ភ្នំពេញ៖ ថ្ងៃទី១២ កុម្ភៈ ឆ្នាំ ២០១៨  សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ សូមប្រកាសពីការដាក់បញ្ចូលនូវកម្មវិធីសិក្សាស្ដីពីការអប់រំ ចំណេះដឹងផ្នែកហិរញ្ញាវត្ថុ Money Tree ដើម្បីជំរុញចក្ខុវិស័យរបស់សាលា ក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានចំណេះដឹងគ្រប់ជ្រុងជ្រោយ និងចេះដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនិងហិរញ្ញាវត្ថុ។

កម្មវិធីនេះ ត្រូវបានដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ខ្លួនជាលើកដំបូង សម្រាប់សិស្សដែលមានវ័យចាប់ពី៩ ទៅ១២ឆ្នាំ កាលពីសប្តាហ៍មុន។

អនុប្រធានក្រុមប្រឹក្សាភិបាលសាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ លោក សំអាត ហ៊ីមស្ព្រង់ បានមានប្រសាសន៍ថា៖

«សាលាមានគោលដៅអប់រំក្មេងៗ ជំនាន់ក្រោយឲ្យមានផ្នត់គំនិត និងទម្លាប់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលទាក់ទងនិងផ្នែកហិរញ្ញវត្ថុនាពេលអនាគត ហើយនេះជាគោលដៅមួយ ក្នុងចំណោមគោលដៅជាច្រើនរបស់សាលាផងដែរ។»
លោក សំអាត ហ៊ីមស្ព្រង់ អនុប្រធានក្រុមប្រឹក្សាភិបាលសាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍

លោក ហ្វីលីប ម៉ាស្ដុត ដែលជាអ្នកសម្របសម្រួលផ្នែកកម្មវិធីសិក្សា និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ របស់សាលា បានថ្លែងថា៖

«កម្មវិធី Money Tree មានលក្ខណៈស្របគ្នាយ៉ាងល្អ ប្រសើរជាមួយ និងទស្សនវិជ្ជាអប់រំរបស់សាលា ក្នុងការផ្ដល់ឱកាសឲ្យសិស្សដោះស្រាយបញ្ហាពិត ជាក់ស្ដែងដែលកើតមានឡើងក្នុងពិភពលោកដោយមិនផ្ដោតតែទៅលើទ្រឹស្ដីមួយមុខនោះទេ»។

លោក ហ្វីលីប ម៉ាស្ដុត បានបន្ថែមទៀតថា កម្មវិធីសិក្សានេះ ស្របគ្នាទៅនឹងលទ្ធផលសិក្សាដែលសាលារំពឹងទុកជាពិសេសទាក់ទងនឹងការសម្រេចចិត្ត ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយដោយផ្អែកលើការវិភាគលើគ្រប់ទិន្នន័យដែលមាន ដោយនៅក្នុងនោះតម្រូវឲ្យសិស្សធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ព្រមទាំងសិក្សាពីភាពជោគជ័យ និងកំហុសដែលកើតមានឡើង។

លើសពីនេះទៅទៀត កម្មវិធី Money Tree មានដាក់បញ្ជូលនូវសកម្មភាពដែលបណ្ដុះទម្លាប់ដែលស្របគ្នា និងទម្លាប់នៃការគិតទាំង១៦ ដែលសាលាបានបញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ខ្លួន ជាពិសេសគឺការគ្រប់គ្រងអារម្មណ៍រំជើបរំជួល ឬអន្ទះសាររបស់ខ្លួន ដោយក្នុងនោះសិស្សត្រូវរៀនគ្រប់គ្រងចំណង់ក្នុងការចាយវាយខ្ជះខ្ជាយ របស់ខ្លួនតាមរយៈការថ្លឹងថ្លែង អំពីការតម្រូវការ និងការចង់បាន។

លោក Michael Reyes ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Money Tree ប្រចាំតំបន់អាស៊ី ប៉ា ស៊ីហ្វិក បានលើកឡើងថា វាជាកិត្ដិយសរបស់ក្រុមហ៊ុនលោក ដែលមានឱកាសធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាលាអន្ដរជាតិមួយ ក្នុងចំណោមសាលាអន្ដរជាតិដែលនាំមុខគេក្នុងប្រទេសកម្ពុជា។

លោក Michael Reyes ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Money Tree ប្រចាំតំបន់អាស៊ី ប៉ា ស៊ីហ្វិក

លោកក៏បានបន្ថែមទៀតថា Money Tree តែងតែព្យាយាមរកឱកាស ក្នុងការធ្វើការជាមួយសាលាដែលមានទស្សនវិជ្ជា និងគោលការណ៍ផ្ដោតលើការផ្ដល់គុណភាព អប់រំដែលល្អបំផុតដល់សិស្សានុសិស្ស ហើយនៅក្នុងន័យនេះ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ គឺជាសាលាដំបូងគេក្នុងព្រះរាជណាចក្រកម្ពុជា។

លោកក៏បានលើកឡើងបន្ថែមទៀតផងដែរថា Money Tree ត្រូវបានបង្កើតឡើងដោយផ្អែកលើទស្សនវិជ្ជាដ៏សាមញ្ញមួយ គឺថាចំណេះដឹង ភាពឆ្លាតវ័យផ្នែកហិរញ្ញវត្ថុ ជាទ្រព្យសកម្មមួយដែលមានសារសំខាន់ ប្រសិនបើមនុស្សចង់មានអនាគតផ្នែកហិរញ្ញវត្ថុមួយដែលប្រសើរ ក៏ដូចជាជីវិតដែលចៀសចាកផុតពីក្ដីបារម្ភនានាផ្នែកហិរញ្ញវត្ថុ។

គួរបញ្ជាក់ថា កិច្ចសហការនេះ កើតចេញជារូបរាងខណៈពេលដែលធនាគារជាតិនៃកម្ពុជាបានស្នើឲ្យដាក់បញ្ចូលកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុទៅគ្រប់សាលាទាំងអស់នៅទូទាំងប្រទេស ចាប់ពីឆ្នាំ២០១៩ ប៉ុន្ដែស្របពេលជាមួយគ្នានេះ សាលាអន្ដរជាតិ ស៊ី អាយ អេ ហ្វឺសត៍ បានឈានដើរមួយជំហានមុនរួចទៅហើយ និងកំពុងបន្ដដំណើរទៅមុខលើសពីការរំពឹងទុក។ កិច្ចសហប្រតិបត្តិការនេះ នឹងធានាឲ្យបានថា សិស្សានុសិស្សអាចអភិវឌ្ឍទម្លាប់ល្អ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន ដែលនឹងធ្វើឲ្យមានឥទ្ធិពលជាវិជ្ជមានចំពោះសហគមន៍ទាំងមូល៕

ពិធីប្រកាសដាក់កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុ Money Tree ក្នុងកម្មវិធីសិក្សារបស់ CIA
ពិធីប្រកាសដាក់កម្មវិធីអប់រំចំណេះដឹងហិរញ្ញវត្ថុ Money Tree ក្នុងកម្មវិធីសិក្សារបស់ CIA

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]