ភ្នំពេញ៖  ភាពយន្តគឺផ្នែកមួយដ៏សំខាន់ នៅក្នុងជីវិតមនុស្សស្ទើរតែគ្រប់រូប ដោយសារភាពយន្ត អាចជួយឲ្យមនុស្សធ្វើការកម្សាន្តអារម្មណ៍ យល់ដឹងពីអ្វីថ្មីៗ យល់ដឹងពីសង្គម ពិភពលោកខាងក្រៅ ចេះវិភាគ និងថ្លឹងថ្លែងអំពីសកម្មភាពនានាផងដែរ។

រឿងនៃប្រទេសនីមួយៗតែងតែមានភាពខុសគ្នាយ៉ាងច្រើន ទាំងបច្ចេកទេសក្នុងការថត  ប្រភេទសាច់រឿង និងផ្នែកផ្សេងៗមួយចំនួនទៀត។ ក្នុងពេលនេះដែរ គេហទំព័រ Khmerload នឹងនាំអារម្មណ៍ប្រិយមិត្តមកតាមដានមតិយោបល់របស់យុវវ័យខ្មែរមួយចំនួន ថាតើពួកគេចូលចិត្តខ្សែភាពយន្ត ដែលមានប្រភពមកពីប្រទេសណាជាងគេ និងមូលហេតុអ្វី។

ប្អូនប្រុស ឡុង ប៉េងឡេង មានអាយុ ២០ឆ្នាំ គឺជានិស្សិតមកពីវិទ្យាស្ថានភាសាបរទេស បានបង្ហើបពីអារម្មណ៍របស់ខ្លួនថា រូបគេគឺជាមនុស្សម្នាក់់ដែលចូលចិត្តទស្សនាភាពយន្ត ដែលមានប្រភពមកពីប្រទេសចិន។ យុវជនរូបនេះបានប្រាប់ថា មូលហេតុដែលធ្វើឲ្យខ្លួនចូលចិត្តមើលរឿងចិន ព្រោះរឿងចិននីមួយៗតែងតែមានអត្ថន័យបង្កប់ការអប់រំយ៉ាងច្រើន ដែលទាក់ទងនឹងសង្គមក្នុងពេលបច្ចុប្បន្ន បញ្ហាគ្រួសារ និងបំនិនជីវិតមួយចំនួនទៀតផងដែរ។

ប្អូនប្រុស ឡុង ប៉េងឡេង

ដោយឡែក កញ្ញាលី សុខេធិត ដែលជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានភាសាបរទេស បានប្រាប់ក្រុមការងារវេបសាយ Khmerload ថា ខ្លួនគាត់ចូលចិត្តទស្សនារឿងកូរ៉េជាងគេ។ នេះក៏ព្រោះតែខ្សែភាពយន្តដែលមានប្រភពមកពីកូរ៉េ ភាគច្រើនមានសាច់រឿងស្នេហាបែបកំប្លែងៗនិងរ៉ូមែនទិច លើសពីនេះទៅទៀតម៉ូតសម្លៀកតួអង្គនីមួយៗ មានភាពទាក់ទាញយ៉ាងខ្លាំងទៀតផង។ យ៉ាងណាមិញ សុខេធិត បានបង្ហើបប្រាប់ថា ចំណុចដែលខ្លួនមិនសូវពេញចិត្តអំពីរឿងកូរ៉េគឺត្រង់ថា សាច់រឿងនីមួយៗហាក់បីដូចជាស្រដៀងៗគ្នាពេក ពោលគឺមានឧបសគ្គបន្តិចបន្តួចនៅពេលដំបូង និងដល់ចុងក្រោយគឺបញ្ចប់ទៅវិញដោយក្តីសប្បាយរីករាយ។

ប្អូនស្រី លី សុខេធិត

ចំណែកឯនិស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក អំ រិទ្ធិច័ន្ទ បានប្រាប់ថាប្រភេទរឿងដែលខ្លួនចូលចិត្តមើលផលិតដោយក្រុមហ៊ុននៅសហរដ្ឋអាមេរិក ដោយសារអ្នកនិពន្ធតែងតែមានសាច់រឿងទាក់ទិននឹងបញ្ហាដែលកំពុងកើតឡើងនៅលើសកលលោក ក៏ដូចជាបញ្ហាដែលមហាជនកំពុងបារម្ភថាពិភពលោកនឹងអាចជួបប្រទះ។ ក្រៅពីនេះទៅទៀត រិទ្ធិច័ន្ទ បានប្រាប់ថា រឿងដែលផលិតនៅសហរដ្ឋអាមេរិក បានចំណាយដើមទុនធំណាស់ ដើម្បីសម្រិតសម្រាំងឲ្យខ្សែភាពយន្តរបស់គេមានភាពឥតខ្ចោះ ទាំងការថត ព្រមទាំងបច្ចេកទេសកាត់តផងដែរ ដូច្នេះហើយបានជារឿងនីមួយៗរបស់គេ មានភាពជក់ចិត្តដិតអារម្មណ៍បែបនេះ។

ប្អូនប្រុស អំ រិទ្ធិច័ន្ទ

យ៉ាងណាមិញ នៅពេលនិយាយអំពីខ្សែភាពយន្តក្នុងស្រុក យុវជនមួយចំនួនសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ភាពយន្តក្នុងស្រុកមានភាពចម្រើនគួរឲ្យចាប់អារម្មណ៍ ប៉ុន្តែចំនុចមួយដែលមិនសូវជាពេញចិត្តនោះគឺថា ខ្សែភាពយន្តក្នុងស្រុកមួយចំនួនហាក់បីដូចជាមានសាច់រឿងដដែលៗពេក ពោលគឺមិនសូវជាមានអ្វីថ្មីប៉ុន្មានឡើយ។ ដូច្នេះហើយបានជាចង់ឲ្យផលិតករភាពយន្តក្នុងស្រុក ព្យាយាមរកសាច់រឿងថ្មីៗ ដែលមិនធ្លាប់មានពីមុន ក៏ដូចជាបង្កើនភាពផ្ចិតផ្ចង់នៅក្នុងការថត ក៏ដូចជាបច្ចេកទេសនៃការកាត់តរូបភាពបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ គេនៅតែមានសង្ឃឹមជឿជាក់ថា ក្នុងពេលឆាប់ៗខាងមុខនេះ ខ្សែភាពយន្តក្នុងស្រុកនឹងមានភាពរីកចម្រើនខ្លាំងជាងមុន ហើយក៏ប្រហែលជាអាចធ្វើការប្រណាំងប្រជែងជាមួយប្រទេសដទៃទៀតបានផងដែរ។

ទោះជាយ៉ាងណានេះគ្រាន់តែជាការស្ទង់មតិក្រៅផ្លូវការ ដើម្បីយល់ដឹងពីការយល់ឃើញមួយជ្រុងពីយុវវ័យខ្មែរមួយចំនួនប៉ុណ្ណោះ។ តើប្រិយមិត្តរបស់ខ្មែរឡូតវិញ មានមតិយោយល់យ៉ាងណាទៅវិញដែរ? ចូលចិត្តភាពយន្តប្រទេសណាជាងគេ និងហេតុអ្វី? តើមានមតិស្ថាបនាអ្វីខ្លះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]