មនុស្សភាគច្រើន រាល់ពេលដែលឧស្សាហ៍មានការឈឺចាប់ផ្សេងៗនៅតាមរាងកាយ ជាពិសេសគឺ ឈឺក្បាល ឈឺធ្មេញ និងឈឺខ្នងតែម្តង តែងតែប្រើប្រាស់ឱសថសម្រាប់ជំនួយដល់ការធ្វើការព្យាបាល ជាជាងការប្រើប្រាស់គន្លឹះ ឬវិធីតាមបែបធម្មជាតិ។ ហើយថ្នាំបំបាត់ការឈឺចាប់ និងការរលាកភាគច្រើន ដែលមនុស្សទូទាំងពិភពលោកនិយមប្រើប្រាស់នោះគឺ ថ្នាំ Ibuprofen ដែលត្រូវបានគេរកឃើញថា វាអាចសម្រាលការឈឺចាប់បានរយៈពេលខ្លីតែប៉ុណ្ណោះ ហើយអាការឈឺចាប់ និងឈឺក្បាលនឹងកើតឡើងមកជាថ្មីម្តងទៀត ថែមទាំងអាចមានផលប៉ះពាល់ដល់សុខភាពបានដែលយើងនឹកស្មានមិនដល់ ជាពិសេសគឺធ្វើឱ្យខូចថ្លើម និងបេះដូងទៀតផង។

ហេតុអ្វីបានជាថ្នាំបំបាត់ការឈឺចាប់ជាពិសេសគឺថ្នាំ Ibuprofen ធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាព និងត្រូវប្រើវិធីបែបណា ឬមានថ្នាំអ្វីខ្លះ ជំនួសឱ្យការប្រើប្រាស់ថ្នាំបែបវិទ្យាសាស្ត្រទាំងនោះ យើងនឹងមកតាមដានប្រធានបទខាងក្រោមនេះ ទាំងអស់គ្នា៖

ប្រើថ្នាំ Ibuprofen ច្រើនពេក ប៉ះពាល់ខ្លាំងដល់សុខភាព

# ហេតុអ្វីបានជាថ្នាំ Ibuprofen ធ្វើឱ្យប៉ះពាល់ដល់សុខភាព?

ថ្នាំ Ibuprofen ត្រូវបានគេស្រាវជ្រាវរកឃើញថា មានលទ្ធភាពរារាំង និងទប់ស្កាត់ការផលិតនៃសារធាតុ Prostaglandin, Thromboxane និង Prostacyclin ដែលត្រូវបានគេដឹងថាជាមូលហេតុដែលបង្កជាការឈឺចាប់ និងការរលាកនៅក្នុងរាងកាយ។ ប៉ុន្តែដោយសារជាតិថ្នាំទាំងនេះបានរលាយ និងជ្រាបចូលទៅកាន់ថ្លើម បានជាវាក្លាយទៅជាហេតុផលចម្បង ដែលអាចធ្វើឱ្យប៉ះពាល់ និងធ្វើឱ្យថ្លើមមានរបួស ឬកើតជំងឺខាន់លឿងជាដើម។

ក្រៅពីធ្វើឱ្យប៉ះពាល់ដល់សុខភាពថ្លើមហើយនោះ ចាប់ពីឆ្នាំ ២០០៥ មកទល់នឹងបច្ចុប្បន្ន មជ្ឍមណ្ឌលខាងចំណីអាហារ និងឱសថ របស់អាមេរិក បានធ្វើការព្រមានថា ការប្រើប្រាស់ពពួកឱសថបំបាត់ការឈឺចាប់ ជាពិសេសគឺថ្នាំ Ibuprofen អាចបង្កើនហានិភ័យនៃជំងឺគាំងបេះដូងខ្ពស់ជាងមនុស្សធម្មតា រួមទាំងការព្រមាននៃការរងគ្រោះថ្នាក់នៃជំងឺមួយចំនួនទៀតរួមមាន៖

- បើទោះបីជាការប្រើប្រាស់ពពួកថ្នាំបំបាត់ការឈឺចុកចាប់ (NSAID) ជាពិសេសថ្នាំ Ibuprofen រយៈពេលខ្លីយ៉ាងណាក៏ដោយ តែវាក៏អាចបង្កជាហានិភ័យខ្ពស់នៃជំងឺបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម (ការប្រើប្រាស់ចាប់ពី ២ ទៅ៣សប្តាហ៍)

- ការប្រើប្រាស់គ្រាប់ថ្នាំបំបាត់ការឈឺចាប់ (NSAID) ជាពិសេសថ្នាំ Ibuprofen នេះកាន់តែច្រើន អត្រានៃការទទួលរងគ្រោះថ្នាក់នៃជំងឺបេះដូងកាន់តែកើនឡើងខ្ពស់ថែមមួយកម្រិតទៀត

- សម្រាប់អ្នកដែលកំពុងតែប្រឈមមុខ ឬមានជំងឺទាក់ទងនឹងបញ្ហាបេះដូង រឹតតែបង្កគ្រោះថ្នាក់ខ្លាំង អាចប៉ះពាល់ដល់អាយុជីវិតបាន។

- ប្រើប្រាស់ថ្នាំមួយប្រភេទនេះ ក៏អាចបង្កជាជំងឺលើសឈាម (សម្ពាធឈាមឡើងខ្ពស់) ថែមទាំងអាចកើតជំងឺខ្សោយបេះដូងផងដែរ។

បន្ថែមពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃការប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់ ប្រភេទ Ibuprofen ខាងលើរួចមកសម្រាប់មនុស្សទូទៅ គេក៏បានបញ្ជាក់ផងដែរថា សម្រាប់អ្នកដែលមានអាយុចាប់ពីវ័យ៤០ឆ្នាំទៅ រឹតតែអាចទទួលរងគ្រោះថ្នាក់ និងទទួលរងហានិភ័យខ្ពស់ បណ្តាលមកពីថ្នាំមួយនេះ ជាងមនុស្សធម្មតាផងដែរ។

ដូច្នេះយើងបានដឹងរួចមកហើយថា ឱសថពិតជាអាវុធមុខពីរយ៉ាងពិតប្រាកដមែន ថែមទាំងធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សយើងសព្វថ្ងៃផងដែរ។ ដើម្បីជំនួសឱ្យការប្រើប្រាស់ឱសថផ្នែកវិទ្យាសាស្រ្តសម្រាប់បំបាត់ការឈឺចាប់ ដែលអាចធ្វើឱ្យមានគ្រោះថ្នាក់នៃជំងឺអស់ទាំងនេះ អ្នកគួរតែកាត់បន្ថយការប្រើប្រាស់ថ្នាំពេទ្យ ឬក៏អាចងាកមកប្រើប្រាស់ពពួកឱសថតាមបែបធម្មជាតិវិញប្រសើរជាង។

ប្រើថ្នាំ Ibuprofen ច្រើនពេក ប៉ះពាល់ខ្លាំងដល់សុខភាព

# មានអ្វីអាចជំនួសឱ្យថ្នាំបំបាត់ការឈឺចុកចាប់?

បើទោះជាថ្នាំទាំងនោះ អាចធ្វើឱ្យមានផលប៉ះពាល់ដល់សុខភាពយ៉ាងណាក្តី តែវាក៏អាចជួយសម្រាលការឈឺចាប់បានមួយរយៈផងដែរ រហូតមានមនុស្សមួយចំនួនមិនអាចអត់ថ្នាំទាំងនោះបានទេ។ តែជាការពិតទៅ មិនមែនថាគ្មានដំណោះស្រាយនោះទេ ព្រោះធម្មជាតិបានបង្កើនអាហារ និងរបស់ធម្មជាតិជាច្រើនដែលអាចជួយបំបាត់អាការឈឺចាប់ក្នុងរាងកាយបានយ៉ាងមានប្រសិទ្ធភាព មិនចាញ់ពពួកឱសថវិទ្យាសាស្ត្រឡើយ នោះគឺ «រមៀត»

រមៀត ត្រូវបានគេរកឃើញថា វាមិនត្រឹមតែជាគ្រឿងទេសក្នុងចង្ក្រានបាយតែប៉ុណ្ណោះទេ តែវាមានលទ្ធភាពអាចបន្ថយការឈឺចាប់បានយ៉ាងប្រសើរជាពិសេសគឺ អាការឈឺក្បាល និងឈឺក្បាលប្រកាំងបាន។ បន្ថែមពីនេះ វាថែមទាំងអាចព្យាបាលជំងឺទាក់ទងនឹង ការឈឺសន្លាក់ ការធ្លាក់ទឹកចិត្ត ជំងឺមហារីក ជំងឺថ្លើម និងអាចជំនួយដល់ការសម្រកទម្ងន់ផងដែរ ជាពិសេសគឺអាចជំនួយសុខភាព បំបាត់ការឈឺចាប់ពេញរាងកាយបាន មិនចាញ់ប្រភេទថ្នាំដទៃទៀតនោះទេ រួមទាំងគ្មានផលប៉ះពាល់ដល់សុខភាពទៀតផង។

អ្នកអាចប្រើប្រាស់រមៀត

# វិធីប្រើប្រាស់រមៀតជំនួសឱ្យថ្នាំបំបាត់ការឈឺចុកចាប់

១. វិធីធ្វើគ្រាប់ថ្នាំរមៀត

គ្រឿងផ្សំរួមមាន៖

- ម្សៅរមៀត ១ភាគ៣ពែង (អាចរកទិញម្សៅរមៀតសុទ្ធនៅផ្សារ ឬផ្សារទំនើប តែយកល្អគួរតែធ្វើដោយខ្លួនឯង ដោយគ្រាន់តែចិតរមៀតស្រស់ៗជាបន្ទះ ហាលថ្ងៃឱ្យក្រៀម និងស្ងួតល្អ រួចបុក ឬកិនឱ្យហ្មត់ជាម្សៅជាការស្រេច)

- ម្សៅម្រេច ១ចិច (ប្រមាណជា ១ ទៅ២កូនស្លាបព្រា)

- ទឹកឃ្មុំសុទ្ធ ៣ស្លាបព្រាបាយ

- ប្រេងដូង ១ស្លាបព្រាបាយ

ការអនុវត្ត៖

- លាយគ្រឿងផ្សំទាំងអស់នេះបញ្ចូលគ្នា ឱ្យក្លាយជាល្បាយមួយ

- បន្ទាប់មក លុញវាជាគ្រាប់ថ្នាំ ទំហំតូចល្មមដែលអ្នកអាចលេបវាចូលបាន

- ក្រោយពីលុញវាជាគ្រាប់ថ្នាំតាមចំនួនដែលអ្នកត្រូវការហើយ អ្នកអាចយកវាទុកក្នុងទូទឹកកកឱ្យបានរយៈពេល ១ម៉ោង ចាំយកចេញមកវិញ ទុកក្នុងប្រអប់ ឬដបសម្រាប់ការប្រើប្រាស់ រក្សាទុកក្នុងទូទឹកកក។

- រាល់ពេលអ្នកមានបញ្ហាការឈឺចាប់ក្នុងរាងកាយអ្នកអាចទទួលទានគ្រាប់ថ្នាំរមៀតនេះ ២ ទៅ៣គ្រាប់ក្នុងមួយថ្ងៃជាការស្រេច។

ចំណាំ៖ អ្នកអាចចូលទៅមើលវិធីធ្វើគ្រាប់ថ្នាំរមៀត លម្អិតជាមួយនឹងគុណប្រយោជន៍ជាច្រើនទៀត របស់គ្រាប់ថ្នាំនេះតាមរយៈអត្ថបទមួយនេះ៖ អស្ចារ្យណាស់ រកឃើញហើយ! រូបមន្តធម្មជាតិសូនរមៀតជាគ្រាប់ថ្នាំ សម្រាប់ជំនួយសុខភាព និងសម្រស់បានច្រើនយ៉ាង ។

រមៀតអាចសូនជាគ្រាប់ថ្នាំ

២. វិធីធ្វើភេសជ្ជៈរមៀត

គ្រឿងផ្សំរួមមាន៖

- ម្សៅរមៀត ១ស្លាបព្រា

- ទឹកឃ្មុំ ១ពែង

- ទឹកក្រូចឆ្មារសម្បកលឿង ១ផ្លែ (ក្រូចឆ្មារសម្បកលឿងអាចរកទិញនៅផ្សារទំនើប បើពិបាករកប្រើក្រូចឆ្មារធម្មតាក៏បាន)

- ទឹកស្អាត និងឆ្អិនល្អ ១កែវ

ការអនុវត្ត

- គ្រាន់តែលាយគ្រឿងផ្សំទាំងអស់ខាងលើកូរបញ្ចូលគ្នា ហើយរក្សាទុកប្រើប្រាស់ក្នុងក្រឡ ឬកែវបិទជិត។

- រាល់ពេលអ្នកមានបញ្ហាការឈឺចាប់ អ្នកអាចយក ទឹកក្តៅឧណ្ហៗក៏បាន ទឹកតែក៏បាន ទឹកស្អាតក៏បាន ហើយយកគ្រឿងផ្សំរមៀតដែលធ្វើរួច ១ស្លាបព្រាបាយ កូរចូលទៅក្នុងទឹកនោះរហូតដល់រកាយចូលគ្នាជាការស្រេច។

- អ្នកអាចទទួលទានភេសជ្ជៈមួយនេះបាន ៣ដងក្នុងមួយថ្ងៃដើម្បីសម្រាលការឈឺចាប់បាន។

ចំណាំ៖ អ្នកអាចបន្ថែមប្រេងដូង ឬម្សៅម្រេចដើម្បីបង្កើនប្រសិទ្ធភាពក៏បាន៕ 

ធ្វើភេសជ្ជៈរមៀត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]