«ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី » ជាឈ្មោះរុក្ខជាតិមួយប្រភេទដែលប្រជាជនខ្មែរនិយមហៅ តែក៏ត្រូវបានគេដាក់ឈ្មោះផ្សេងៗគ្នាតាមប្រទេសនីមួយៗដែរ។

ពេលដែលបានឃើញរូបរាង អ្នកណាៗក៏ស្គាល់ដែរ ព្រោះស្លឹករបស់វាមានដុះរោមតិចៗ សន្លឹកក្រាស់ ថែមទាំងមានក្លិនឈ្ងុយ (ក្រពុល) ថែមទៀតផង។ មានផ្ទះជាច្រើន ជាពិសេសស្រុកស្រែចម្ការនិយមដាំវាជារុក្ខជាតិលម្អផ្ទះ តែការពិតទៅរុក្ខជាតិមួយនេះ ត្រូវបានគេរកឃើញថា មានគុណប្រយោជន៍ច្រើនសម្រាប់ជំនួយសុខភាព និងសម្រស់ ថែមទាំងអាចយកមកធ្វើជាតែរក្សាសុខភាពបានច្រើនយ៉ាងផងដែរ។

ចង់ដឹងថាវិធីប្រើប្រាស់ និងគុណប្រយោជន៍របស់ «ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី » មានយ៉ាងណាខ្លះនោះ មកតាមដានដានទាំងអស់គ្នា៖

ជីរត្រចៀកជ្រូក ​ឬស្លឹកត្រចៀកដំរីដែលគេនិយមដាំក្នុងផើង

១. សុខភាពស្បែក

ជីរត្រចៀកជ្រូក ត្រូវបានគេនិយមប្រើប្រាស់ដើម្បីប្រឆាំងនឹងការរលាក និងព្យាបាលរោគសើស្បែកស្ទើរបានគ្រប់មុខបានយ៉ាងមានប្រសិទ្ធភាពដូចជា៖ ការកើតមុន សត្វល្អិតទិច ឬខាំ ដំបៅ កើតឃ្លង់ ក្រមរ ផ្សិតលើក្រចក និងជំងឺត្រអក។ ជាពិសេសវាថែមទាំងមានសារធាតុ ដើម្បីកាត់បន្ថយអាការ កន្ទួល រមាស់ ហើម រលាក និងក្រហមស្បែកបានផងដែរ។

ការអនុវត្ត៖ គ្រាន់តែយកស្លឹកជីរត្រចៀកជ្រូកក្នុងបរិមាណសមល្មមមកបុក ឬកិនលាយទឹកឱ្យរាងខាប់បន្តិច  រួចយកមកបិទ ឬលាបលើមុខរបួសជាការស្រេច។  ក្រៅពីនេះការរកស្លឹកជីរត្រចៀកជ្រូកនេះចម្រាញ់ជាប្រេង មកលាបលើស្បែកក្បាល អាចព្យាបាលអង្គែរបានផងដែរ។

២. ការពារ និងព្យាបាលជំងឺរលាកសន្លាក់

ស្លឹកជីរត្រចៀកជ្រូក មានផ្ទុកនូវ អាស៊ីតខ្លាញ់ឆ្អែត (Fatty Acid) សារធាតុអូមេហ្គា៦ (Omega-6 ឬ Gamma Linolenic) ដ៏ច្រើនលើសលប់ ដែលអាចជំនួយដល់សុខភាពច្រើនយ៉ាង ថែមទាំងអាចជួយការពារ ព្យាបាល និងកាត់បន្ថយការឈឺចុកចាប់ដោយសារតែជំងឺទាក់ទងនឹងការរលាកសន្លាក់បានផងដែរ។

៣. សារធាតុប្រឆាំងអុកស៊ីតកម្ម

សារធាតុរ៉ែសំខាន់ៗព្រមទាំងវីតាមីន A និងវីតាមីន C ដែលមាននៅក្នុងស្លឹកជីរត្រចៀកជ្រូក ត្រូវបានគេដឹងថាមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចការពាររាងកាយពីការរីករាលដាលនៃជំងឺផ្សេងៗ ថែមទាំងជំនួយដល់សុខភាពគ្រាប់ភ្នែកផងដែរ។

៤.ព្យាបាលជំងឺគ្រុនក្តៅ/ផ្តាសាយ

ស្លឹកជីរត្រចៀកជ្រូកមានផ្ទុកនូវសារធាតុខូលីន (Choline) ដែលអាចជួយធ្វើឱ្យរាងកាយរបស់អ្នកបែកញើស និងត្រជាក់សាច់។ អ្វីដែលសំខាន់នោះ គឺវាមានលទ្ធភាពព្យាបាលជំងឺ គ្រុនក្តៅ ជំងឺផ្តាសាយ និងគ្រុនផ្តាសាយបានយ៉ាងមានប្រសិទ្ធភាពផងដែរ។ អ្នកអាចប្រើប្រាស់ស្លឹករបស់វា ធ្វើជាទឹកតែទទួលទាន ដែលមិនត្រឹមតែជួយព្យាបាលជំងឺគ្រុន និងផ្តាសាយប៉ុណ្ណោះទេតែថែមទាំងអាចជួយធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំ ទប់ទល់នឹងជំងឺ និងមេរោគបាក់តេរីផ្សេងៗផងដែរ។

៥. ជំងឺផ្លូវដង្ហើម

ធាតុត្រជាក់ ដែលមាននៅក្នុងស្លឹកជីរត្រចៀកជ្រូក ត្រូវបានគេប្រើប្រាស់ផងដែរសម្រាប់ព្យាបាលជំងឺទាក់ទងនឹងផ្លូវដង្ហើមដូចជា៖ ឈឺបំពង់-ក ស្ទះ និងកកផ្លូវដង្ហើម ជំងឺហឺត និងជំងឺរលាកទងសួត។ ក្រៅពីនេះ វាថែមទាំងអាចបំបាត់ និងសម្អាតស្លេសចេញពីបំពង់-ក និងបំពង់ផ្លូវដង្ហើមផងដែរ។ ក្រៅពីនេះការទទួលទានតែធ្វើពី ស្លឹកជីរត្រចៀកជ្រូកមិនត្រឹមតែអាចព្យាបាលជំងឺផ្លូវដង្ហើម តែការទទួលទានជាប្រចាំថែមទាំងអាចការពារការកើតជំងឺផ្លូវដង្ហើមបានផងដែរ។

ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី

៦. ជំនួយប្រព័ន្ធតម្រងនោម

ជីរត្រចៀកជ្រូក អាចជួយជម្រុញ និងបណ្តេញជាតិពុលអាក្រក់ៗចេញពីរាងកាយតាមរយៈទឹកនោមបានល្អទៀតផង។  ការបញ្ចេញទឹកនោមទៀងទាត់ និងបានល្អនេះ ជាវិធីមួយដែលអាចលាងតម្រងនោម និងជំនួយឱ្យសុខភាពតម្រងនោមកាន់តែប្រសើរជាងមុន។

៧. ជួយដល់សុខភាពស្ត្រី

ស្លឹកជីរត្រចៀកជ្រូក អាចមានលទ្ធភាពបំបាត់ការឈឺចុកចាប់សម្រាប់ស្ត្រីពេលមករដូវ ដួចជាឈឺក្បាល ចុកពោះ និងឈឺឆ្អឹងឆ្អែងជាដើម ថែមទាំងជួយបន្ថយការឈឺចាប់ត្រង់ទ្វារមាសពេលសម្រាលកូនរួចផងដែរ។ លើសពីនេះ សម្រាប់ស្ត្រីដែលនៅបណ្តាប្រទេសដទៃ តែងតែប្រើប្រាស់ស្លឹកជីរត្រចៀកជ្រូកមួយនេះ ដើម្បីជួយបង្កើនបរិមាណទឹកដោះសម្រាប់បំបៅកូនទៀតផង។

៨. បន្ធូរបន្ថយភាពតានតឹង និងជំងឺថប់អារម្មណ៍

ស្លឹកជីរត្រចៀកជ្រូក មានផ្ទុកនូវសារធាតុ Niacin និង Nicotinic-Acid ដែលអាចជំនួយដល់បញ្ហាផ្លូវចិត្ត ថប់អារម្មណ៍ តានតឹងក្នុងចិត្ត ជំងឺឯកា ជំងឺគេងមិនលក់ និងបញ្ហាផ្សេងៗទាក់ទងនឹងផ្លូវអារម្មណ៍ជាច្រើនថែមទៀត។

នៅក្នុងនោះផងដែរ គេក៏បានរកឃើញថា ការប្រើប្រាស់ស្លឹកជីរត្រចៀកជ្រូកជាប្រចាំ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសម្ពាធឈាមឡើងខ្ពស់(ជំងឺលើសឈាម) ជំងឺបេះដូង ជំងឺមហារីក និងជំងឺស្ត្រេសផងដែរ។

៩. ព្យាបាលបញ្ហាប្រព័ន្ធរំលាយអាហារ

នៅតាមបណ្តាប្រទេសមួយចំនួន បានប្រើប្រាស់ជីរត្រចៀកជ្រូកនេះដើម្បីព្យាបាលអាការឈឺពោះ ហើមពោះ រមួលពោះ និងឈឺក្រពះ ហើយវាក៏ត្រូវបានគេដឹងដែរថា អាចជំនួយដល់ប្រព័ន្ធរំលាយអាហារឱ្យដំណើរការល្អ ថែមទាំងមានលទ្ធភាពព្យាបាលជំងឺទាក់ទងនឹងក្រពះជាច្រើនមុខទៀតដូចជា៖ ជំងឺរលាកក្រពះ ជំងឺរលាកពោះវៀន និងជំងឺរលាកក្រពេញប្រូស្តាតជាដើម។

១០. បង្ការមេរោគមហារីក

ការប្រើប្រាស់ជីរត្រចៀកជ្រូកជាប្រចាំ ត្រូវបានគេស្រាវជ្រាវរកឃើញថា អាចជួយកាត់បន្ថយ និងបង្ការមេរោគមហារីកបាន។ ដោយសារវាមានផ្ទុកនូវសារធាតុ អូមេហ្គា៦ (Omega-6) និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយបំបាត់ ឬបន្ថយសាច់ដុំមហារីកដែលរីកលូតលាស់។

ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី

# វិធីប្រើប្រាស់ស្លឹកជីរត្រចៀកជ្រូក

នៅតាមបណ្តាប្រទេសដទៃ គេតែងតែប្រើប្រាស់ស្លឹកជីរត្រចៀកជ្រូកសម្រាប់មុខម្ហូប ចម្រាញ់ជាប្រេង និងវិធីប្រើប្រាស់ជាច្រើនផ្សេងទៀត។ តែដើម្បីមានភាពងាយស្រួល ការយកស្លឹកជីរត្រចៀកជ្រូក ធ្វើជាតែកែសុខភាពក៏មានប្រយោជន៍ដូចគ្នាដែរ។

១. វិធីធ្វើតែស្លឹកជីរត្រចៀកជ្រូក

- ជាដំបូង គ្រាន់តែយកស្លឹកជីរត្រចៀកជ្រូក ប្រមាណជា ១២សន្លឹក ទៅដាំជាមួយនឹងទឹក ១លីត្រកន្លះឱ្យពុះ រួចរំងាស់ដោយប្រើភ្លើងតិចៗ រហូតវាហួតសល់ទឹក ១លីត្រចាំបិទភ្លើងជាការស្រេច (អាចប្រើពេលរំងាស់ប្រមាណជា ៥០នាទី)។

- បន្ទាប់មក អាចប្រើប្រដាប់ត្រង ត្រងយកកាកចេញ យកតែទឹកសម្រាប់ប្រើប្រាស់ជាការស្រេច។

វិធីធ្វើតែ ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី

- អ្នកក៏អាចដាក់ ទឹកឃ្មុំបន្ថែមតាមបរិមាណសមរម្យ សម្រាប់បង្កើនរសជាតិ ហើយទទួលទានទាំងនេះក្តៅឧណ្ហៗក៏បាន និងទុកឱ្យត្រជាក់ក៏បាន។

វិធីធ្វើតែ ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី

ការប្រើប្រាស់ស្លឹកជីរត្រចៀកជ្រូក

- សម្រាប់ជំងឺរលាកសន្លាក់ ត្រូវទទួលទានទឹកតែជីរត្រចៀកជ្រូកមួយថ្ងៃឱ្យបាន ៣០មីលីលីត្រ។

- សម្រាប់ជំងឺទាក់ទងនឹងក្រពះពោះវៀន ត្រូវទទួលទានទឹកតែជីរត្រចៀកជ្រូកមួយថ្ងៃឱ្យបាន ៥មីលីលីត្រ។

- សម្រាប់ជំងឺទាក់ទងនឹងផ្លូវដង្ហើមហឺត ឬរលាកទងសួត ត្រូវទទួលទានទឹកតែជីរត្រចៀកជ្រូកមួយថ្ងៃឱ្យបាន ១០មីលីលីត្រ។

- សម្រាប់ជំងឺគ្រុន អាចទទួលទានស្លឹកជីរត្រចៀកជ្រូកបុកយកទឹក ទទួលទាន ២ដងក្នុងមួយថ្ងៃ និងម្តង ២ស្លាបព្រាបាយ។

- សម្រាប់អាការឈឺក្បាល ឬសត្វល្អិតទិច-ខាំ អាចទទួលទានទឹកតែជីរត្រចៀកជ្រូកធម្មតាក៏បាន ឬបុកស្លឹកវាពូតយកទឹកលាយជាមួយនឹងប្រេងដូង ម៉ាស្សាកន្លែងដែលឈឺចាប់ក៏បាន។

- សម្រាប់ជំងឺរាគរូស និងបញ្ហាប្រព័ន្ធរំលាយអាហារ អាចទំពារស្លឹកជីរត្រចៀកជ្រូកស្រស់ៗ ៥នាទី រួចទទួលទានទឹកក្តៅឧណ្ហៗមួយកែវតាមក្រោយជាការស្រេច។

- សម្រាប់ជំងឺ និងបញ្ហាសុខភាពផ្សេងៗ អាចទទួលទានជាតែកែភេសជ្ជៈតាមបែបធម្មតា។

ជីរត្រចៀកជ្រូក ឬស្លឹកត្រចៀកដំរី

# បម្រាម

បើទោះបីជា ជីរត្រចៀកជ្រូកល្អចំពោះសុខភាពយ៉ាងណាក៏ដោយ តែវាក៏ត្រូវបានហាមប្រាមសម្រាប់អ្នកដែលមានបញ្ហាសុខភាព និងស្ថិតនៅក្នុងស្ថានភាពមួយចំនួនផងដែររួមមាន៖

- មនុស្សមួយចំនួនអាចមានប្រតិកម្ម និងរោម ឬបន្លាល្អិតៗដែលមាននៅលើស្លឹកជីតត្រចៀកជ្រូកដែលវាអាចធ្វើឱ្យរមាស់ រលាក ឬប្រតិកម្មស្បែក។

- ទោះបីជាស្លឹកនេះជួយបង្កើនទឹកដោះម្តាយដែលសម្រាលកូនរួចក៏ដោយ (ពិភាក្សាជាមួយវេជ្ជបណ្ឌិតមុននឹងប្រើប្រាស់) តែវាត្រូវបានហាមប្រាមប្រើប្រាស់ដាច់ខាត សម្រាប់ស្ត្រីដែលកំពុងមានផ្ទៃពោះ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]