ចិន៖ ថ្វីត្បិតតែសត្វមិនចេះនិយាយក្តី ប៉ុន្តែអារម្មណ៍ និងមនោសញ្ចេតនា ឈឺចាប់ កើតទុក្ខ ស្រលាញ់ ក៏មានមិនខុសគ្នាប៉ុន្មានទៅនឹងមនុស្សយើងឡើយ។

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ វីដេអូឃ្លីបនៃសកម្មភាព របស់កូនឆ្កែសម្បុរខ្មៅមួយក្បាល កំពុងតែធ្វើឲ្យគ្រប់គ្នារំជួលចិត្ត និងទទួលបានការចាប់អារម្មណ៍ យ៉ាងខ្លាំងលើអីុនធើណែត ដោយសារតែ វាខំប្រឹងស្ទុះរត់ទៅអង្រួនដាស់ និងអូសមិត្តសម្លាញ់ ដែលត្រូវបានឡានបុក ដេកងាប់នៅកណ្តាលផ្លូវ។

ហេតុការណ៍នេះ ត្រូវបានគេប្រទះឃើញ កាលពីថ្ងៃច័ន្ទកន្លងទៅ នៅទីផ្លូវសាធារណៈមួយកន្លែង ស្ថិតក្នុងទីក្រុង Yibin ភាគនិរតី នៃខេត្តស៊ីឈួន ប្រទេសចិន។

តាមរយៈវីដេអូឃ្លីប ដែលត្រូវបានគេថត និងបង្ហោះចែកចាយនៅលើបណ្តាញសង្គម គេឃើញយ៉ាងច្បាស់ពីសកម្មភាព របស់កូនឆ្កែសម្បុរខ្មៅ មួយក្បាលខាងលើនេះ ហាក់បីដូចជា មានសកម្មភាពជ្រួលច្របល់ និងអន្ទះសាយ៉ាងខ្លាំង រហូតដល់ថ្នាក់ខំប្រឹងប្រើជើងមុខរបស់វា អង្រួនដាស់ និងចាប់ក្រសោបអូសទាញ មិត្តសម្លាញ់ដែលបានងាប់ ចេញពីកណ្តាលផ្លូវ ខណៈមានអ្នកដំណើរជាច្រើន បាននាំគ្នាឈប់មើលពីសកម្មភាពរបស់វា។

រូបភាព៖ សកម្មភាពរបស់កូនឆ្កែសម្បុរខ្មៅ ខំប្រឹងទៅអង្រួនដាស់ និងអូសសម្លាញ់របស់វាចេញពីផ្លូវថ្នល់

សាក្សីដែលបានឃើញហេតុការណ៍ បានឲ្យដឹងថា នៅថ្ងៃកើតហេតុកូនឆ្កែសម្បុររាងលឿងដែលងាប់នោះ បានរត់ឆ្លងផ្លូវនៅមុខសណ្ឋគារមួយកន្លែង រំពេចនោះក៏ត្រូវបានរថយន្តបើកបុកវា យ៉ាងពេញទំហឹង បណ្តាលឲ្យងាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។ ចំណែកឯ ម្ចាស់រថយន្តបង្កហេតុ ក៏មិនបានចុះមើល ហើយបានបើកឡានបន្តទៅមុខទៀតផងដែរ។

អ្នកលេងបណ្តាញសង្គមជាច្រើន កើតក្តីអាណិតអាសូរ ទៅលើកូនឆ្កែទាំងពីរ ជាពិសេស កូនឆ្កែសម្បុរខ្មៅតែម្តង ដែលមានចិត្តស្មោះស្ម័គ្រ ចេះជួយយកអាសា ខំប្រឹងព្យាយាមជួយសម្លាញ់របស់វា យ៉ាងអស់ពីចិត្ត ប្រៀបបីដូចជាមនុស្ស ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]