បញ្ហាសុខភាពគឺជារឿងចម្បងមួយ ដែលអ្នកត្រូវតែធ្វើការតាមដានឱ្យបានជាប់លាប់ ចៀសវាងមានបញ្ហាសុខភាពធ្ងន់ធ្ងរណាមួយកើតឡើង។ ដូច្នេះហើយបានជាមានអាការណាមិនប្រក្រតី គេតែងតែណែនាំ ឱ្យអ្នកទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ និងធ្វើការពិនិត្យសុខភាពជាប្រចាំ។

ប៉ុន្តែមានជំងឺ និងស្ថានភាពមួយចំនួន បានធ្វើឱ្យអ្នកមានការខ្មាសអៀន និងមិនហ៊ានឡើយក្នុងការទៅមន្ទីរពេទ្យ ថែមទាំងគិតថាវាជារឿងធម្មតា ឬមិនសូវជាធ្ងន់ធ្ងរទៀតផង។ តែអ្នកត្រូវយល់ថា វាអាចនឹងមិនមែនជារឿងតូចតាចដែលអ្នកគិតនោះទេ។

ដូច្នេះហើយបានជាថ្ងៃនេះ យើងនឹងលើកយកបញ្ហាសុខភាពដែលមនុស្សមួយចំនួនមានការខ្មាសអៀន មិនហ៊ាននិយាយ មិនហ៊ានទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត តែវាបែរជាអាចជាបញ្ហាសុខភាពធ្ងន់ធ្ងរដូចខាងក្រោមនេះ៖

១. រមាស់រន្ធទ្វារធំ (រមាស់រន្ធគូទ)

អាការ រមាស់រន្ធទ្វារធំ (រមាស់រន្ធគូទ) វាបង្កជាការរំខាន និងខ្មាសគេខ្លាំងណាស់ ជាពិសេសពេលរមាស់ម្តងៗ វាពិតជាពិបាកទ្រាំណាស់។ ការរមាស់រន្ធគូទនេះ អាចបណ្តាលមកពីអ្នកទទួលទានអាហារហឹរច្រើនពេក ឬអាចបណ្តាលមកពីការកើតមានជំងឺម្យ៉ាងមានឈ្មោះថា Crohn (Crohn Disease) គឺជាជំងឺដែលទាក់ទងនឹងបញ្ហារលាកពោះវៀន។ ដូច្នេះ ប្រសិនជាអ្នកតែងតែជួបប្រទះបញ្ហានេះជាញឹកញាប់ កុំមានការខ្មាសអៀន ឆាប់ទៅមន្ទីរពេទ្យពិគ្រោះព្យាបាលជាមួយនឹងវេជ្ជបណ្ឌិតជំនាញទើបជាការប្រសើរ។

ការរមាស់រន្ធគូទ

២. រោមដុះច្រើនខុសពីធម្មតា

ចំពោះស្ត្រី នៅពេលដែលអ្នកសម្គាល់ឃើញថា រាងកាយរបស់អ្នកដុះរោមមកច្រើនខុសធម្មតា ជាពិសេសគឺរោមក្លៀកនោះ វាអាចជាសញ្ញាបញ្ជាក់បានថា អ្នកកំពុងតែមានបញ្ហាប្រឈមនឹងជំងឺ ក្រពែញអូវែហើយ (PCOS) ហើយវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់អរម៉ូនរាងកាយ និងធ្វើឱ្យស្ត្រីគ្មានកូនបានថែមទៀតផង។

បន្ថែមពីនេះ ការដុះរោមច្រើនខុសពីប្រក្រតីនេះ អាចបណ្តាលមកពីរោគសញ្ញាជំងឺកាចសាហាវជាច្រើនមួយចំនួនដូចជា៖ ជំងឺមហារីកក្រពេញ Adrenal (នៅក្បែរតម្រងនោម) ដុំសាច់ក្រពេញ Adrenal (ដុំសាច់Adrenal ក្បែរតម្រងនោម) និងជំងឺ Cushing (ជំងឺដែលអរម៉ូនម្យ៉ាងកើនឡើងធ្វើឱ្យឡើងទម្ងន់ និងរដូវមកមិនទៀង)។ ដូច្នេះប្រសិនជាមានអ្វីមិនធម្មតា អ្នកត្រូវតែទៅជួបវេជ្ជបណ្ឌិតទើបជាការល្អ។

រោមដុះច្រើនខុសពីធម្មតា

៣. តម្រូវការផ្លូវភេទធ្លាក់ចុះ ឬគ្មានចំណង់តែម្តង

ការដែលគ្មានចំណង់ផ្លូវភេទ ឬតម្រូវការផ្លូវភេទតិចជាងធម្មតា អាចបណ្តាលមកកត្តាអាយុដែលមានវ័យកាន់តែចាស់ទៅ តែប្រសិនជាកើតឡើងចំពោះមនុស្សទូទៅវាអាចជាបញ្ហាមួយដែលគួរឱ្យបារម្ភ។

សម្រាប់បុរសដែលជួបប្រទះបញ្ហានេះ អាចបណ្តាលមកពីជំងឺម្យ៉ាងមានឈ្មោះថា Restless Leg(ទាក់ទងនឹងសរសៃជើងដែលអាចរំខានដំណេក) អារម្មណ៍ធុញថប់ ស្ត្រេស បាក់ទឹកចិត្ត និងជំងឺរ៉ាំរ៉ៃមួយចំនួន។ សម្រាប់ស្ត្រីវិញ អាចបណ្តាលមកពីបញ្ហាអរម៉ូន និងការកើតជំងឺទាក់ទងនឹងជំងឺរលាកសន្លាក់ ជំងឺមហារីក និងជំងឺទឹកនោមផ្អែមជាដើម។ ដូច្នេះវាមិនមែនជារឿងធម្មតាទេ ដែលសុខៗស្រាប់តែមានករណីនេះកើតឡើង ដើម្បីឱ្យប្រាកដក្នុងចិត្ត អ្នកត្រូវតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញ។

តម្រូវការផ្លូវភេទធ្លាក់ចុះ ឬគ្មានចំណង់តែម្តង

៤. ឈឺចាប់ត្រង់ទ្វារធំពេលបន្ទោរបង់

ការដែលបន្ទោរបង់ម្តងៗមានការឈឺចាប់ អាការបែបនេះ អាចបណ្តាលមកពីពោះវៀនធំមានបញ្ហាធ្ងន់ធ្ងរ ការមានសម្ពាធត្រង់សាច់ដុំមិនប្រក្រតីណាមួយ ដូចជាជំងឺមហារីកពោះវៀនធំ ជំងឺ Pseudohypoparathyroidism និងជំងឺធ្ងន់ធ្ងរជាច្រើនទៀត។ ដូច្នេះប្រសិនជាជួបនឹងបញ្ហានេះ ត្រូវតែទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

ឈឺចាប់ត្រង់ទ្វារធំពេលបន្ទោរបង់

៥. ក្លិនចេញពីប្រដាប់ភេទ

បញ្ហាដែលប្រដាប់ភេទមានក្លិន ឬក្លិនអាក្រក់ភាយចេញមកនោះ ភាគច្រើនកើតមានលើមនុស្សស្រី ដែលអ្នកមិនត្រូវមានការខ្មាសអៀននៅក្នុងការជួបគ្រូពេទ្យនោះឡើយ។ អាការបែបនេះ អាចបណ្តាលមកពីប្រដាប់ភេទមានជាប់ឬឆ្លងនូវមេរោគ និងបាក់តេរី មួយចំនួនហើយប្រសិនជាករណីធ្ងន់ធ្ងរ អាចមកពី ជំងឺ Rectovaginal fistula(ទាក់ទងនឹងប្រដាប់បន្តពូជស្ត្រី) និងជំងឺមហារីកទ្វារមាសជាដើម។

ក្លិនចេញពីប្រដាប់ភេទ

៦. ការកកើតមុនក្នុងវ័យជំទង់

ការកើតមុន ជារឿងធម្មតាមួយ ដែលតែងតែកើតឡើងចំពោះវ័យជំទង់ដែលកំពុងតែលូតលាស់ ដោយសារតែការប្រែប្រួលអរម៉ូននៅក្នុងរាងកាយ ឬអតុល្យភាពនៃអរម៉ូន ហើយម្យ៉ាងទៀតវាក៏អាស្រ័យទៅលើកត្តាអនាម័យសម្អាតខ្លួនប្រាណផងដែរ។ បើទោះបីជាមានថ្នាំជាច្រើនអាចជួយព្យាបាលមុនក៏ពិតមែន តែវាក៏អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពបានដែរ ដូច្នេះគួរតែទៅជួបវេជ្ជបណ្ឌិតជំនាញដើម្បីពិគ្រោះយោបល់ និងធ្វើការព្យាបាល។

ការកកើតមុនក្នុងវ័យជំទង់

៧.ជំងឺស្ត្រេសរ៉ាំរ៉ៃ

សព្វថ្ងៃនេះមនុស្សជាច្រើនណាស់ បាននឹងកំពុងតែជួបញ្ហាស្ត្រេស ថប់អារម្មណ៍ដែលអាចប៉ះពាល់ដល់រាងកាយ ផ្លូវចិត្ត និងធ្វើឱ្យសុខភាពចុះខ្សោយផងដែរ។ ទោះជាយ៉ាងណា នៅពេលដែលជំងឺមួយនេះ ចេះតែកើតឡើងក្លាយជាជំងឺរ៉ាំរ៉ៃ នេះមិនមែនជារឿងធម្មតានោះទេ វាអាចមានភាពផ្សារភ្ជាប់ បណ្តាលមកពីជំងឺធ្ងន់ធ្ងរមួយចំនួនដូចជា ជំងឺបេះដូង ជំងឺទឹកនោមផ្អែម ជំងឺហឺត និងជំងឺមួយចំនួនដែលអាចធ្វើឱ្យអ្នកស្លាប់អាយុបាន (Premature death)។ ដូច្នេះអ្នកមិនគួរនៅម្នាក់ឯង ឬមិនខ្វល់ពីបញ្ហាទាំងនោះទេ ក្លាហានឡើង ហើយត្រូវប្រញាប់ពិភាក្សា និងរកវិធីព្យាបាលជាមួយនឹងពេទ្យជំនាញជារឿងដែលល្អបំផុត៕  

ជំងឺស្ត្រេសរ៉ាំរ៉ៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]