មនុស្សភាគច្រើនអាចទទួលបានខ្យល់ដង្ហើមអាក្រក់ម្តងម្កាល ដោយសារការបរិភោគចំណីអាហារមួយចំនួន។   ក្នុងចំណោមចំណីអាហារជាច្រើនដែលបណ្តាលឱ្យមានខ្យល់ដង្ហើមមិនល្អនោះគឺខ្ទឹមបារាំង និងខ្ទឹមសនេះតែម្តង។ ម្យ៉ាងទៀតមិនថាខ្ទឹមស ឬខ្ទឹមបារាំងនោះទេ គឺវាធ្វើឲ្យអ្នកមានក្លិនមាត់អាក្រក់ និងពិបាកក្នុងការកម្ចាត់ក្លិនរបស់វាចេញពីក្នុងមាត់ទៀតផង ក្រោយពេលទទួលទានរួច។

ដូច្នេះអ្នកអាចជ្រើសរើសវិធីមួយចំនួនខាងក្រោមនេះ ដើម្បីបំបាត់ក្លិនខ្ទឹមដ៏អាក្រក់ទាំងនេះចេញពីមាត់របស់អ្នកបានយ៉ាងឆាប់រហ័ស។

#ផឹកទឹកខ្មេះប៉ោម (Apple Cider Vinegar)

វិធីអនុវត្តន៍៖

• វិធីនេះអ្នកត្រូវយកទឹកខ្មេះប៉ោមចំនួន១ស្លាបព្រាបាយ ដាក់ទៅក្នុងទឹក ១កែវ រួចកូរវាឲ្យចូលគ្នា។

• អ្នកត្រូវទទួលទានទឹកដែលលាយរួចនេះ មុនពេលអុ្នកទទួលទានខ្ទឹមបារាំងដើម្បីមិនឲ្យក្លិនរបស់វាជាប់នៅក្នុងមាត់របស់អ្នក។

• ជាជម្រើសមួយផ្សេងទៀត អ្នកអាចខ្ពុរមាត់របស់អ្នកជាមួយនឹងទឹកខ្មេះប៉ោមរយៈពេល១០ ទៅ១៥នាទី ក្រោយពេលទទួលទានខ្ទឹមបារាំងរួច។ 

រូបភាពតំណាង

#ផឹកទឹកឲ្យបានច្រើន

ការផឹកទឹកឲ្យបានគ្រប់គ្រាន់នឹងជួយជម្រុញការផលិតទឹកមាត់ ដែលអាចលុបបំបាត់បាក់តេរីនៅក្នុងមាត់ ដើម្បីកម្ចាត់ក្លិនអាក្រក់ចេញ។ ដូច្នេះអ្នកអាចផឹកទឹកក្នុងអំឡុងពេល និងក្រោយញ៉ាំអាហារដែលមានខ្ទឹមបារាំង ឬខ្ទឹមស ដើម្បីបំបាត់ក្លិនមិនល្អចេញពីក្នុងមាត់របស់អ្នកបានឆាប់រហ័ស។

#ផឹកទឹកដោះគោខណៈពេលដែលញ៉ាំអាហារដែលមានក្លិនស្អុយ

ការទទួលទានទឹកដោះគោ១កែវ មុនពេលទទួលទានអាហារដែលមានខ្ទឹមបារាំង ឬខ្ទឹមសគឺអាចកម្ចាត់ក្លិនមិនល្អចេញពីមាត់របស់អ្នកបានយ៉ាងងាយ ព្រោះតែទឹកដោះគោមានផ្ទុកនូវជាតិខ្លាញ់ដែលអាចទប់ទល់ទៅនឹងក្លិនអាក្រក់ទាំងនេះ។

#ទទួលទានបន្លែ និងផ្លែឈើស្រស់ៗ

អ្នកអាចទទួលទានពពួកផ្លែឈើដែលមានផ្ទុកនូវជាតិសរសៃ និងអង់ស៊ីមធ្មមជាតិដូចជាផ្លែម្នាស់ ផ្លែគីវី និងផ្លែបឺរី ដើម្បីប្រឆាំងក្លិនអាក្រក់របស់ខ្ទឹមចេញពីមាត់របស់អ្នក។ ហើយចំណែកឯប្រភេទបន្លែដែលអាចកម្ចាត់បញ្ហាមួយនេះបានមានដូចជាផ្កាខាត់ណាខៀវ និងម្ទេសប្លោកពណ៌ក្រហមជាដើម ព្រោះពួកវាមានផ្ទុកនូវវីតាមីន C ដែលអាចសម្លាប់បាក់តេរីនៅក្នុងមាត់របស់អ្នកបាន។

រូបភាពតំណាង

#ទទួលទានផ្លែប៉ោម ឬទឹកផ្លែប៉ោម

វិធីដ៏ងាយ ដើម្បីកម្ចាត់ក្លិនខ្ទឹមចេញពីមាត់នោះគឺទទួលទានផ្លែប៉ោមមួយ ឬទឹកផ្លែប៉ោមមួយកែវ បន្ទាប់ពីទទួលទានអាហារដែលមានខ្ទឹមបារំាង។

#យ៉ាអួរ

មធ្យោបាយមួយនេះ អ្នកគ្រាន់តែទទួលទានយ៉ាអួរមួយពែងក្រោយពេលបរិភោគអាហារដែលមានក្លិនមិនល្អ ឬខ្ទឹមបារំាង ដើម្បីចៀសវាងក្លិនស្អុយនៅក្នុងមាត់ដោយសារតែអាហារទាំងនេះ។

#ស្ករស

វាគួរឱ្យភ្ញាក់ផ្អើលដែលស្ករអាចស្រូបយកខ្យល់ដង្ហើមអាក្រក់នៅក្នុងមាត់ ដែលបណ្តាលមកពីការទទួលទានខ្ទឹម ឬអាហារដែលមានក្លិនមិនល្អផ្សេងៗទៀត។ ជាការពិតអ្នកគ្រាន់តែយកស្ករមួយស្លាបព្រាកាហ្វេ ដាក់នៅក្នុងមាត់ រួចទុកវារយៈពេល២ ទៅ៣នាទី ដើម្បីកម្ចាត់ក្លិនអាក្រក់ទាំងនេះចេញ៕

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]