ជំងឺស្រុតស្បូនគឺជាជំងឺដ៏គួរឲ្យខ្លាចមួយក្នុងចំណោមជំងឺជាច្រើន ដែលស្រ្តីបានជួបប្រទះ ហើយវាក៏ជាជំងឺដែលបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិត និងផ្តល់ផលវិបាកយ៉ាងច្រើនផងដែរ។

ជំងឺស្រុតស្បូន (prolapsed uterus) គឺជាជំងឺមួយដែលមានស្ថានភាពស្បូនយារធ្លាក់ចុះក្រោមនៅក្នុងទ្វារមាស  និងជួនកាលធ្លាក់ចុះរហូតលៀនចេញមកក្រៅទា្វរមាស។

គួរបញ្ចាក់ផងដែរថា ហានិភ័យនៃជំងឺស្រុតស្បូនវាទាក់ទងទៅនឹងអាយុរបស់ស្ត្រី(ស្ត្រីក្រោយអស់រដូវស្ត្រីក្រោយអស់រដូវ) និងកម្រិតអ័រម៉ូនស្រ្តីថយចុះ។ ម្យ៉ាងទៀតអ័រម៉ូនអេស្ត្រូសែនគឺជាអ័រម៉ូនជួយរក្សាសាច់ដុំអាងត្រគាកឱ្យរឹងមាំ ហើយប្រសិនបើកាលណាមានការខូចខាតដល់សាច់ដុំ និងជាលិកាអាងត្រគាកអំឡុងពេលមានផ្ទៃពោះ ឬការសម្រាលកូននោះវាក៏អាចនាំឲ្យមានការកើតមានជំងឺនេះផងដែរ។  

រូបភាពតំណាង

កត្តាមួយចំនួនទៀតដែលបង្កើតឲ្យមានហានិភ័យនៃជំងឺស្រុតស្បូនរួមមានការធាត់ ក្អករ៉ាំរៃ ការទល់លាមករ៉ាំរៃ និងសកម្មភាពមួយចំនួនដែលដាក់សម្ពាធលើសាច់ដុំឆ្អឹងត្រគាកក៏ជាហេតុអាចបង្កើនហានិភ័យនៃការរីករាលដាលនៃជំងឺស្រុតស្បូនផងដែរ។ លើសពីនេះទៅទៀតជំងឺស្រុតស្បូនក៏បណ្តាលមកពីការស្រ្តីមានផ្ទៃពោះធ្វើការធ្ងន់ កត្តាពាក់ព័ន្ធនឹងការការប៉ះទង្គិចផ្លូវភេទ និងការសម្រាលទារកមានទំហំធំ។

ជាមួយគ្នានេះដែរ ស្ត្រីដែលកើតមានបញ្ហាជំងឺស្រុតស្បូនតិចតួចប្រហែលជាមិនមានរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែនៅពេលដែលមានការវិវឌ្ឍន៍ទៅជាធ្ងន់ធ្ងរអាចបណ្តាលឲ្យមានរោគសញ្ញាដូចជា៖

• អ្នកមានអារម្មណ៍ថាដូចជាអង្គុយនៅលើបាល់

• មានការហូរឈាមតាមទ្វារមាស ឬការកើនឡើងនៃទឹករំអិលទ្វារមាស

• មានការលំបាកជាមួយនឹងការរួមភេទ (មានអារម្មណ៍ថាស្បូនធ្លាក់ចុះនៅពេលរួមភេទ)

• ឈឺខ្នងផ្នែកខាងក្រោម និងមានការទល់លាមក

• ឃើញមានស្បូនធ្លាក់ចេញមកក្រៅទ្វារមាស

• មានអារម្មណ៍ថាធ្ងន់នៅក្នុងអាងឆ្អឹងត្រគាក

• មានការឆ្លងមេរោគប្លោកនោមកើតឡើង។

ប្រសិនបើអ្នកកើតមានរោគសញ្ញាទាំងនេះ វាជារឿងសំខាន់ដែលអ្នកត្រូវទៅជួបគ្រូពេទ្យ និងទទួលការព្យាបាលភ្លាមៗ ព្រោះបើអ្នកមិនមានការយកចិត្តទុកដាក់ត្រឹមត្រូវនោះទេ ស្ថានភាពនេះអាចធ្វើឲ្យខូចដល់ពោះវៀន ប្លោកនោម និងមុខងារផ្លូវភេទរបស់អ្នកទៀតផង។

រូបភាពតំណាង

ជាការពិតអ្នកពុំអាចការពារជំងឺស្រុតស្បូនបានគ្រប់ស្ថានភាពទាំងអស់នោះទេ ប៉ុន្តែអ្នកអាចទប់ស្កាត់ហានិភ័យនៃការកើតមានបាន៖

• ការហាត់ប្រាណទៀងទាត់ ជាពិសេសការធ្វើលំហាត់ប្រាណដើម្បីពង្រឹងសាច់ដុំអាងត្រគាករបស់ស្ត្រី(Kegel exercises)

• រក្សាទម្ងន់ឱ្យមានសុខភាពល្អតាមរយៈរបបអាហារ និងការធ្វើលំហាត់ប្រាណ

• ប្រើការព្យាបាលជំនួសអ័រម៉ូនអេស្ត្រូសែនអំឡុងពេលរាំងរដូវ

• ចៀសវាងការកើតមានបញ្ហាទល់លាមកញឹកញាប់

• ចៀសវាងការលើកធ្ងន់

• ព្យាបាលជំងឺក្អករុំារៃ៕ 

ការហាត់ប្រាណទៀងទាត់ ពង្រឹងសាច់ដុំអាងត្រគាក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]