(ភ្នំពេញ)៖ តារាសម្ដែង និងពិធីការិនី សូដា នីតា បន្ទាប់ពីមានរឿងដ៏កក្រើក ពាក់ព័ន្ធនឹងព័ត៌មានដែលថា នាងបានជួបវិបត្តិខូចចិត្ត រឿងស្នេហា រួចប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួន តែមិនបានសម្រេចនោះ ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ សម្ដែងការព្រួយបារម្ភជាខ្លាំង បាយមិននឹក ទឹកមិនស្រេក ចង់ដឹងពីសុខទុក្ខ របស់នាង ខណៈដែលតាំងពីកើតមានដំណឹងលេបថ្នាំសម្លាប់ខ្លួន រហូតមកទល់ពេលនេះ នាងមិនដែលចេញមុខបកស្រាយ ឬចេញវីដេអូឃ្លីបខ្លី សម្បីតែម្ដងក៏គ្មាន។ មានអ្នកគាំទ្រជាច្រើន របស់ សូដា នីតា កំពុងតែតាមដាន ចង់ដឹងពីសុខទុក្ខ របស់តារាសម្ដែងស្រីមួយដួងនេះថា តើនាងពិតជាស្ថិតនៅក្នុងស្ថានភាពបែបនោះ មែនឬយ៉ាងណា?

ឆ្លើយតបនឹងចម្ងល់របស់មហាជន គេហទំព័រ KhmerTalking បានជួបមុខនាងផ្ទាល់ នៅរសៀលថ្ងៃទី១៤កុម្ភៈ នេះ នៅសណ្ឋាគារសូហ្វីតែភ្នំពេញ និងបានព្យាយាម សួរដេញដោល ជីកឫសជីកគល់ ទៅកាន់ សូដា នីតា ដើម្បីឲ្យនាងបញ្ជាក់ ពីហេតុផលខ្លះៗ ប៉ុន្តែនាងមិននិយាយពីអ្វីទាំងអស់ ដោយបានគេចវេសមិនផ្ដល់បទសម្ភាសន៍។

សូដា នីតា និយាយថា «អត់ទេ អត់សម្ភាសន៍ទេ នាំតែវែងឆ្ងាយអី ខ្ញុំអត់ទេ…កុំអី…វាអត់មានរឿងអីត្រូវនិយាយ..មិនបាច់បកស្រាយអ្វីទេ បើបកស្រាយនាំវែងឆ្ងាយ..មិនបាច់ទេ..! (សើច..)»។

យ៉ាងណាមិញ សូដា នីតា បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ របស់នាង សម្ដែងការខកចិត្តជាខ្លាំង ខណៈដែលបានជួបមុខអ្នកសារព័ត៌មាន បែរជានាងព្យាយាមគេចវេស ពីបញ្ហា ដោយទុកការព្រួយបារម្ភពីសុវត្ថិភាព របស់មហាជន គឺជាការលេងសើចទៅវិញ។

យ៉ាងណាមិញ មានអ្នកគាំទ្ររបស់ តារាសម្តែង សូដា នីតា កំពុងតែមិនរងនៅមន្ទិលសង្ស័យជាច្រើន ខណៈសាមីខ្លួនផ្ទាល់ មិនចេញមុខបកស្រាយទាល់តែសោះ សូម្បីតែចេញវីដេអូ ១វិនាទី ក៏គ្មាន។ ជាមួយគ្នានេះ ទស្សនិកជនខ្លះ បាននិយាយថា បើ សូដា នីតា នៅតែធ្វើបែបនេះ ប្រហែលជាគ្មានអ្នកគាំទ្រតទៅទៀតទេ ព្រោះដំណឹងអកុសលដ៏ធំបែបនេះទៅហើយ នាងបែរជាធ្វើព្រងើយ ដូចគ្មានរឿងអ្វីទៅវិញ ជាហេតុធ្វើឲ្យអ្នកដែលធ្លាប់ស្គាល់នាង បានការខកចិត្តខ្លាំង និងមិននឹងស្មានថា ក្នុងនាងជាតារាសម្ដែង ដ៏ល្បីម្នាក់មានការគាំទ្រ តែបែរជាមានចរិត បែបនេះទៅវិញ។

ទោះបីជាយ៉ាងណា អ្នកលេងបណ្ដាញសង្គម Facebook បានលើកឡើងថា ការបំភ្លៃព័ត៌មានគ្រោះអកុសលបែបនេះ អាចធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អារម្មណ៍អ្នកគាំទ្រ និងអ្នកដែលធ្លាប់ស្គាល់ សូដា នីតា ជិតស្និទ្ធ ប៉ុន្តែគេមិនបានដឹងថា តើហេតុអ្វីបានជា សូដា នីដា បំភ្លៃរឿងបែបនេះឡើង ឬជាចេតនារបស់សាមីខ្លួន ក្នុងន័យឲ្យមហាជនចាប់អារម្មណ៍ ជ្រួលច្របល់មកលើខ្លួន ហើយសើចចំអកដាក់មហាជន នៅពេលដែលគេចាប់អារម្មណ៍រឿងនេះច្រើន៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សូដា នីតា