ខេត្តសៀមរាប ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​សម្រេចចិត្ត​ជិះឡាន​ក្រុង ពី​ស្រុក​សូទ្រនិគម មក​ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​ប្តឹង​ប្រពន្ធ​នគរបាល​នៅ​ស្រុក​សូទ្រនិគម​ម្នាក់ អំពី​ករណី​គំរាមកំហែង វាយ​ខ្នោះ ប្រមាថ​ចាប់​ដាក់គុក និង​ចាក់សោ​មិន​ឱ្យ​ចូល​ផ្ទះ ដោយ​គ្រាន់តែ​រឿង​ជំពាក់​លុយ​២​លាន​រៀល​ប៉ុណ្ណោះ ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ខេត្តសៀមរាប ។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​មុខ​ស្នងការ​នគរបាល​ខេត្តសៀមរាប​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ ។

ស្ត្រី​វ័យក្មេង​ម្នាក់​បាន​សម្រេចចិត្ត​ជិះឡាន​ក្រុង ពី​ស្រុក​សូទ្រនិគម មក​ស្នងការ​នគរបាល​ខេត្តសៀមរាប ដើម្បី​ប្តឹង​ប្រពន្ធ​នគរបាល​

បើ​តាម​ការ​រៀបរាប់​ពី​ស្ត្រី​ដែល​ប្តឹង​ប្រពន្ធ​នគរបាល​ស្រុក​ម្នាក់​នោះ​មាន ឈ្មោះ ម៉ៅ ណែ​ត អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បុស្ស ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​០២​រសៀល ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​មាន​ទីតាំង​នៅផ្ទះ​ល្វែង​ជួល​របស់​គាត់ មាន​ស្ត្រី​ឈ្មោះ ពៅ ជា​ប្រពន្ធ​នគរបាល​ស្រុក​សូទ្រនិគម​ម្នាក់ «​បាន​ហៅ​ប៉ូលិស​មួយ​ក្រុម​មក​ផ្ទះ​របស់​គាត់ និង​យក​ឡាន​មក​បិទមុខ​ផ្ទះ ព្រមទាំង​បាន​យក​សោ​ថ្មី​មក​ចាក់​មិន​ឱ្យ​គាត់​ចូល​ផ្ទះ​ថែម​ទៀត ព្រមទាំង​គំរាម​ចាប់​គាត់​វាយ​ខ្នោះ ដោយ​គ្រាន់តែ​គាត់​ជំពាក់​លុយ​ចំនួន​២​លាន​រៀល​ប៉ុណ្ណោះ​» ។

ស្ត្រី​ឈ្មោះ ម៉ៅ ណែ​ត បាន​រៀបរាប់​បន្ត​ថា «​រឿង​ជំពាក់​លុយ​នោះ​គាត់​ព្រម​សង​ហើយ ប៉ុន្តែ​ស្ត្រី​ប្រពន្ធ​នគរបាល​នោះ​វិញ គឺ​ទារ​ទៅ​តាម​អ្វី​ដែល​គាត់​បាន​កំណត់ គឺ​ក្នុង​មួយ​ថ្ងៃ​ត្រូវ​បង់​ឱ្យ​គាត់​២​ម៉ឺន​រៀល ។ ប៉ុន្តែ​ប្រពន្ធ​នគរបាល​នោះ​នៅ​តែ​មិន​ព្រម ដោយ​ចង់​ចាក់សោ​មិន​ឱ្យ​គាត់​ចូល​ផ្ទះ និង​គំរាម​ចាប់​វាយ​ខ្នោះ បើ​មិន​ព្រម​សង​លុយ​» ។

ស្ត្រី​ឈ្មោះ ពៅ ជា​ប្រពន្ធ​នគរបាល​ស្រុក​សូទ្រនិគម​ម្នាក់ «​បាន​ហៅ​ប៉ូលិស​មួយ​ក្រុម​មក​ផ្ទះ​របស់​គាត់ និង​យក​ឡាន​មក​បិទមុខ​ផ្ទះ

ស្ត្រី​រូប​នេះ​បន្ត​ថា រូប​គាត់​កើតទុក្ខ​មិន​សុខចិត្ត ដូច្នេះ​ហើយ​ទើប​គាត់​សម្រេចចិត្ត​ជិះឡាន​ក្រុង​មក​ប្តឹង​ប្រពន្ធ​នគរបាល​ស្រុក​សូទ្រនិគម​ម្នាក់​នោះ​នៅ​ស្នងការ​នគរបាល​ខេត្ត ពី​បទ «​គំរាមកំហែង​វាយ​ខ្នោះ និង​មិន​ឱ្យ​គាត់​ចូល​ផ្ទះ​» ហើយ​ករណី​នេះ​គាត់​សូម​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​៤​ពាន់​ដុល្លារ ព្រមទាំង​សុំ​ឱ្យ​សមត្ថកិច្ច​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ស្រុក​សូទ្រនិគម​ម្នាក់​សូម​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៨ នេះ​ថា ករណី​រឿង​ជំពាក់​លុយ គឺ​ត្រូវ​សង​លុយ មិនមែន​ចេះ​តែ​ដើរ​ជេរ ឬ​ប្រមាថចាប់​វាយ​ខ្នោះ ចាក់សោ​ផ្ទះ​គេ ចេះ​តែ​អំពើរ​ចិត្ត​របស់​ខ្លួន​នោះ​ទេ បើ​តាម​ច្បាប់​វិញ ជំពាក់​លុយ គឺ​ច្បាប់រដ្ឋបវេណី មិនមែន​ច្បាប់ព្រហ្មទណ្ឌ​ទេ គ្រាន់តែ​រឿង​លុយ​២​លាន​រៀល​សោះ ធ្វើ​ឱ្យ​ប្តី​ខ្មាស់​គេ​ពេញ​ស្រុក​តែ​ម្តង ហេតុតែ​មាន​លុយ​ចង់​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត ។

ករណី​រឿង​ជំពាក់​លុយ គឺ​ត្រូវ​សង​លុយ មិនមែន​ចេះ​តែ​ដើរ​ជេរ ឬ​ប្រមាថចាប់​វាយ​ខ្នោះ ចាក់សោ​ផ្ទះ​គេ

ជុំវិញ​ករណី​ចោទប្រកាន់​ខាងលើ​នោះ​ដែរ កោះសន្តិភាព​មិន​អាច​សុំ​ការ​ពន្យល់​ពី លោក​នគរបាល​ស្រុក​សូទ្រនិគម​ម្នាក់​នោះ​បាន​ទេ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែកុម្ភៈ នេះ ។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោក​វរសេនីយ៍ឯក ហង្ស សុ​ផាត​ភារ​ម្យ នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​នគរបាល​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា លោក​បាន​ទទួលបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត ឱ្យ​ចុះ​ទៅ​ពិនិត្យ​ដល់​ស្រុក​សូទ្រនិគម​នោះ​ឱ្យ​បាន​ជាក់ស្តែង ដើម្បី​ជួយ​រក​ភាព​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ ។លោក​បន្ត​ថា រឿង​នោះ​ពិតជា​មាន​ករណី​ចឹ​ង​មែន ហើយ​លោក​កំពុង​ស្រាវជ្រាវ​ឱ្យ​ច្បាស់​សិន ទើប​លោក​ចាត់ការ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]