ស្រ្តីមានផ្ទៃពោះភាគច្រើនកើតមានបញ្ហាសុខភាពផ្សេងៗគ្នា ហើយការកើតមានឆ្អល់ក្តៅចុងដង្ហើមគឺជាបញ្ហាមួយដែលអាចកើតមានឡើងចំពោះស្រ្តីអំឡុងពេលមានផ្ទៃពោះ។ 

មូលហេតុពីរសំខាន់ៗ ដែលបណ្តាលឲ្យកើតមានអាការបែបនេះគឺការប្រែប្រួលអ័រម៉ូនកំពុងតែកើតមានក្នុងខ្លួន និងមានការកើនឡើងសម្ពាធនៅលើក្រពះពីការរីកលូតលាស់របស់ស្បូន។

ការពិតវាជារឿងធម្មតាដែលស្រ្តីមានផ្ទៃពោះមានការក្រហាយទ្រូងក្នុងអំឡុងត្រីមាសទី១ និងត្រីមាសទី៣ ប៉ុន្តែមិនមែនមានន័យថាអ្នកទុកវាឲ្យឈឺបែបនេះរហូតដល់ពេលសម្រាលនោះទេ។

ហេតុនេះខាងក្រោមនេះគឺជាដំណោះស្រាយងាយៗ និងមិនមានផលប៉ះពាល់ដល់ទារក ខណៈពេលដែលឱសថមួយចំនួនត្រូវបានហាមឃាត់មិនឲ្យស្រ្តីមានផ្ទៃពោះប្រើប្រាស់ផ្តេសផ្តាស ព្រោះវាអាចនាំឲ្យមានផលអវិជ្ជមានដល់ទារកក៏ដូចជាស្ត្រីខ្លួនឯងផ្ទាល់អំឡុងពេលមានផ្ទៃពោះ។

#ទទួលទានតិចប៉ុន្តែញឹកញាប់

ជំនួសឲ្យការទទួកទានអាហារបីពេលក្នុងមួយថ្ងៃ អ្នកត្រូវបែងចែកទទួលទានប្រាំពេលក្នុងមួយថ្ងៃ(ទទួលទានតិចៗ) ដោយធ្វើការទំពារឲ្យបានហ្មត់ចត់ និងចៀសវាងទទួលទានអាហារដែលមានជាតិខ្លាញ់២ ទៅ៣ម៉ោងមុនពេលចូលគេង ដើម្បីការពារមិនឲ្យកើតមានអាការឆ្អល់ចុងដង្ហើម។ 

ទទួលទានតិចប៉ុន្តែញឹកញាប់

#គេងផ្អៀងទៅផ្នែកខាងឆ្វេង

មិនថាវាជាអំឡុងពេលមានផ្ទៃពោះ ឬមិនមាននោះទេ អ្នកជំនាញខាងសុខភាពបានណែនាំឲ្យគេងងាកទៅរកផ្នែកខាងឆ្វេងទើបល្អចំពោះសុខភាព ហើយជាពិសេសនោះវាអាចកាត់បន្ថយការឆ្អល់ក្រហាយទ្រូងផងដែរ។

#ការទំពារស្ករកៅស៊ូ

ការទំពារស្ករកៅស៊ូក្រោយពេលទទួលទានអាហារវាមិនត្រឹមតែជួយបន្សាបជាតិអាស៊ីតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារការក្រហាយទ្រូងបានទៀតផង។

#ដាក់ខ្នើយកើយឲ្យខ្ពស់បន្តិច

ដើម្បីបង្ការបញ្ហាក្រហាយទ្រូង អ្នកអាចដាក់ខ្នើយកើយរបស់អ្នកឲ្យខ្ពស់បន្តិច នោះកម្ពស់នឹងរារាំងអាស៊ីតមិនឱ្យហូរត្រឡប់មកក្នុងបំពង់អាហារវិញក៏ដូចជាការពារអាការឆ្អល់ចុងដង្ហើមនេះផងដែរ។  

ការទំពារស្ករកៅស៊ូ

#ទទួលទានទឹកម្តងបន្តិចៗ

ការទទួលទានទឹក និងអាហារមួយចំនួនដូចជាស៊ុប ឬយ៉ាអួរ អាចធ្វើជួយលាងសម្អាតបំពង់រំលាយអាហារក៏ដូចជាជួយផ្តល់សំណើម ដើម្បីកាត់បន្ថយអាការក្តៅចុងដង្ហើមបានល្អ។

#ទទួលទានទឹកខ្មេះប៉ោម

ការទទួលទានទឹកខ្មេះប៉ោមចំនួន ១ ឬ២ស្លាបព្រាកាហ្វេ ទៅក្នុងទឹក១កែវ(កុំឲ្យពេញ១កែវពេក) រួចទទួលទាន៣០នាទីមុនពេលញ៉ាំអាហារ ហើយធ្វើបែបនេះឱ្យបានទៀងទាត់ ដើម្បីបំបាត់បញ្ហាឆ្អល់ចុងដង្ហើម និងធ្វើឲ្យម្តាយក៏ដូចជាទារកមានសុខភាពល្អ។

#ផឹកទឹកដូង

អ្នកអាចទទួលទានទឹកដូងដែលអាចជួយក្នុងការកាត់បន្ថយរោគសញ្ញាក្រហាយទ្រូងអំឡុងពេលមានផ្ទៃពោះរបស់ស្រ្តី ហើយលើសពីនេះវាសម្បូរទៅដោយសារធាតុចិញ្ចឹម និងមានសារធាតុអេឡិចត្រូលីត្រខ្ពស់ដែលជួយការពារការខះជាតិទឹកបានទៀតផង។ 

ផឹកទឹកដូង

#ចៀសវាងទទួលទានពពួកផ្លែក្រូច

ប្រសិនបើអ្នកធ្លាប់កើតមានបញ្ហាក្រហាយទ្រូងញឹកញាប់ អ្នកចាំបាច់ត្រូវចៀសវាងការទទួលទានពពួកផ្លែក្រូចដូចជាក្រូចសំបកលឿង ឬក្រូចថ្លុងជាដើម ព្រោះផ្លែក្រូចមានជាតិអាស៊ីតខ្ពស់ដែលអាចធ្វើឱ្យមានអាការរោគក្រហាយទ្រូងកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅពេលទទួលទាននៅពេលក្រពះទទេ។

#ចៀសវាងការទទួលទានខ្ទឹមបារាំង

ខ្ទឹមបារាំងឆៅអាចបង្កើនជាតិអាស៊ីតនៃក្រពះ និងជាមូលហេតុទូទៅមួយទៀតដែលធ្វើឲ្យមានការក្រហាយទ្រូងចំពោះស្ត្រីមានផ្ទៃពោះមួយចំនួន៕

ចៀសវាងការទទួលទានខ្ទឹមបារាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]