ភ្នំពេញ៖ កាលពីថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានផ្សាយថា ប្រធានមន្ទីរពេទ្យវិសាលសុខ បាននាំស្រីក្មេងទៅផ្ទះ ត្រូវប្រពន្ធ យកទាញធុងស្រោច វាយបែកក្បាល។ ព័ត៌មាននេះជាព័ត៌មានមិនពិត ឈ្មោះ ទូច ច័ន្ទរស្មី មិនមែនជាប្រពន្ធរបស់លោក ជា សំអានទេ តែជាដៃគូសហការលើអាជីវកម្មនាំចេញ-នាំចូលទំនិញពីថៃ ដោយមានក្រុមហ៊ុនឈ្មោះ Fresh Beauty Organic Co.,Ltd ដោយមានហ៊ុនពាក់កណ្ដាលម្នាក់។

ជម្លោះរវាងលោកជា សំអាន និង ទូច ច័ន្ទរស្មី គឺកើតចេញពីការសុំបែងចែកភាគហ៊ុន ដោយក្រុមហ៊ុនរួមគ្នានេះ ចាប់ផ្ដើមនៅដើមឆ្នាំ ២០១៧ ដោយដំបូងឈ្មោះ ទូច ច័ន្ទរស្មី ទើបតែស្គាល់ លោក ជា សំអាន នៅអំឡុងខែ ១០ ឆ្នាំ ២០១៦ ។ 

ក្នុងនោះដែរ ពេលស្គាល់គ្នាបានប៉ុន្មានខែ ឈ្មោះ ទូច ច័ន្ទរស្មី បានមកសុំអង្វរឲ្យលោក ជា សំអាន ជួយស្តារក្រុមហ៊ុនដែលកំពុងក្ស័យធន ជំពាក់គេ វ័ណ្ឌក។ បន្ទាប់មកលោក ជា សំអាន បានសម្រេចដាក់ហ៊ុន ៥០ភាគរយ ដោយមានច្បាប់លក្ខន្តិកៈត្រឹមត្រូវ ដោយលោក ជា សំអាន មានហ៊ុន៥០ភាគរយ ទូច ច័ន្ទរស្មី មានហ៊ុន ៥០ភាគរយ។

បន្ទាប់មកក្រុមហ៊ុននោះ បានចាប់ផ្តើមចំណេញប្រហែល១០,០០០ដុល្លារក្នុងមួយខែ។ ក្រុមហ៊ុនចាប់ផ្តើមដំណើរការ និងទទួលប្រាក់ចំណេញច្រើនប្រចាំខែ។ បន្ទាប់មកនៅខែមករា ឆ្នាំ២០១៨ លោកជា សំអាន មានបញ្ហាសុខភាព ហើយត្រូវសម្រាកព្យាបាលមួយរយៈ លុះដល់ចុងខែមករា ឆ្នាំ២០១៨ គាត់ទើបតែបានធូរបន្តិច។ ឈ្មោះ ទូច ច័ន្ទរស្មី ដឹងថា លោក ជា សំអាន មានបញ្ហាសុខភាពត្រង់ក្បាល ហើយក្រុមហ៊ុនកំពុងចំណេញបានច្រើន ក៍ចាប់ផ្ដើមឆ្លៀតឱកាស ចង់កេងប្រវ័ញ្ចយកលុយក្រុមហ៊ុន ឈ្មោះ ទូច ច័ន្ទរស្មី ចាប់ផ្ដើមលាក់បញ្ជីចំណូលចំណាយក្រុមហ៊ុន បិទកាមេរ៉ា លែងអោយលោក ជា សំអាន ដឹងពីស្តុកទំនិញចេញចូល នៅក្រុមហ៊ុន។ 

ក្នុងនោះដែរ លោក ជា សំអាន ក៏ចាប់ផ្ដើមខឹង ហើយនៅថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជា សំអាន បានសុំរំលាយក្រុមហ៊ុនធ្វើការជម្រះបញ្ជី បែងចែកភាគហ៊ុន ដោយលោក ជា សំអាន បានប្រាប់ទៅ ទូច ច័ន្ទរស្មី ថា « ខ្ញុំបានណាត់មេធាវីរួចហើយ នៅថ្ងៃ ច័ន្ទ ទី ១២ ខែកុម្ភៈ ឆ្នាំ ២០១៨ យើងជួបគ្នាដើម្បីចចាររឿងរំលាយក្រុមហ៊ុន»។បន្ទាប់មក ឈ្មោះ ទូច ច័ន្ទរស្មី ចាប់ផ្ដើមខឹង ហើយផ្ញើសារជាសំលេងជេរលោក ជា សំអាន ដោយសារនោះបាននិយាយថា«ចាំខ្លួនយកលុយឲ្យ មិនបាច់ឲ្យអ្នកណាមកយកទេ ចាំយកលុយនោះទៅគប់ក្បាលលោកឯងម៉ង ហើយហៅប៉ូលីសក៍ចាប់ ក៍ចាប់មក”។ នៅល្ងាចថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ជា សំអាន បានទៅទីតាំងផ្ទះលេខ ១០៣៥E០ ផ្លូវលំ បុរីស៊ីរ៉ែនវីឡា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលជាទីតាំងការិយាល័យក្រុមហ៊ុនដើម្បីឆែកបញ្ជី ព្រោះទូច ច័ន្ទរស្មី បានលាក់បញ្ជីមិនឲ្យគាត់ដឹង ចង់កេងប្រវ័ញ្ចលុយក្រុមហ៊ុន។ 

ចាំខ្លួនយកលុយឲ្យ មិនបាច់ឲ្យអ្នកណាមកយកទេ ចាំយកលុយនោះទៅគប់ក្បាលលោកឯងម៉ង ហើយហៅប៉ូលីសក៍ចាប់ ក៍ចាប់មក

ពេល លោក ជាសំអាន ទៅដល់ការិយាល័យក្រុមហ៊ុន ដោយមានគំនុំគុំទុកលើលោកជា សំអាន យូរហើយខ្លាចលោក ជា សំអាន ជម្រះបញ្ជីក្រុមហ៊ុន ឃើញថាខ្លួនបានលួចលុយក្រុមហ៊ុន ព្រោះមុនថ្ងៃ កើតហេតុមួយថ្ងៃ ទូច ច័ន្ទរស្មី បានគំរាម គប់ក្បាលលោក ជា សំអាន ហើយ នៅពេលមានជម្លោះពាក្យសម្ដី ឈ្មោះទូច ច័ន្ទរស្មី បានយកលេសថាលោក ជា សំអាន យកស្រីទៅផ្ទះ ដើម្បីជាលេស។ ឈ្មោះទូច ច័ន្ទរស្មី បានទាញធុងស្រោចផ្កា សំដៅក្បាលលោក ជា សំអាន តែម្ដង ពេលដែលកំពុងឈ្លោះប្រកែកគ្នា ដោយបងប្រុសខ្លួនឈ្មោះ ទូច សុធា ជាអ្នកចាប់លោក ជា សំអាន ផ្ទប់ជញ្ជាំង ធ្វើឲ្យគាត់បែកក្បាលហូរឈាម ហើយបងប្រុសបានដាល់គាត់បន្ថែម នៅពេលដែលគាត់ទន់ជង្គង់។

ដូចនេះករណីនេះ ជាគំនុំរឿងសុំចែកហ៊ុន មិនមែនជាហិង្សាក្នុងគ្រួសារទេ។ ទូច ច័ន្ទរស្មី ព្យាយាមបំភ្លៃសាច់រឿង ដើម្បីគេចពីច្បាប់ តែបញ្ហានេះកំពុងដោះស្រាយតាមនីតិវិធីច្បាប់នៅតុលាការ។

របួសត្រង់ក្បាល របស់លោក ជា សំអាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]