មនុស្សមួយចំនួនតែងតែជឿជាក់ថា ការឃ្លានចំណី ឬអាហារអ្វីមួយដែលខុសពីប្រក្រតី អាចបណ្តាលមកពីរាងកាយរបស់យើងកំពុងតែខ្វះខាតនូវសារធាតុចិញ្ចឹម ឬវីតាមីនមួយចំនួន ដែលទាមទារឱ្យបំពេញឡើងវិញតាមរយៈការទទួលទានរបស់អស់ទាំងនោះ។

ជាក់ស្តែងការដែលរាងកាយទាមទារការទទួលទានអាហារដែលមានជាតិប្រៃ (អំបិល) ដែលគេគ្រប់ៗគ្នាសុទ្ធតែដឹងថា ការទទួលទានប្រៃមិនល្អទាល់តែសោះសម្រាប់សុខភាពនោះ តាមការការស្រាវជ្រាវបានរកឃើញថា វាក៏អាចបណ្តាលមកពីរាងកាយរបស់អ្នកមានជំងឺមួយចំនួនផងដែរ ដែលត្រូវតែធ្វើការតាមដាន និងប្រុងប្រយ័ត្នឱ្យមែនទែន។

ដូច្នេះមកតាមដានទាំងអស់គ្នា តើការឃ្លានអាហារដែលមានជាតិប្រៃបណ្តាលមកពីកត្តា និងជំងឺអ្វីខ្លះដូចខាងក្រោមនេះ៖

ឃ្លានអាហារដែលមានជាតិប្រៃបណ្តាលមកពីកត្តា និងជំងឺមួយចំនួន

# កើតស្ត្រេស

សុខៗស្រាប់តែឃ្លានអាហារដែលមានជាតិប្រៃ ឬអំបិលច្រើន អាចបណ្តាលមកពីអ្នកកំពុងតែកើតរោគស្ត្រេស និងមានអារម្មណ៍តានតឹងក្នុងចិត្តជាដើម។ ការសិក្សាបានបង្ហាញថា នៅពេលដែលមនុស្សយើងមានបញ្ហាសុខភាពផ្លូវចិត្ត ដូចជាការកើតស្ត្រេសនោះ វានឹងធ្វើឱ្យអរម៉ូន Ghrelin កើនឡើង ហើយធ្វើឱ្យអ្នកចេះតែឃ្លានចំណីអាហរដែលមានជាតិប្រៃ ដូចជាអាហារដែលសម្បូរទៅដោយជាតិធាត់ មានជាតិខ្លាញ់ អំបិល និងស្ករច្រើន។ អាហារទាំងនោះមិនបានធ្វើឱ្យអ្នកមានអារម្មណ៍ថាធូរស្បើយពីអាការស្ត្រេសនោះឡើយ តែបែរជាធ្វើឱ្យអ្នកមានបញ្ហាសុខភាព ជាពិសេសគឺការឡើងទម្ងន់តែម្តង។

ឃ្លានអាហារដែលមានជាតិប្រៃ មកពីកំពុងតែកើតរោគស្ត្រេស និងមានអារម្មណ៍តានតឹង

# គេងមិនបានគ្រប់គ្រាន់

ការគេងមិនបានគ្រប់គ្រាន់យ៉ាងហោចឱ្យបាន ៦ម៉ោង ទៅ៨ម៉ោងក្នុងមួយថ្ងៃ មិនត្រឹមតែធ្វើឱ្យអ្នកមានបញ្ហាសុខភាពជាច្រើន ដែលត្រូវប្រឈមមុខទេ វាក៏បានធ្វើឱ្យអ្នកស្រាប់តែឃ្លានអាហារដែលមានជាតិប្រៃផងដែរ។ កត្តាមួយផ្សេងទៀត ការគេងមិនគ្រប់គ្រាន់អាចធ្វើឱ្យអ្នកស្ត្រេស និងមានអារម្មណ៍តានតឹង ហើយវាជាហេតុដែលធ្វើឱ្យអ្នកមានចំណង់អាហារដែលមានជាតិប្រៃផងដែរ។

ការគេងមិនបានគ្រប់គ្រាន់ធ្វើឱ្យឃ្លានអាហារដែលមានជាតិប្រៃ

# ធុញទ្រាន់/អផ្សុក

ភាពអផ្សុក និងធុញទ្រាន់ពេកមិនដឹងថាធ្វើអីនោះ ក៏ជាមូលហេតុដែលធ្វើឱ្យអ្នកស្រាប់តែឃ្លានរបស់ប្រៃដែរ។ ការកើតមានអាការបែបនេះ ស្រដៀងទៅនឹងការកើតរោគស្ត្រេសដែរ គឺការដែលចង់រករបស់សម្រាប់ទទួលទាន ដើម្បីបន្លប់ចិត្តដែលអផ្សុក និងធុញទ្រាន់ទាំងឡាយ។

ដូច្នេះ អ្នកត្រូវតែទទួលទានអាហារតែពេលដែលអ្នកឃ្លានពិតប្រាកដបានហើយ ហើយប្រសិនជាកើតរោគអផ្សុក ធ្វើឱ្យអ្នកចេះតែឃ្លាននោះ កុំទទួលទានអាហារដែលមានជាតិប្រៃឱ្យសោះ តែគួរតែទទួលទានពពួកបន្លែផ្លែឈើធម្មជាតិ ឬអាហារដែលមានប្រយោជន៍ចំពោះសុខភាពវិញប្រសើរជាង។

ភាពអផ្សុក និងធុញទ្រាន់ពេក ក៏ជាមូលហេតុដែលធ្វើឱ្យអ្នកស្រាប់តែឃ្លានរបស់ប្រៃ

# បែកញើសច្រើនពេក

អ្នកដែលធ្វើការបែកញើស ឬហាត់ប្រាណ-ហាត់កីឡាច្រើនពេកនោះ នឹងធ្វើឱ្យជាតិអំបិល (សូដ្យូម) បាត់បង់តាមរយៈញើសដែលហូរចេញពីរាងកាយ ហើយវាជាមូលហេតុដែលអាចធ្វើឱ្យអ្នកស្រាប់តែឃ្លានអាហារដែលមានជាតិប្រៃ ។ តែការពិត អ្នកមិនចាំបាច់ទទួលទានអាហារដែលមានជាតិប្រៃតាមចំណង់នោះទេ គ្រាន់តែបំពេញជាតិទឹកក្នុងខ្លួន ដោយការទទួលទានទឹកសុទ្ធធម្មតាក៏បានដែរ។

នៅក្នុងនោះផងដែរ ការបំពេញជាតិអេឡិចត្រូលីត្រ តាមរយៈភេសជ្ជៈកីឡា (Sport Drinks) ក៏អាចជួយអ្នកបំពេញជាតិសូដ្យូមក្នុងខ្លួនផងដែរ តែកុំទទួលទានច្រើនពេក ព្រោះការទទួលទានទឹកធម្មតា គឺល្អបំផុតសម្រាប់រាងកាយ។

ធ្វើការបែកញើស ឬហាត់កីឡាច្រើនពេកនោះ នឹងធ្វើឱ្យជាតិអំបិលបាត់បង់តាមរយៈញើស

# អាការធ្វើទុក្ខពេលមុន និងក្រោយមករដូវ (PMS)

ស្ត្រីជាច្រើន តែងតែជួបប្រទះនឹងរោគសញ្ញានៃអាការធ្វើទុក្ខរាល់ពេលមុន និងក្រោយមករដូវមួយអាទិត្យ ដោយសារតែកត្តាអរម៉ូននៅក្នុងរាងកាយផ្លាស់ប្តូរ ហើយវាបានធ្វើឱ្យអារម្មណ៍ស្ត្រីប្រែប្រួលចុះឡើង និងមានបញ្ហាសុខភាពដែលផ្តល់ផលរំខានមួយចំនួន។ នៅក្នុងចំណោមរោគសញ្ញាទាំងនោះ ការឃ្លានចំណីអាហារផ្តេសផ្តាស ជាពិសេសគឺឃ្លានរបស់ប្រៃ ក៏ត្រូវបានគេចាត់ទុកថា បណ្តាលមកពីអាការមករដូវមួយនេះដែរ។

ជំនួសឱ្យការទទួលទានអាហារដែលមានជាតិប្រៃផ្តេសផ្តាសប៉ះពាល់ដល់សុខភាព ស្ត្រីគួរតែទទួលទានគ្រាប់ថ្នាំជំនួយដូចជា កាល់ស្យូម វីតាមីន B6 ថ្នាំជំនួយអរម៉ូន(ថ្នាំពន្យារកំណើត) និងទទួលទានចំណីអាហារដូចជា បន្លែ ផ្លែឈើ ដែលមានប្រយោជន៍ជំនួសវិញប្រសើរជាង ដើម្បីឱ្យអាការពេលមករដូវនេះបានធូរស្បើយជាងមុន។

អាការធ្វើទុក្ខពេលមុន និងក្រោយមករដូវ (PMS) ធ្វើឱ្យរាងកាយស្ត្រីខ្វះជាតិអំបិល

# ជំងឺ Addison (Addison’s disease)

ជំងឺ Addison គឺជាជំងឺដែលកើតមាននៅពេលដែលក្រពេញ Adrenal មិនបានបំពេញអរម៉ូនសម្រាប់រាងកាយឱ្យគ្រប់គ្រាន់បានល្អ និងធ្វើឱ្យអ្នកខ្វះជាតិអំបិលនៅក្នុងខ្លួន ដែលជាហេតុធ្វើឱ្យអ្នកស្រាប់តែឃ្លានអាហារដែលមានជាតិប្រៃ។ ក្រៅពីការឃ្លានរបស់ប្រៃ អ្នកអាចសម្គាល់បានថា អ្នកកំពុងតែប្រឈមនឹងជំងឺមួយនេះ ពេលមានរោគសញ្ញាពាក់ព័ន្ធមួយចំនួនដូចជា៖ រាងកាយទន់ខ្សោយ ឈឺក្បាល អស់កម្លាំង មិនសូវឃ្លានចំណីអាហារ-ស្រកទម្ងន់ដោយគ្មានមូលហេតុ ឈឺក្រពះ ជាតិស្ករធ្លាក់ចុះ សម្ពាធឈាមចុះខ្សោយ មានជំងឺថប់អារម្មណ៍ វិលមុខ ក្អួតចង្អោរ និងអាការផ្សេងៗជាច្រើនទៀត។

ដូច្នេះ នៅពេលដែលអ្នកស្រាប់តែឃ្លានអាហារដែលមានជាតិប្រៃ និងមានអាការរាងកាយខុសពីប្រក្រតីណាមួយ ត្រូវប្រញាប់ទៅមន្ទីរពេទ្យទើបជាការល្អ។

ជំងឺ Addison ពេលដែលក្រពេញ Adrenal មិនបានបំពេញអរម៉ូនបានល្អ និងធ្វើឱ្យខ្វះជាតិអំបិល

# ជំងឺ Bartter

អ្នកដែលមានជំងឺមួយនេះ ភាគច្រើនមានពីកំណើតតែម្តង ដែលវាធ្វើឱ្យរាងកាយមិនអាចស្រូបយកជាតិសូដ្យូម (អំបិល) ទៅកាន់តម្រងនោមបាន។ ជាលទ្ធផល ជាតិអំបិលនឹងបាត់បង់តាមរយៈទឹកនោម ថែមទាំងបាត់បង់ជាតិប៉ូតាស្យូម និងកាល់ស្យូមពីក្នុងរាងកាយផងដែរ។ ក្រៅពីការចេះតែឃ្លានអាហារដែលមានជាតិប្រៃ អ្នកដែលកើតមានជំងឺមួយនេះអាចមានអាការមួយចំនួនដូចជា៖  មិនសូវឡើងទម្ងន់ ទល់លាមក នោមញឹក ក្រួសក្នុងតម្រងនោម សម្ពាធឈាមធ្លាក់ចុះ រមួលក្រពើ ឬសាច់ដុំខ្សោយ និងរោគសញ្ញាដទៃទៀត។ ជំងឺមួយនេះភាគច្រើនកើតមាននៅលើទារក និងកុមារ តែក៏អាចធ្វើការព្យាបាលឱ្យជាសះស្បើយបានដែរ។ ដូច្នេះប្រសិនជាសង្កេតឃើញថាមានអាការខុសប្រក្រតីដូចដែលបានរៀបរាប់ខាងលើ ត្រូវតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់។

ជំងឺBartterធ្វើឱ្យរាងកាយមិនអាចស្រូបយកជាតិសូដ្យូម (អំបិល) ទៅកាន់តម្រងនោម

បើទោះបីជាការឃ្លានចំណីអាហារដែលមានជាតិប្រៃ គ្រាន់តែបណ្តាលមកពីការកើតស្ត្រេស តឹងតែង អស់កម្លាំង និងជំងឺពាក់ព័ន្ធនឹងវដ្តរដូវស្ត្រី ដែលមិនបានធ្វើឱ្យកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ ឬកើតជំងឺដែលអាចព្យាបាលបានយ៉ាងណាក៏ដោយ អ្នកក៏មិនគួរបណ្តោយចំណង់ឃ្លានជាតិប្រៃ តាមចិត្តចង់នោះដែរ។ ជាពិសេស កុំភ្លេចឧស្សាហ៍តាមដានសុខភាពបន្ថែមផង ប្រសិនជាមានករណីឃ្លានអាហារដែលមានជាតិប្រៃ និងមានរោគសញ្ញាដែលសង្ស័យមួយចំនួនទៀត ត្រូវតែប្រញាប់ទៅមន្ទីរពេទ្យជាបន្ទាន់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]