ ៣ ផ្សេងគ្នា ដែលបានរចនាឡើងយ៉ាងសម្រិតសម្រាំង ផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ជាទីបំផុតពីសិល្បករខ្មែរ ៤រូប។ ស្នាដៃសិល្បៈ ទាំងនោះរួមមាន៖ បេះដូង គោមផ្កាយ និងផ្កាម្លិះ។ 

រចនាបថ (ស្ទីល) និងអត្ថន័យ ៣ ផ្សេងគ្នា

លោកស្រី គង់ កុសល នាយកប្រចាំប្រទេសផ្នែកពាណិជ្ជកម្មនៃ ក្រុមហ៊ុនភេសជ្ជៈ កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា៖

«ជារៀងរាល់ឆ្នាំ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កូកា-កូឡា តែងតែបានយកចិត្តទុកដាក់ និងតែងតែចូលរួមអបអរឆ្នាំថ្មីជាមួយនិងបងប្អូនប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ ក្នុងនាមជាក្រុមហ៊ុនដែលមានឈ្មោះល្បីទូទាំងពិភពលោក ហើយមានការទទួលស្គាល់ក្នុងស្រុក យើងតែងតែខិតខំចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ ចែករំលែកក្តីស្រឡាញ់ និងសុភមង្គលជាមួយសហគមន៍ដែលយើងកំពុងតែប្រតិបត្តិការ។ ដើម្បីលើកកម្ពស់ និងថែរក្សាភាពសម្បូរបែបនៃវប្បធម៌ខ្មែរ យើងសង្ឃឹមថា ការរចនាថ្មីលើកំប៉ុងនេះនឹងធ្វើឲ្យអតិថិជនរីករាយក្នុងការប្រារព្ធពិធីបុណ្យប្រពៃណីជាតិខ្មែរ ក៏ដូចជាបង្ហាញពីការជូនពររបស់យើងទៅដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស»។

រូបបេះដូង នៅលើកំប៉ុង កូកា-កូឡា ជាគំនិតរបស់សិល្បករវ័យ ៣១ឆ្នាំ នោះគឺ លោក ចាន់ សំអន ដែលបានបញ្ចប់ការសិក្សាពី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាញគំនូរ។ លោក សំអន ជឿជាក់ថារូបបេះដូងតំណាងឲ្យសេចក្តីស្រឡាញ់ និងជាសកម្មភាពក្នុងការចែករំលែក សេចក្តីស្រឡាញ់ទៅកាន់មិត្តភក្តិ ក្រុមគ្រួសារ និងសាច់ញាតិ។ 

ការរចនារបស់លោកពិពណ៌នាពីការបង្ហាញសេចក្តីស្រឡាញ់ ជាមួយចលនារបស់អ្នករបាំប្រពៃណី។ ការរចនានេះមានបំណងបំផុសស្មារតីរបស់ប្រជាជនកម្ពុជា ឲ្យបង្ហាញសេចក្តីស្រឡាញ់ ទៅកាន់មនុស្សជាទីស្រឡាញ់របស់ពួកគេ។ 

រូបបេះដូង នៅលើកំប៉ុង កូកា-កូឡា

ចំពោះការរចនាទី២គឺរូបគោមផ្កាយ ក្រុមហ៊ុន កូកា-កូឡា បានងៀកទៅរកលោក សន ករុណា អាយុ២៣ឆ្នាំ។ លោកទើបតែបញ្ចប់ការសិក្សាផ្នែក Interior Design នៅសកលវិទ្យាល័យវិចិត្រសិល្បៈ។ លោកមានជំនាញខាងគំនូរប្រពៃណីខ្មែរ និងគំនូរ doodle។ លោក ករុណា បានរចនារូបគោមផ្កាយ និងរូបដៃជាកាយវិការនៃការប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខ និងជើងពានផ្កាម្លិះ។ 

ការរចនានេះមានបំណងឲ្យប្រជាជនកម្ពុជាចែករំលែកការជូនពរដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ស្នាដៃសិល្បៈរបស់លោក ករុណា ដែលបានដាក់តាំងនៅតាមជញ្ជាំងហាងកាហ្វេ ហាងទំនិញ ការិយាល័យ និងភោជនីយដ្ឋាននានា បានលើកទឹកចិត្តមនុស្សជាច្រើនទូទាំងប្រទេស។ ដូចនេះស្នាដៃការរចនាជារូបផ្កាយនេះ ប្រាកដជាជំរុញឲ្យអតិថិជនរបស់ កូកា-កូឡា ចេះចែករំលែកឲ្យគ្នាទៅវិញទៅមកក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ 

រូបគោមផ្កាយ ក្រុមហ៊ុន កូកា-កូឡា

សម្រាប់ការរចនាទី៣ និងចុងក្រោយផងដែរនោះ ផ្តោតលើរូបផ្កាម្លិះ ដែលជាប្រភពនៃសម្រស់ដ៏ស្រស់ត្រកាល និងជារូបតំណាងនាំឲ្យមានសំណាងល្អ និងភាពរុងរឿងដល់ក្រុមគ្រួសារ សាច់ញាតិ និង មិត្តភក្តិ ។ ការរចនានេះធ្វើឡើងដោយសិល្បការិនីដំបូងគេដែលគូររូបតាមដងផ្លូវ (urban street) គឺ កញ្ញា ម៉ម លីសា និង សិល្បករ ហ្គ្រាហ្វីទី (Graffiti) និង Urban Art Movement visionary Peap Tarr

រូបផ្កាម្លិះរីក ដែលបង្កើតជាវណ្ឌដប កូកា-កូឡា តំណាងឲ្យការចែករំលែកសំណាង និងភាពរីករាយ។ ការរចនានេះមានបំណងឲ្យប្រជាជនកម្ពុជាជូនពរសំណាងល្អដល់មនុស្សដែលពួកគេស្រឡាញ់ និងជ្រើសយកកូកា-កូឡាជាផ្នែកមួយក្នុងការជូនពរសំណាងល្អ និងភាពរុងរឿងដល់គ្នាទៅវិញទៅមក។ 

រូបផ្កាម្លិះរីក

សិល្បករ និងសិល្បការីទាំង៤រូបនេះ ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា និងមានមោទភាព ចំពោះស្នាដៃរបស់ពួកគេ និងឱកាសដែលបានប្រើទេពកោសល្យផ្ទាល់ខ្លួនក្នុងការបញ្ចូនសារនៃក្តីសង្ឃឹម ការស្រឡាញ់ សុភមង្គល ភាពរីករាយ និងសំណាងល្អដល់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈក្រុមហ៊ុន កូកា-កូឡា នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ។

លើសពីនេះទៀត ពួកគេមានកត្តិយសក្នុងការចូលរួមលើកកម្ពស់ និងថែរក្សាសិល្បៈ និងវប្បធម៌ខ្មែរ ក៏ដូចជាការបង្ហាញពីការច្នៃប្រឌិតរបស់ ប្រជាជនកម្ពុជាទៅកាន់ពិភពលោកទាំងមូល។

កំប៉ុងដែលរចនាថ្មីមានតាំងលក់ទូទាំងប្រទេស ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]