(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី បានប្រកាសព្រមានបិទអាជីវកម្មកាប់គោមួយកន្លែង មានទីតាំងនៅជាប់សាលាសង្កាត់ច្រាំងចំរេះ២ ក្រោយមានប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងមកថា អាជីវកម្មខាងលើនេះ មិនទទួលខុសត្រូវបញ្ហាអនាម័យ បង្កឲ្យមានទឹកហូរហៀរពេញផ្លូវ ជះក្លិនស្អុយ ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន និងសុខភាពអ្នកជិតខាង។

បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋហើយ លោកអភិបាលខណ្ឌបានបញ្ជាឲ្យលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ ឲ្យកោះហៅម្ចាស់ទីតាំងអាជីវកម្មខាងលើ មកធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពគ្មានទំនួលខុសត្រូវទាំងនោះចេញជាបន្ទាន់ ដែលចំណាត់ការបឋមនេះ ធ្វើឡើងនៅព្រលប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ។

បើតាមលោក ជា ពិសី កាលពីល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងទៅ លោកបានចាត់ឲ្យអនុប្រធានការិយាល័យអន្តរវិស័យខណ្ឌ លោក លឹម សាមឌី ដឹកនាំមន្ត្រីពាក់ព័ន្ធ ដើម្បីសហការជាមួយអាជ្ញាធរភូមិ សង្កាត់ ក្នុងការចុះត្រួតពិនិត្យជាក់ស្ដែងដល់ទីតាំងខាងលើនេះ ឃើញថា អាជីវកម្មកាប់គោរបស់លោក ចាន់ ភិរម្យ និងប្រពន្ធឈ្មោះ ម៉ាត់ រីណា ពិតជាបានបង្កផលប៉ះពាល់ដល់បរិស្ថាន មានទឹកហូរហៀរពេញផ្លូវដើរ និងជះក្លិនស្អុយដោយសារឈាមគោ ដូចពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋលើកឡើងពិតប្រាកដមែន

លោកអភិបាលខណ្ឌឫស្សីកែវ ជា ពិសី បានព្រមានថា ចំពោះអាជីវកម្មកាប់គោលក់របស់លោក ចាន់ ភិរម្យ ខាងលើ បើនៅតែបង្កសកម្មភាពធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន មានទឹកហូរហៀរពេញផ្លូវដើរ និងជះក្លិនស្អុយដោយសារឈាមគោ ប៉ះពាល់ប្រជាពលរដ្ឋជិតខាង ហើយប្រជាពលរដ្ឋនៅតែប្ដឹងបែបនេះទៀត ប្រហែលជាអាចប្រឈមការបិទអាជីវកម្មចោលមិនខានឡើយ ពីព្រោះលោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ បានអញ្ជើញម្ចាស់ទីតាំងធ្វើកិច្ចសន្យាបញ្ឈប់រាល់សកម្មភាព ដែលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននេះ មិនមែនជាលើកទី១នោះទេ គឺជាលើកទី២មកហើយ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីប្រជាពលរដ្ឋជាច្រើនគ្រួសារ៕

ព្រមានបិទអាជីវកម្មកាប់គោមួយកន្លែង
ព្រមានបិទអាជីវកម្មកាប់គោមួយកន្លែង

ប្រភព៖ Freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]