ជាការពិតណាស់និស្ស័យល្អ និងអំពើល្អរបស់មនុស្សយើង មិនបានកំណត់ឱ្យស្ថិតនៅលើភេទ ប្រុសឬភេទស្រី រូបសម្បត្តិស្អាត ឬអាក្រក់ និងទ្រព្យសម្បតិ្តវត្ថុមានតម្លៃអ្វីនោះទេ ក៏ប៉ុន្តែតម្លៃនៃភាពល្អរបស់មនុស្សយើង គឺវាស្ថិតនៅលើចិត្តគំនិតមនុស្សម្នាក់ៗ ដែលគិតល្អ សាងល្អ ចូលចិត្តយកអាសារមនុស្សនៅជុំវិញខ្លួនទៅវិញទេ។

ហើយការស្វែងរកមិត្តល្អ ក៏មិនងាយនឹងបានជួបដែរ ទោះពេលខ្លះយើងស្គាល់មនុស្សច្រើន យើងរាប់អានមនុស្សច្រើននាក់ តែក៏មិនប្រាកដថាពួកគេទាំងនោះអាចក្លាយមកជាកល្យាណមិត្តរបស់យើងបាននោះឡើយ។ ដូចពាក្យដែលគេតែងនិយាយបន្តៗគ្នាថា រកមិត្តរួមតុគឺងាយស្រួលបំផុត តែរកមិត្តមករួមទុក្ខ គឺមិនងាយនឹងរកបាននោះទេ។

រូបតំណាងមិត្តល្អនឹងគ្នា

មួយវិញទៀត វាមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ នៅពេលដែលត្រូវបានរកឃើញថាមានស្ត្រីជាច្រើននាក់នាពេលបច្ចុប្បន្ននេះ កំពុងតែរីករាយនៅក្នុងការសេពគប់មនុស្សភេទទី៣ជាមិត្តភក្ដិឱ្យក្លាយជាមិត្តជិតស្និទ្ធនឹងគ្នា ជាជាងការស្រលាញ់រាប់អាន ទៅលើមនុស្សស្រីដែលមានភេទដូចគ្នានោះទេ។

ជាក់ស្តែងយោងតាមការសិក្សាស្រាវជ្រាវ និងការសាកសួរទៅកាន់មនុស្សស្រីភាគច្រើន ដែលមានមិត្តសម្លាញ់ជាបុរសភេទទី៣ គឺពិតជាមានផលប្រយោជន៍ជាច្រើនយ៉ាងសម្រាប់មនុស្សស្រីដូចតទៅនេះគឺ៖ 

១) ផ្តល់ភាពក្លាហាន៖ ជាធម្មតាបុរសភេទទី៣តែងតែចង់បាននូវអ្វីដែលល្អបំផុតលើសពីមនុស្សធម្មតាមួយចំនួនគិត។ ភាគច្រើនពូកគេតែងតែមានភាពក្លាហាន មិនភ័យខ្លាចអ្វីច្រើនឡើយ នៅក្នុងការជម្រុញឱ្យមនុស្សនៅជុំវិញខ្លួន និងខ្លួនគេ មានការប្រកួតប្រជែង ដើម្បីប្រយុទ្ធឈានឆ្ពោះទៅរកគោលដៅក្នុងភាពជោគជ័យ។ 

ឧទាហរណ៍ថា៖ នៅក្នុងកាលៈទេសៈមួយ ដែលអ្នកត្រូវប្រឈមមុននឹងភាពភ័យខ្លាច បុរសភេទទី៣តែងតែជំរុញឱ្យអ្នកមានភាពក្លាហានឡើង ក្រោកឈរតស៊ូជំនះរាល់គ្រប់បញ្ហានៅចំពោះមុខ ពោលគឺបុរសប្រភេទនេះមានភាពក្លាហានច្រើនជាងបុរសពិតទូទៅផងនៅពេលខ្លះ។ 

រូបតំណាង

២) មិនខ្លាចនៅក្នុងការនិយាយរឿងប្រុសៗ៖ មនុស្សស្រីដែលមានមិត្តល្អជាភេទទី៣ អាចនិយាយពិគ្រោះរឿងស្នេហារបស់ខ្លួនប្រាប់គេបានច្រើនរឿង ពិសេសគឺទំនាក់ទំនងខ្លួន និងមិត្តប្រុស ដោយមិនសូវមានភាពអៀនប៉ុន្មានឡើយ ដូចនិយាយចំពោះមុខមនុស្សស្រីគ្នាឯងឡើយ។ 

ពេលខ្លះបុរសភេទទី៣ ក៏អាចយល់ពីបុគ្គលិកលក្ខណៈរបស់បុរសៗដូចគ្នា បានច្រើនជាងមនុស្សស្រី ព្រោះគេក៏ជាប្រុសម្នាក់ ដែរគ្រាន់តែមានទំនោរទៅរកលក្ខណៈជាមនុស្សស្រីច្រើនជាងបុរសពេញលក្ខណៈប៉ុណ្ណោះ។ ដូច្នេះការមានមិត្តភក្តិដែលជាខ្ទើយ គឺជាការងាយស្រួលម្យ៉ាងដែរ ដើម្បីនិយាយបញ្ហារបស់អ្នកទាំងអស់នេះប្រាប់ទៅគេឱ្យជួយដោះស្រាយយើង។

រូបតំណាង

៣) ពួកគេមិនសូវចូលចិត្តដ្រាម៉ា៖ ភាគច្រើនប្រុសភេទទី៣ចូលចិត្តនិយាយត្រង់ៗមិនលាក់លៀម ឬនិយាយកុហក សម្តែងល្ខោននៅនឹងមុខ ដូចជាស្រីៗមួយចំនួនប៉ុន្មាននោះឡើយ។ ពេលខ្លះទៀតពួកគេជាមនុស្សងាយៗ និយាយត្រង់ទៅត្រង់មក ហើយចូលចិត្តធ្វើឱ្យយើងសើចសប្បាយពេលកើតទុក្ខ។

មនុស្សប្រភេទនេះភាគច្រើនក៏ជាមនុស្សកំប្លែង ចូលចិត្តនិយាយលេងសើចច្រើន ដើម្បីបំបាត់ទុក្ខកង្វល់ផងដែរ អាចនិយាយបានម្យ៉ាងទៀតថា ជាមនុស្សចូលចិត្តសប្បាយ រួសរាយរាក់ទាក់ ជាមនុស្សមានប្រជាប្រិយ ទៅណាមកណាអ៊ូអរនៅទីនោះ។ ប៉ុន្តែមានពេលខ្លះទៀត បើគេចង់ដ្រាម៉ា ក៏ចូលចិត្តតែបញ្ចេញដាក់បុរសជាភេទទី៣ ដូចជាគេតែប៉ុណ្ណោះ។

៤) មិនសូវសម្បូររឿងអាថ៌កំបាំង៖ ជាធម្មតាបុរសភេទទី៣ ចូលចិត្តនិយាយអ្វីត្រង់ទៅត្រង់មក មិនសូវមានរឿងលាក់បាំងច្រើនយ៉ាងដូចជាមនុស្សស្រីនោះទេ។ ពេលខ្លះគេគិតបែបណា ក៏តែងតែនិយាយចេញមកបែបនោះ មិនរញ៉េរញ៉ៃ មិនស្មុគស្មាញ ចូលចិត្តលាក់លៀម ឬនិយាយកុហកនោះទេ។

ជាក់ស្តែងគិតអ្វី តែងតែសម្តែងចេញមកបែបនោះតែម្តង។ អាចថាជាមនុស្សត្រង់ទៅត្រង់មក ជាពិសេសរឹតតែគ្មានរឿងអាថ៌កំបាំងថែមទៀតជាមួយនឹងមិត្តនារីៗដូចគ្នា ជួនកាលគេអាចនិយាយរឿងផ្ទាល់ខ្លួនរបស់គេប្រាប់អ្នកផងក៏អាចថាបានដែរ។ 

៥) មានអនាម័យ៖ បុរសភេទទី៣ភាគច្រើនជាមនុស្សដែលស្រលាញ់ភាពស្អាតបាត មានអនាម័យជាប់ខ្លួនជាទីបំផុត ពិសេសពេលចេញទៅខាងក្រៅជួបមនុស្សច្រើនៗនៅកន្លែងនានាម្តងៗ ពួកគេតែងតែរៀបចំតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងបាញ់ទឹកអប់យ៉ាងក្រអូបឈ្ងុយផងដែរ។ 

ហើយនៅពេលតុបតែងខ្លួន ក៏តែងចូលចិត្តស្លៀកសម្លៀកបំពាក់យ៉ាងស្រស់ស្អាតជានិច្ច ប្រៀបដូចនារីៗស្រលាញ់ភាពស្រស់ស្អាតមិនខុសទេ ពិសេសបើបានទៅជួបបុរសៗភេទទី៣ដូចជាពួកគេទៀតនោះ គឺកាន់តែមានការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ផ្ចិតផ្ចង់អស់ពីថ្វីដៃតែម្តង ទម្រាំចេញពីផ្ទះរួច។

៦) មានដៃគូដើរផ្សារ៖ ពួកគេភាគច្រើនក៏ចូលចិត្តដើរផ្សារទិញរបស់របរប្រើប្រាស់មួយចំនួនមិនខុសពីមនុស្សផងដែរ ដូច្នេះប្រសិនបើអ្នកចង់មានដៃគូដើរផ្សារ បុរសភេទទី ៣ នឹងអាចកំដរអ្នកជាដៃគូដើរទិញរបស់បានយ៉ាងសប្បាយរីករាយ។

ពិសេសជាងនេះទៅទៀតនោះ ប្រសិនបើទៅហាងលក់សម្លៀកបំពាក់ណាដែលមានលក់សម្លៀកបំពាក់ ឬខោអាវក្នុងបញ្ចុះតម្លៃនោះ បុរសភេទទី៣មិនអាចដណ្តើមអ្នកទិញរបស់ទាំងនេះបានឡើយ។ ប៉ុន្តែបើអ្នកបណ្តើរមិត្តភក្តិស្រីទៅទិញខោអាវវិញ អ្នកនឹងត្រូវដណ្តើមគ្នាទិញជាក់ជាមិនខាន ពេលបានទៅជួបកន្លែងណាដែលគេមានលក់បញ្ចុះតម្លៃរបស់បែបនេះ។

៧) មានដៃគូបណ្តើរ៖ អ្នកមិនចាំបាច់ព្រួយបារម្ភទេ នៅពេលអ្នកត្រូវបានគេអញ្ជើញទៅចូលរួមនៅក្នុងកម្មវិធីធំៗនានាដូចជា កម្មវិធីរៀបមង្គលការ កម្មវិធីជប់លៀងខួបកំណើត ឬជប់លៀងឡើងគេហដ្ឋានថ្មីជាដើមណោះទេ ព្រោះនៅពេលដែលសង្សារអ្នកជាប់រវល់ មិត្តជាបុរសជាភេទទី៣របស់អ្នក អាចជួយធ្វើជាដៃគូបណ្តើរអ្នកទៅចូលរួមកម្មវិធីទាំងអស់នេះបានយ៉ាងល្អប្រសើរ។

ហើយអ្នកមិនចាំបាច់ខ្វល់ខ្វាយ ឬភ័យខ្លាចនៅដូចពេលបណ្តើរដៃគូជាបុរសពិត ដែលជាមិត្តភក្តិធម្មតាទូទៅ គេបន្លំប៉ះពាល់លើរាងកាយរបស់អ្នកនោះទេ។ ម្យ៉ាងទៀតពេលអ្នកបណ្តើរបុរសភេទទី៣អ្នកនឹងមើលទៅស្និទ្ធស្នាលគ្នាបានយ៉ាងសាកសម ប្រៀបបីដូចជាគូស្នេហ៍ពិតៗមួួយគូផងដែរ ដូច្នេះអ្នកមិនចាំបាច់អៀន ដូចជាបណ្តើរមិត្តភក្តិជាបុរសពិតៗនោះទេ ពេលទៅចូលរួមនៅក្នុងកម្មវិធីមានមនុស្សច្រើនៗបែបនេះ។ 

រូបតំណាង

៩) ទទួលបានសុវត្ថិភាព៖ នៅក្នុងពេលតែមួយដែលមិត្តជាបុរសភេទទី៣អ្នកមានចរិតលក្ខណៈជាមនុស្សស្រីច្រើន អ្នកក៏មិនត្រូវភ្លេចដែរថាការពិតរូបកាយរបស់គេនៅខាងក្រៅគឺជាបុរសសុទ្ធសាធ ដែលធម្មជាតិបានកំណត់មក។ ដូច្នេះក្នុងពេលមានអាសន្នមកដល់ម្តងៗ អ្នកក៏អាចពឹងពាក់គេបានដែរ ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួន ពីព្រោះមិត្តជាភេទទី៣របស់អ្នកមានភាពរឹកមាំជាបុរសផង អាចឱ្យយើងពឹងពាក់បានច្រើនកាលៈទេសៈ។

ហើយជាពិសេសជាងនេះទៅទៀតនោះគឺ គេក៏អាចជួយការពារអ្នកពីពពួកបុរសៗព្រាននារី ដែលចូលចិត្តដើរញ៉ែស្រីមិនរើសមុខ និងចូលចិត្តបន្លំប៉ះពាល់កេងចំណេញលូកលាន់លើរាងកាយរបស់យើងបានផងដែរ។ ឬមានពេលខ្លះទៀត អ្នកក៏អាចដើរលេងកម្សាន្តជាមួយគ្នាលំហែអារម្មណ៍ជាមួយគេបាន គេអាចកំដរអ្នកបានល្អជាងមិត្តស្រីផងក៏អាចថាបាន ព្រោះនៅពេលដែលអ្នកចង់ចូលក្លឹប ដើរលេងដាច់យប់ ឬញ៉ាំស្រាក៏បានដែរ ពេលដែលអ្នកខូចចិត្ត គេពិតជាអាចធ្វើជាអង្គរក្សការពារសុវត្ថិភាពរបស់អ្នកបានយ៉ាងប្រាកដណាស់។ 

១០) យល់ដឹងពីវិជ្ជាស្រ្តីមេផ្ទះ៖ អ្នកដឹងទេថា នៅក្នុងខ្លួនរបស់បុរសភេទទី៣គឺមានលក្ខណៈដូចជាមនុស្សស្រីជាច្រើន ទាំងកាយវិការ ចរិតឫកពារ ព្រមទាំងពាក្យសម្តីផងដែរ។ ជាពិសេស គឺគេមានការយល់ដឹងពាក់ព័ន្ធពីរឿងរបស់នារីៗជាច្រើនមែនទែន ស្ទើរតែពេលខ្លះ ខ្លួនអ្នកជានារីផ្ទាល់ ក៏មិនដឹងស្មើនឹងគេជាបុរស ភេទទី៣ដែរ។

ប្រាកដណាស់ព្រោះគេបុរសភេទទី៣ ចង់ក្លាយទៅជាមនុស្សស្រី និងមានធម្មជាតិជាមនុស្សស្រីច្រើននៅក្នុងខ្លួនស្រាប់ទៅហើយ ដូច្នេះបើសិនជាអ្នកបានគេមកធ្វើជាមិត្តល្អ អ្នកច្បាស់ជាអាចយល់ដឹងពីវិជ្ជាធ្វើជាមេផ្ទះពីគេ បានជាច្រើនយ៉ាងស្មានមិនដល់។ ជាក់ស្តែងដូចជា ការធ្វើម្ហូបអាហារ ការតុបតែងផ្ទះសម្បែង ជាពិសេសនោះគឺការតុបតែងខ្លួនតែម្តង។ អ្នកប្រាកដជាបានឃើញច្បាស់ហើយថា បុរសភេទទី៣ភាគច្រើនគឺមានការតុបតែងខ្លួនបែបណាខ្លះ រួមមានដូចជាការផាត់មុខ ការធ្វើសក់ ជាមួយនឹងការលេងម៉ូតបែបប្លែកៗកំពុងមានការពេញនិយមជាដើម។ 

រូបតំណាង

១១) ស្គាល់មនុស្សប្រុសបានច្រើនប្រភេទ៖ បុរសភេទទី៣ ក៏មានការសេពគប់ជាមួយនឹងមិត្តភក្តិប្រុស និងមិត្តភក្តិស្រី ដូចគ្នា ហើយគេក៏ស្គាល់ពីចិត្តមនុស្សប្រុសគ្នាគេបានច្រើនដែរ។ ពេលខ្លះបើអ្នកចង់ស្គាល់ពីចរិតប្រុសម្នាក់នេះ ឬម្នាក់នោះបែបណាខ្លះ អ្នកក៏អាចពឹងពាក់គេឱ្យជួយស៊ើបសួរឱ្យបានយ៉ាងល្អ ប្រសើរជាជាងការពឹងពាក់មិត្តភក្តិជានារីៗឆ្ងាយណាស់។ 

ជួនកាលទៀត បុរសភេទទី៣ក៏អាចជួយធ្វើជាមេអណ្តើក ឬណែនាំឱ្យអ្នកបានស្គាល់មនុស្សប្រុសល្អៗ ឬអាចណែនាំឱ្យអ្នកអាចអភិវឌ្ឍន៍ទំនាក់ទំនងល្អជាមួយនឹងសង្សារបានយ៉ាងរលូនជាងមុនក៏អាចថាបានដែរ ព្រោះគេស្គាល់ពីពិភពបុរសបានច្បាស់ជាងមនុស្សស្រី។

១២) មានអ្នកនៅជួយកែលម្អផ្ទាល់ខ្លួន៖ បុរសភេទទី៣ជាមិត្តអ្នក នឹងមិននិយាយកុហកថាអ្នកស្រស់ស្អាតឡើយ នៅពេលដែលអ្នកតែងខ្លួនយ៉ាប់ភ្នែកមើល ឬនៅពេលឡើងទម្ងន់ មានសម្បុរស្បែកខ្មៅស្រអាប់ជាដើម ដូចជាសង្សាររបស់អ្នកនោះទេ ដែលមានពេលខ្លះនិយាយបញ្ជោរ និយាយលើកជើងខ្លាចអ្នកឈប់ស្រលាញ់ ឬលួចខឹងគេ។

ផ្ទុយពីនេះទៅវិញ បុរសភេទទី៣ នឹងប្រាប់អ្នកត្រង់ៗ បើថ្ងៃនេះអ្នកតែងខ្លួនស្អាត ឬអាក្រក់ ជាពិសេសពេលតែងខ្លួន ទៅតាមការណាត់ជួបរបស់មិត្តប្រុសជាលើកដំបូងជាដើម។ បន្ថែមពីលើនេះទៅទៀត គឺបុរសភេទទី៣នេះហើយ ដែលជាមនុស្សម្នាក់ អាចនៅចាំជួយកែលំអឱ្យអ្នកមានភាពស្រស់ស្អាតបាន ព្រោះគេពិតជាមិនគិតឈ្នានីសអ្នកទេ នៅពេលដែលអ្នកបានជួបស្នេហ៍ពិតប្រាកដជាមួយបុរសជាទីស្រលាញ់។ 

រូបតំណាង

១៣) មិនចេះដណ្តើមសង្សារ៖ បុរសខ្ទើយខុសប្លែកពីនារីៗ និងមានចំណុចល្អខ្លាំងជាងមិត្តភក្តិជានារីៗរបស់អ្នកត្រង់នេះឯង ព្រោះពួកគេនឹងមិនដណ្តើមសង្សាររបស់អ្នកដូចមិត្តស្រីៗអ្នកនោះទេ។ បុរសភេទទី៣ពិតប្រាកដចូលចិត្តតែស្រលាញ់បុរសជាខ្ទើយគ្នាឯងប៉ុណ្ណោះ ពួកគេមិនសូវចាប់អារម្មណ៍មនុស្សប្រុសពិតប្រាកដប៉ុន្មាននោះទេ។ 

ដូច្នេះប្រសិនបើសង្សាររបស់អ្នកជាបុរសពិត កុំខ្លាចថានឹងត្រូវបុរសខ្ទើយដណ្តើមអី ពួកគេមិនពិសពុលដូចជាមនុស្សស្រីដែលជាមិត្តភក្តិអ្នកមួយចំនួន ចូលចិត្តលួចឆក់របស់មិត្តខ្លួនឯង ទាំងដឹងហើយថា បុរសម្នាក់នោះត្រូវជាសង្សារជាទីស្រលាញ់របស់យើង។ 

រូបតំណាង

១៤) មានមនុស្សកំដរ៖ ជាការពិតណាស់ ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ ដែលកំពុងតែមានសង្សារ ឬម​ានគ្រួសារទៅហើយក្តី គឺចៀសមិនផុតទេពីរឿងខូចចិត្ត មានទឹកសោក ស្រក់ទឹកភ្នែក ដោយសារតែរឿងស្នេហា។ 

ពេលដែលអ្នកមិនសល់នរណា ក៏អាចមករកបុរសភេទទី៣បានដែរ ព្រោះមនុស្សប្រភេទនេះ បើគេស្រលាញ់អ្វីមួយ ឬស្រលាញ់នរណាម្នាក់ហើយគឺមិនងាយដល់ចិត្តចេញនោះទេ។ គេអាចធ្វើជាមនុស្សម្នាក់កំដរអ្នកស្តាប់គ្រប់រឿង គ្រប់ស្ថានការណ៍ដែលបានកើតឡើង គេអាចជាអ្នកស្តាប់ដ៏ល្អម្នាក់ គ្រប់ពេលដែលអ្នកមានក្តីទុក្ខផងដែរ។

សរុបមកការមានមិត្តសម្លាញ់ជាបុរសភេទទី៣ គឺពិតជាចំណេញណាស់សម្រាប់នារី ជាងការមានមិត្តសម្លាញ់ជានារីភេទដូចគ្នាទៅទៀត។ ប៉ុន្តែចំណុចទាំងអស់នេះ ក៏មិនអាចថាត្រូវ១០០ភាគរយដែរ ទៅលើបុរសភេទទី៣គ្រប់រូប។ ជាក់ស្តែងគឺវាសុទ្ធតែធ្លាប់បានកើតមានឡើង ទៅលើនារីៗភាគច្រើន ដែលធ្លាប់មានកល្យាណមិត្តជាបុរសប្រភេទនេះ៕

ប្រភព៖ Talk.mthai Elitedaily

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]